Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលសម្រេចផ្តល់បណ្ណកម្មសិទ្ធិកាន់កាប់ដីជូនពលរដ្ឋ៩ភូមិ នៅជុំវិញព្រលានយន្តហោះចាស់

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចវាស់វែងធ្វើបណ្ណកម្មសិទ្ធិដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ដែលរស់នៅជុំវិញព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលស្តិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីរាជរដ្ឋាភិបាលបានកសាងព្រលានយន្តហោះថ្មីរួចរាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យដីធ្លីជុំវិញព្រលានយន្តហោះចាស់ជូនប្រជាពលរដ្ឋកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នៅក្នុងបរិវេណវត្តទួលសុភាឃួន លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ បានឱ្យដឹងថា
ការសម្រេចវាស់វែងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋនាពេលនេះ គឺបានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានកសាងព្រលានយន្តហោះថ្មីរួចរាល់ ក៏ដូចជាលែងមានតម្រូវការពង្រីកព្រលានយន្តហោះចាស់តទៅទៀត។

លោក សារិន វណ្ណា បានបន្តថា កន្លងមកដោយសារតែព្រលានយន្តហោះចាស់ មានលក្ខណៈតូចចង្អៀតមិនគ្រប់តាមតម្រូវការបច្ចុប្បន្ននោះ រាជរដ្ឋាភិបាលក៏បានបង្កកដីធី្លជុំវិញព្រលាននេះជាបណ្តោះអាសន្នសិន ប៉ុន្តែពេលនេះលែងមានតម្រូវការទៀតហើយ ដូច្នេះរាជរដ្ឋាភិបាលក៏សម្រេចផ្តល់បណ្ណកម្មសិទ្ធិជូនពលរដ្ឋតែម្តង ហើយការចុះវាស់វែងនេះមានរយៈពេលយ៉ាងយូរ២ខែ នឹងរួចរាល់ទាំងស្រុង ។

លោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ក្នុងនាមប្រជាពលរដ្ឋបានសម្តែងការសាទរ និងសប្បាយរីករាយយ៉ាងខ្លាំងដែរ ដែលរាជរដ្ឋាភិបាលបានសម្រេចផ្តល់កម្មសិទ្ធិដីធី្លជុំវិញព្រលានយន្កហោះចាស់ដែលបានបង្កកកន្លងមកជូនប្រជាពលរដ្ឋ ខណៈពួកគាត់ចង់បានបណ្ណកម្មសិទ្ធិជាយូរមកហើយ។ លោកអភិបាលខណ្ឌសូមអំពាវនាវដល់ប្រពលរដ្ឋទាំងអស់ ត្រូវត្រៀមឯកសារ និងចូលរួមសហការជាមួយមន្ត្រីជំនាញឱ្យបានល្អ និងគ្រប់ៗគ្នា ដើម្បីឱ្យការចុះវាស់វែងប្រព្រឹត្តទៅដោយរលូន និងឆាប់ចប់សព្វគ្រប់តាមការគ្រោងទុក។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣ បានបញ្ជាក់ដែរថា ប្រជាពលរដ្ឋដែលត្រូវទទួលបានបណ្ណកម្មសិទ្ធមានចំនួន៩ភូមិ ដែលរស់នៅជុំវិញព្រលានយន្កហោះចាស់ មានដូចជា ភូមិព្រៃទា១ ភូមិព្រៃទា២ និងភូមិព្រៃជីសាក់ក្នុងសង្កាត់ចោមចៅទី៣, និងភូមិជ្រៃកោង ភូមិចោមចៅ២ ភូមិថ្មគោល១ ភូមិថ្មគោល២ និងភូមិថ្មគោល៣ នៅក្នុងសង្កាត់ចោមចៅទី២, និងមួយភូមិទៀត គឺភូមិត្រពាំងល្វា២ ស្ថិតនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម