Connect with us

ព័ត៌មានអន្ដរជាតិ

​ឥណ្ឌា តវ៉ា​យ៉ាង​ខ្លាំង ចំពោះ​អាមេរិក​ដែល​វាយ​ប្រហារ​​នាវា​ដឹក​ប្រេង​បណ្តាល​​​នាវិក​ឥណ្ឌា​ ៣នាក់​ស្លាប់​

បានផុស

នៅ

​រដ្ឋាភិបាល​​ឥណ្ឌា បាន​ចាប់ផ្តើម​ត​វ៉ា​ខ្លាំង​ចំពោះ​​សហរដ្ឋអាមេរិក ដែល​យោធា​​របស់​អាមេរិក​បាន​បាញ់​ប្រហារ​លើ​កប៉ាល់​ដឹក​ប្រេង​​​​​ចេញ​ពី​ច្រក​​សមុទ្រ​ហ័រមូស​ បណ្តាល​ឲ្យ​នាវិក​ឥណ្ឌា​ចំនួន​៣រូប​ ត្រូវបាន​រាយការណ៍​ថា បាន​ស្លាប់ និង​ជួយសង្គ្រោះ​ដោយ​អូម៉ង់​ច្រើន​នាក់​ទៀត។

​សារ​ព័ត៌មា​ន The Guardian បាន​ផ្សាយ​​​នៅ​​ព្រឹកថ្ងៃទី​​១២​ខែ​មិថុនា​នេះ​ថា រដ្ឋាភិបាល​ឥណ្ឌា​​បាន​​សម្តែង​ការ​តវ៉ា​យ៉ាងខ្លាំង​ បន្ទាប់​ពី​​​នាវិក​​ឥណ្ឌា​៣នាក់​ត្រូវ​បានសម្លាប់​ក្នុង​ការ​វាយ​ប្រហារ​របស់​យោធា​សហរដ្ឋអាមេរិក ប្រឆាំង​​​​​​កប៉ាល់​ដឹក​ប្រេង​ឆ្លងកាត់​ច្រក​ហ័រមូស​។

សារព័ត៌មាន​ Al Jazeera ក៏បានផ្សាយ​អំពី​ រដ្ឋាភិបាល​ឥណ្ឌា​កោះ​ហៅ​​បេសក​ជន​ទូត​​របស់​សហរដ្ឋអាមេរិក​​​ដើម្បី​សួរនាំ​និង​តវ៉ា​។ ​

យោង​តាម​សារព័ត៌មាន BBC ផ្សាយ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៦ នាវា MT Settebello មាន​បំពាក់​​ទង់​ជាតិ Palau ត្រូវបាន​វាយប្រហារ​ កាល​ពីថ្ងៃពុធ បន្ទាប់​ពីយោធាអាមេរិកចោទប្រកាន់​ថា​ ​បំពាន​ការណែ​នាំ​ពីកងកម្លាំងអាមេរិក។ ក្នុង​នាវា​មាន​នាវិក​ឥណ្ឌា​ចំនួន ២៤នាក់​ ក្នុង​នោះ ២១នាក់​ ត្រូវបាន​ជួយ​សង្គ្រោះ។

នាវា MT Settebello ។ រូបភាព៖ News18
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋ​មន្ត្រីក្រសួងដឹក​ជញ្ជូនឥណ្ឌា លោក Sarbananda Sonowal បង្ហោះ​លើ​បណ្តាញ​សង្គម​ X ហៅឧប្បត្តិហេតុនេះ​ថា៖ « ជារឿង​ដ៏​អកុសល​យ៉ាងខ្លាំង! សាកសពរបស់បុរសទាំងបី​នាក់នឹងត្រូវ​នាំយក​ទៅ​​ប្រទេស​វិញ​ក្នុងពេលឆាប់ៗនេះ​»។

បន្ទាប់ពីការវាយប្រហារ​នេះ រដ្ឋាភិបាលឥណ្ឌាបាន​កោះហៅអនុប្រធាន​បេសកកម្មអាមេរិកប្រចាំ​ទីក្រុងដេលី​ ប្រជុំ​បន្ទាន់​។

យោធាអាមេរិក​ចោទប្រកាន់លើ​នាវា​ Settebello ពីបទរំលោភលើការ​បិទផ្លូវ​របស់អាមេរិកដោយព្យាយាម​ដឹកជញ្ជូនប្រេងពីអ៊ីរ៉ង់។

នៅ​ក្នុងការបង្ហោះមួយលើ​បណ្តាញ​សង្គម​ X បញ្ជាការកណ្តាលអាមេរិកនិយាយថា យន្តហោះមួយ​គ្រឿង​បាន​បាញ់គ្រាប់​រំសេវជាក់លាក់ ចូល​ទៅក្នុងបន្ទប់ម៉ាស៊ីន​របស់នាវាដឹកប្រេង បន្ទាប់ពី​ក្រុម​នាវិក​បរាជ័យ​ម្តងហើយម្តងទៀតក្នុងការធ្វើ​តាម​ការណែនាំ។

នាវា​នេះ ​​​ជា​នាវា​ទីពីរ​ដែល​​មាន​ក្រុម​នាវិក​ឥណ្ឌា​​ត្រូវ​បាន​វាយប្រហារ​ពី​សហរដ្ឋអាមេរិក​ក្នុង​​សប្តាហ៍​នេះ។

កាលពីថ្ងៃចន្ទ កងកម្លាំង​សហរដ្ឋអាមេរិកបានវាយប្រហារនាវា Marivex ជា​នាវាដឹកប្រេង​ដែលមានទង់​ជាតិប្រទេស​ Palau ជាមួយក្រុមនាវិកឥណ្ឌា​ក្នុងឈូងសមុទ្រអូម៉ង់ បន្ទាប់ពី​នាវា​មិនបានគោរពតាមការ​ណែនាំរបស់​យោធា​សហរដ្ឋអាមេរិក។ នេះបើយោងតាម​ទី​ភ្នាក់​ងារ Centcom ។

អាជ្ញាធរឥណ្ឌានិយាយថា ក្រុមនាវិក​ទាំង ២៤នាក់​ ត្រូវបាន​ជួយ​សង្គ្រោះដោយ​យោធាអូម៉ង់​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម