Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ពុទ្ធាភិសេក «ព្រះវិស្ណុគង់ លើ ស្ដេចគ្រុឌ» ដើម្បីបួងសួងសុំសេចក្តីសុខ សន្តិភាព ត្រជាក់ត្រជំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រារព្ធពិធីពុទ្ធាភិសេកព្រះបដិមា «ព្រះវិស្ណុគង់ លើ ស្ដេចគ្រុឌ» ស្ថិតនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ ឬរង្វង់មូលអតីតព្រលានយន្តហោះអន្តរជាតិសៀមរាប ដើម្បីបួងសួងសុំសេចក្តីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ កាលពីព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីនេះផងដែរ ក៏បានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ហ៊ុន ស៊ីណាត, លោកស្រី ហង់ ភារី អ៊ឹមសិទ្ធី, លោកស្រី ឆាយ ស៊ីណា ជីវកេង, លោក ប្រាក់ សោភណ្ឌ និងលោកស្រី, លោក មាន ចាន់យ៉ាដា, លោកអ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា គៀន ស្រីនៀង, លោកស្រី នេត្រ ភូម៉ារី, លោកស្រី អ៊ឹង មុយគាង, ព្រមទាំង លោកជំទាវភរិយាថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករ។

គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ និង រដ្ឋបាលខេត្តសៀមរាប បានសហការគ្នារៀបចំពិធីមង្គលបួងសួងសុំយាង «ព្រះវិស្ណុគង់ លើ ស្ដេចគ្រុឌ» ដង្ហែចេញពីទឹកដីខេត្តឧត្ដរមានជ័យ មកកាន់ទីតាំងដើមនេះវិញ។ «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» មិនត្រឹមតែជារូបសំណាកសក្ការៈនោះទេ ប៉ុន្តែគឺជាដួងព្រលឹងដែលនាំមកនូវសេចក្តីសុខសន្តិភាព និងភាពត្រជាក់ត្រជំដល់ទឹកដី និងប្រជារាស្ត្រខ្មែរ។ រូបសំណាកនេះ ត្រូវបានដកចេញ និងជំនួសរូបសំណាក ព្រះបាទជ័យវរ្ម័នទី៧ នៅអំឡុងឆ្នាំ២០១០ ឬ២០១១ ដោយរូបសំណាកនេះត្រូវបានយកទៅដាក់នៅក្បែរ រង្វង់មូលរដ្ឋបាលខេត្តឧត្តរមានជ័យ។

យោងតាមឯកសារនានា បានរៀបរាប់នូវដំណើររឿងព្រះវិស្ណុ ឬព្រះនារាយណ៍ គង់ប្រថាប់ គង់លើ ស្ដេចគ្រុឌជាយានជំនិះ គឺមានប្រវត្តិទាក់ទងនឹងការសន្យា និងការគោរពចំពោះ ឫទ្ធានុភាព របស់គ្នាទៅវិញទៅមក ក្នុងទេវកថាព្រហ្មញ្ញសាសនា។ ចំណែកឯនៅក្នុងវប្បធម៌ និងសិល្បៈខ្មែរយើង ទម្រង់ “ព្រះនារាយណ៍គង់លើគ្រុឌ” គឺជាតំណាងដ៏មានឥទ្ធិពលបំផុតមួយ ចាប់តាំងពីសម័យមុនអង្គរ អង្គរ រហូតមកដល់បច្ចុប្បន្ន ចំណែកឯក្នុង សិល្បៈចម្លាក់ យើងតែងសង្កេតឃើញរូបចម្លាក់នេះនៅលើហោជាង ផ្តែរ ឬតាមជ្រុងនៃប្រាសាទបុរាណនានា (ដូចជានៅប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី និងប្រាសាទព្រះខ័នជាដើម)។ គ្រុឌច្រើនតែបង្ហាញខ្លួនក្នុងទម្រង់ឈរយ៉ាងរឹងមាំ ដៃទាំងពីរលើកត្រកង ឬទ្រព្រះបាទរបស់ព្រះនារាយណ៍ ដែលកំពុងឈរ ឬគង់ភ្នែនពីលើ ដៃកាន់អាវុធទិព្វ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបួងសួង ថ្វាយព្រះពរជ័យ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមហាក្សត្រី ជា សម្តេចម៉ែ សម្តេចយាយ សម្តេច យាយទួត មុនីនាថ សីហនុ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជាប្រធានគណបក្ស ប្រជាជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំង ប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបសេចក្តីសុខ សេចក្តីចម្រើន គ្រប់ក្រុមគ្រួសារ។ ជាពិសេស សូមឱ្យប្រទេសជាតិ ជៀសផុតនូវជំងឺឧបទ្រពចង្រៃ គ្រោះធម្មជាតិនានា សម្បូរនូវទេសចរ មានសេដ្ឋកិច្ចរីកចម្រើន សូមប្រសិទ្ធិពរជ័យដល់កងកម្លាំងប្រដាប់អាវុធជួរមុខ និង នាំមកនូវសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ៕
អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម