Connect with us

ព័ត៌មានអន្ដរជាតិ

⚠️ ហានិភ័យសង្រ្គាមលោកលើកទី៣៖ សេណារីយ៉ូ៤​នាំពិភពលោកទៅ​មាត់​ជ្រោះមរណៈ​

បានផុស

នៅ

ផ្សែងហុយចេញពីគំនរបាក់បែកនៃវិមានមេដឹកនាំកំពូលនៅទីក្រុងតេហេរ៉ង់ មិនទាន់រលត់នៅឡើយទេ ខណៈពិភពលោកកំពុងទប់ដង្ហើមតាមដានយ៉ាងអន្ទះសារ។ ៥ថ្ងៃបន្ទាប់ពីសង្រ្គាមបានផ្ទុះឡើង ស្ថានភាពមជ្ឈិមបូព៌ាបានផ្លាស់ប្តូរទាំងស្រុង។ ការស្លាប់របស់លោក Ali Khamenei និងការងើបឡើងនៃ «ក្រុមប្រឹក្សាដឹកនាំបណ្តោះអាសន្ន» បានធ្វើ​ឲ្យសង្រ្គាមនេះលែងជាជម្លោះក្នុងតំបន់ទៀតហើយ ប៉ុន្តែវា​ប្រៀប​ដូច​ជា​ឈើគូស​​ហៀប​នឹង​បញ្ចេញ​ផ្កាភ្លើង​​ដុតបញ្ឆេះធុងរំសេវពិភពលោក​ទាំង​មូល។

រូបតំណាង​បង្កើត​ដោយ AI
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញយុទ្ធសាស្ត្រយោធាបានព្រមានអំពី «ចំណុចផ្ទុះ» ចំនួន៤ ដែលអាចរុញច្រានជម្លោះនេះ​ឲ្យ​ទៅជាសង្រ្គាមលោកលើកទី៣៖

១. ការលូកដៃពីមហាអំណាចយក្ស (The Superpower Intervention)

គ្រោះថ្នាក់បំផុតគឺប្រតិកម្មរបស់រុស្ស៊ី និងចិន។ ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ឈានជើងចូលឈ្លានពានអ៊ីរ៉ង់តាមជើងគោកពេញទំហឹង រុស្ស៊ីអាចនឹងបង្ខំចិត្តចេញមុខការពារសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីកុំ​ឲ្យបាត់បង់ឥទ្ធិពលក្នុងតំបន់។ គ្រាន់តែអាវុធការពារអាកាស S-500 របស់រុស្ស៊ីបាញ់ទៅលើយន្តហោះអាមេរិកតែមួយគ្រឿង ឬការបញ្ជូននាវាចម្បាំង​របស់​ចិនទៅ​​បំបែកការបិទខ្ទប់នៅច្រកសមុទ្រ Hormuz នោះមហាអំណាចនុយក្លេអ៊ែរទាំង៣ នឹងត្រូវប្រឈមមុខដាក់គ្នាដោយអាវុធជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

២. អាវុធនុយក្លេអ៊ែរ៖ សន្លឹក​បៀ​ចុងក្រោយ (The Nuclear Wildcard)

ថ្វីដ្បិត​អាមេរិក​កំពុង​មាន​ប្រៀប​លើ​ដែនអាកាសក៏ដោយ ប៉ុន្តែជម្រកនុយក្លេអ៊ែរក្រោមដីរបស់អ៊ីរ៉ង់នៅតែជាអាថ៌កំបាំងដ៏គួរ​ឲ្យ​ខ្លាច។ របាយការណ៍ចារកម្មបានបង្ហាញពីសេណារីយ៉ូដ៏គួរ​ឲ្យ​ខ្លាចមួយគឺ «គោលនយោបាយដុតកម្ទេចផែនដី (Scorched Earth)»។ បើរបបដឹកនាំអ៊ីរ៉ង់មានអារម្មណ៍ថាខ្លួនកំពុងតែដួលរលំ ពួកគេអាចនឹងសម្រេចចិត្តប្រើប្រាស់ «សន្លឹក​បៀ​ចុងក្រោយ» ដោយបាញ់មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ឬគ្រាប់បែកវិទ្យុសកម្ម សំដៅទៅទីក្រុងទែលអាវីវ ឬមូលដ្ឋានទ័ពអាមេរិក។ ក្នុង​ករណី​រឿងនេះកើតឡើងមែន វានឹងបំផ្លាញចោលនូវច្បាប់ហាមឃាត់អាវុធនុយក្លេអ៊ែរដែលមានអាយុកាល​​​៨០​ឆ្នាំមកនេះ ដែលអាចដុតបញ្ឆេះ​ឲ្យ​ប្រទេសមហាអំណាចនុយក្លេអ៊ែរដទៃទៀតជុំវិញពិភពលោក បើកការវាយប្រហារដាក់គ្នាទៅវិញទៅមកមិនឈប់ឈរ។

៣. ខ្សែបន្ទាត់ក្រហមរបស់អង្គការណាតូ (The NATO Tripwire)

សង្រ្គាមនេះបានរីករាលដាលដល់មាត់ទ្វារអឺរ៉ុបទៅហើយ! ថ្មីៗនេះ មានរបាយការណ៍អំពីការវាយប្រហារលើមូលដ្ឋានទ័ពអង់គ្លេសក្នុងប្រទេសស៊ីប ដែលជាចំណុចតភ្ជាប់ដ៏សំខាន់រវាងមជ្ឈិមបូព៌ា និងអឺរ៉ុប។ បើអ៊ីរ៉ង់ ឬដៃជើង​របស់ខ្លួន ហ៊ានវាយប្រហារចំទឹកដីសមាជិកណាតូ ឬទីក្រុងធំណាមួយក្នុងអឺរ៉ុបនោះ ច្បាប់ការពាររួម «មាត្រា ៥» នឹងត្រូវយកមកប្រើប្រាស់។ វានឹងបង្ខំ​ឲ្យប្រទេសចំនួន៣២ រួមមាន អង់គ្លេស បារាំង និងអាល្លឺម៉ង់ ត្រូវចូលរួមក្នុងសង្រ្គាមនេះជាផ្លូវការ។ ត្រឹមតែមួយយប់ សង្រ្គាមនៅតេហេរ៉ង់ នឹងក្លាយទៅជាសង្រ្គាមរវាងអ៊ីរ៉ង់ ជាមួយនិងសម្ព័ន្ធមិត្តបស្ចិមលោកទាំងមូល។

៤. មហន្តរាយសេដ្ឋកិច្ច និងឱកាសនិយម (The Economic Death Spiral)

នៅពេលច្រកសមុទ្រ Hormuz ត្រូវបិទ ហើយតម្លៃប្រេង​អាច​ហក់ឡើងដល់កម្រិតកំណត់ត្រាប្រមាណ១៥០​ដុល្លារ​ក្នុង​មួយ​បារ៉ែល សេដ្ឋកិច្ច​ពិភពលោក​នឹងដាំ​ក្បាល​ចុះខ្លាំងបំផុតមិនធ្លាប់មានតាំងពីសម័យវិបត្តិសេដ្ឋកិច្ចឆ្នាំ​១៩២៩។ ក្នុងស្ថានភាពដែលអាមេរិកកំពុងជាប់ដៃយ៉ាងខ្លាំងនៅមជ្ឈិមបូព៌ា ប្រទេសដទៃទៀតដូចជា កូរ៉េខាងជើង ឬកងកម្លាំង​ចិន​នៅច្រកសមុទ្រតៃវ៉ាន់ អាចនឹងឆ្លៀតឱកាសនេះដើម្បីដោះស្រាយគំនុំទឹកដីចាស់ៗ ខណៈទីក្រុង​វ៉ាស៊ីនតោន​ដែល​គេ​ស្គាល់​ថាជា «ប៉ូលិសពិភពលោក» កំពុងជាប់​រវល់ដក​ខ្លួន​មិនរួច។ បើមានសង្រ្គាមផ្ទុះឡើងព្រមគ្នានៅមជ្ឈិមបូព៌ា អឺរ៉ុបខាងកើត និងអាស៊ីបូព៌ា នោះហើយគឺជា «សង្រ្គាមលោកលើកទី៣»៕

អត្ថបទ​៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម