Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិហក់ឡើង​កប់ពពក ដល់ជិត ១២០ ដុល្លារ/បារ៉ែល

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​ហក់ឡើងកប់ពពកជិត ៣០% ពេលបើកការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទ (៩ មីនា) នេះ ដល់ជិត ១២០ ដុល្លារ/បារ៉ែល ដោយសារតែផលប៉ះពាល់ផ្នែកផ្គត់ផ្គង់ដែលបណ្ដាលមក​ពី​ភាពតានតឹងនៃជម្លោះរវាងអ៊ីស្រាអែល/សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បាន​កើនឡើង ២៥,៩១ ដុល្លារ/បារ៉ែល ឬ ២៧,៩៥% ដល់ ១១៨,៦ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ១០​ កន្លះ​ ព្រឹក​ នៅទីក្រុងហុងកុង។ ដោយឡែកតម្លៃប្រេងអាមេរិក ម៉ាក WTI វិញ បាន​កើនឡើង ២៧,២៦ ដុល្លារ​ ឬ ២៩,៩៩% ដល់ប្រមាណ ១១៨,៧ ដុល្លារ/បារ៉ែល។​

តម្លៃប្រេង Brent កើនឡើង ២៧% និង WTI កើនឡើង ៣៥,៦% រួចទៅហើយ សម្រាប់ការជួញដូរ​នៅ​សប្ដាហ៍មុន។ ​

អ្នកវិភាគទីផ្សារបាន​គូសបញ្ជាក់ថា ការហក់ឡើងនៃតម្លៃប្រេងអន្តរជាតិនាពេលនេះ កើតឡើងបន្ទាប់ពីការរីករាលនៃជម្លោះអ៊ីស្រាអែល/អាមេរិក និងអ៊ីរ៉ង់ បាន​បណ្ដាលឱ្យ​បណ្ដាប្រទេសផលិតប្រេងធំៗនៅតំបន់មជ្ឈិមបូព៌ា កាត់បន្ថយការផ្គត់ផ្គង់ ​ខណៈមានកង្វល់ពីការអូសបន្លាយនៃការបិទច្រកសមុទ្រហ័រមូហ្ស ដែល​​រួមចំណែកដល់ការដឹកជញ្ជូនប្រេង ២០% នៃតម្រូវការសកល។ ​

អ៊ីរ៉ាក់ និង​គុយវ៉ែត​បាន​ចាប់ផ្តើម​កាត់​បន្ថយ​ផលិតកម្ម​​ប្រេង ​ក្រោយកាតាបាន​ផ្អាកការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ​ ​ដោយសារតែផលប៉ះពាល់លើ​ការ​ដឹកជញ្ជូន​ពី​មជ្ឈិមបូព៌ា។ អ្នកទីផ្សារខ្លះរំពឹងថា អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ក៏អាចកាត់បន្ថយផលិតកម្មភ្លាមៗផងដែរ នៅពេលពួកគេអស់កន្លែងស្តុកប្រេង។

​អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា សង្រ្គាមនៅមជ្ឈិមបូព៌ាបច្ចុប្បន្ន ​អាច​ធ្វើ​ឱ្យ​អ្នកប្រើប្រាស់ និង​អាជីវកម្ម​នានា​នៅ​ទូទាំង​ពិភពលោក​ប្រឈម​មុខ​នឹង​ការហក់ឡើងនៃតម្លៃ​ប្រេង​​​ជា​ច្រើន​សប្តាហ៍ ឬ​ច្រើន​ខែ ទោះបីជា​ជម្លោះ​រយៈពេល​មួយ​សប្តាហ៍​នេះ​បញ្ចប់​យ៉ាង​ឆាប់រហ័ស​ក៏ដោយ។ ការណ៍នេះ ​កើតឡើងដោយសារតែ​​​អ្នកផ្គត់ផ្គង់​ប្រឈមមុខ​នឹង​ការខូចខាត​គ្រឿងបរិក្ខារ​​ រំខាន​ដល់​ភស្តុភារ និង​ហានិភ័យ​ផ្សេងៗ​ខ្ពស់​ចំពោះ​ការ​ដឹកជញ្ជូន។

យុទ្ធនាការសងសឹករបស់អ៊ីរ៉ង់ ដែលរួមបញ្ចូលទាំងការវាយប្រហារលើ​ហេដ្ឋារចនាសម្ព័ន្ធប្រេងនៅទូទាំងតំបន់មជ្ឈិមបូព៌ានៅតែបន្ត។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ Fujairah បាននិយាយថា អគ្គិភ័យបានឆាបឆេះ​ក្នុងតំបន់ឧស្សាហកម្មប្រេង Fujairah របស់​អារ៉ាប់រួម​ ដែលបណ្តាលមកពីកម្ទេចកម្ទីដ្រូនធ្លាក់មកលើ​។ ក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតឯណោះវិញ បាន​បង្ហោះនៅលើបណ្ដាញសង្គម X ថា ខ្លួនបានស្ទាក់ចាប់ដ្រូន ១ គ្រឿង ដែលធ្វើដំណើរឆ្ពោះទៅកាន់វាលប្រេង Shaybah។

មកទល់ថ្ងៃចន្ទនេះ ភាពតានតឹងមិនទាន់បាន​ស្រាកស្រាន្តគួរកត់សម្គាល់នោះទេ ដោយគ្មានការរំពឹងទុកពីដំណោះស្រាយសន្តិភាព ឬលទ្ធភាពនៃការចរចាណាមួយ ខណៈអ៊ីរ៉ង់តែងតាំងមេដឹកនាំកំពូលថ្មី លោក Mojtaba ​Khamenei ​ឱ្យជំនួសលោក​ Ali ⁠Khamenei ​ដែលជាឪពុក និងត្រូវបាន​សម្លាប់ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល/អាមេរិក ដែលចាប់ផ្ដើមនៅថ្ងៃទី ២៨ កុម្ភៈ។

អ្នកជំនាញខ្លះបាន​លើកឡើងថា តម្លៃប្រេងអាចនឹង​បន្តហក់ឡើងខ្ពស់ប្រសិនបើស្ថានការណ៍មិនស្រាកស្រាន្ត ដោយអាចដល់ ១២០ ឬ ១៣០ ដុល្លារ/បារ៉ែល ឬក៏ ១៥០ ដុល្លារ/បារ៉ែល ផងក៏ថាបាន​។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម