Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ អង្គការរណសិរ្សកម្ពុជា-វៀតណាម នឹងបន្តពង្រឹងការអប់រំ និងផ្សព្វផ្សាយឲ្យប្រជាជនយល់ដឹងអំពីសារៈសំខាន់ នៃការរក្សា និងអភិវឌ្ឍន៍‎ខេត្តនិញប៊ិញ

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងថា អង្គការរណសិរ្សរបស់ប្រទេសកម្ពុជា-វៀតណាម នឹងបន្តពង្រឹងការអប់រំ និងផ្សព្វផ្សាយឲ្យប្រជាជន ជាពិសេសយុវជន យល់ដឹងអំពីសារៈសំខាន់នៃការរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព ប្រកបដោយចីរភាព រវាងកម្ពុជា និងវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលជួបសំណេះសំណាលនិងពិភាក្សារការងារជាមួយលោក ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ នៅទីស្នាក់ការបក្សខេត្តនិញប៊ិញ កាលពីព្រឹកថ្ងៃអាទិត្យ ៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។

មានប្រសាសន៍ក្នុងពិធីនោះ លោក ជិន ហ៊ួនទួន (Tran Huy Tuan) បានចែករំលែកអំពីដំណើរការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលខេត្តនិញប៊ិញ ក្នុងរយៈពេលកន្លងមក ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ខេត្តនិញប៊ិញថ្មី ត្រូវបានបង្កើតឡើងពីការរួមបញ្ចូលគ្នានៃខេត្ត ហាណាម និញប៊ិញ និងណាមឌិញ។ ខេត្តនេះ មានទីតាំងយុទ្ធសាស្ត្រសំខាន់ក្នុងបណ្ដោយសេដ្ឋកិច្ចភាគខាងជើង–ត្បូង មានធនធានធម្មជាតិអំណោយផល និងមានតំបន់ទេសភាពស្រស់ស្អាតជាច្រើន ដែលអាចអភិវឌ្ឍន៍បានយ៉ាងចម្រុះ និងប្រកបដោយចីរភាព។

‎លោកបានបញ្ជាក់ថា វៀតណាម និងកម្ពុជា ជាប្រទេសជិតខាងមានទំនាក់ទំនងជិតស្និទ្ធយូរអង្វែង។ ក្នុងអំឡុងពេលប្រយុទ្ធដើម្បីឯករាជ្យ និងអភិវឌ្ឍន៍ប្រទេស ប្រជាជនទាំងពីរបានគាំទ្រ និងជួយគ្នាទៅវិញទៅមកយ៉ាងស្មោះត្រង់។ ទំនាក់ទំនងមិត្តភាពប្រពៃណីនេះ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលត្រូវបានបន្តរក្សា និងអភិវឌ្ឍន៍ដោយមនុស្សជំនាន់ជាច្រើន។

លោកបានបន្ថែមថា អាជ្ញាធរ និងប្រជាជនខេត្តនិញប៊ិញ តែងតែគោរព និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ហើយមានបំណងចូលរួមបន្ថែម ក្នុងការពង្រឹងសាមគ្គីភាព និងមិត្តភាពឲ្យកាន់តែជ្រាលជ្រៅ និងមានប្រសិទ្ធភាព។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំខេត្តនិញប៊ិញ និងបានអបអរសាទរចំពោះការអភិវឌ្ឍរបស់ខេត្តក្នុងរយៈពេលកន្លងមក។ សម្តេច បានចាត់ទុកបទពិសោធនេះ ជាមេរៀនសំខាន់សម្រាប់កម្ពុជា ក្នុងការកែទម្រង់រដ្ឋបាល។

‎សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអបអរសាទរចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់វៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយអគ្គលេខាធិការ តូ ឡឹម។

សម្តេចក៏បានបញ្ជាក់ថា អង្គការរណសិរ្សរបស់ប្រទេសទាំងពីរ នឹងបន្តពង្រឹងការអប់រំ និងផ្សព្វផ្សាយឲ្យប្រជាជន ជាពិសេសយុវជន យល់ដឹងអំពីសារៈសំខាន់នៃការរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព ប្រកបដោយចីរភាព រវាងកម្ពុជា និងវៀតណាម៕
អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម