ព័ត៌មានជាតិ
ឆ្លងកាត់បទពិសោធន៍រៀបចំផ្ទះត្រចៀកកាំ ៨ ឆ្នាំ លោក ហ៊ាង រ៉ាស៊ី ឈានទៅបង្កើតសិប្បកម្មផលិតទឹកត្រចៀកកាំ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក
ទឹកត្រចៀកកាំ ដុកទ័រ រ៉ាស៊ី ត្រូវបានផលិតនិងវេចខ្ចប់ដោយគ្រួសារលោកវេជ្ជបណ្ឌិត ហ៊ាង រ៉ាស៊ី ដែលមានទីតាំងនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ។
ក្រោយឆ្លងកាត់បទពិសោធន៍ដើររៀបចំបច្ចេកទេសផ្ទះត្រចៀកកាំរយៈពេល ៨ ឆ្នាំ លោកវេជ្ជបណ្ឌិត ហ៊ាង រ៉ាស៊ី បានឈានទៅបង្កើតសិប្បកម្មផលិតទឹកត្រចៀកកាំ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

លោក ហ៊ាង រ៉ាស៊ី បានប្រាប់ថា ទឹកត្រចៀកកាំ ដុកទ័រ រ៉ាស៊ី ត្រូវបានផលិតនិងវេចខ្ចប់នៅក្នុងប្រទេសកម្ពុជាពិតប្រាកដ ដែលមានទីតាំងនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ ម្ចាស់អាជីវកម្មរូបនេះអះអាងថា ដោយសារលោកមានផ្ទះត្រចៀកកាំខ្លួនឯងផ្ទាល់ និងមានបទពិសោធន៍ដើររៀបចំបច្ចេកទេសផ្ទះត្រចៀកកាំជាច្រើនឆ្នាំ ធ្វើឲ្យលោកងាយស្រួលក្នុងការប្រមូលទិញវត្ថុធាតុដើមក្នុងការផលិត។
សិប្បកម្មរបស់លោកហ៊ាង រ៉ាស៊ី ទើបតែចាប់ផ្តើមដំណើរការបានប្រហែល ២ ខែ។ លោក ហ៊ាង រ៉ាស៊ី បានរៀបរាប់ពីដំណើរការសិប្បកម្មរបស់លោក ប្រើប្រាស់ម៉ាស៊ីនបច្ចេកវិទ្យាទំនើបនាំចូលពីក្រៅប្រទេសដែលប្រើសីតុណ្ហភាពរហូតដល់ ១២១ អង្សាសេដើម្បីសម្លាប់មេរោគ ដែលអនុញ្ញាតឱ្យទឹកត្រចៀកកាំអាចរក្សាទុកបានរហូតដល់រយៈពេល ១ ឆ្នាំដោយសុវត្ថិភាពមិនចាំបាច់ក្លាសេ។

ទឹកត្រចៀកកាំដុកទ័ររ៉ាស៊ីមានសាច់ត្រចៀកកាំខាប់ល្អ មានរសជាតិឈ្ងុយ និងមានក្លិនស្ករត្នោតតិចៗ។ ចំណុចពិសេសគឺការប្រើប្រាស់ស្ករក្រាមសុទ្ធជំនួសឲ្យស្ករស ដែលទទួលទានទៅមិនធ្វើឲ្យក្ដៅក និងមិនសូវឡើងជាតិស្ករឡើយ។
លោក ហ៊ាង រ៉ាស៊ី បានលើកឡើងពីគុណប្រយោជន៍នៃការទទួលទានទឹកត្រចៀកកាំល្អសម្រាប់មនុស្សគ្រប់វ័យ រួមមានកុមារ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានសារពាង្គកាយចុះខ្សោយ ខណៈផលិតផលទឹកត្រចៀកកាំរបស់លោកសូម្បីតែអ្នកមានជំងឺទឹកនោមផ្អែម ក៏អាចទទួលទានបានផងដែរ។
សមត្ថភាពផលិតទឹកត្រចៀកកាំសិប្បកម្មលោក ហ៊ាង រ៉ាស៊ី មួយថ្ងៃអាចផលិតបានប្រមាណ ១ ០០០ ដប។ ម្ចាស់សិប្បកម្ម លោក ហ៊ាង រ៉ាស៊ី បញ្ជាក់ថា បច្ចុប្បន្នផលិតផលទឹកត្រចៀកកាំរបស់លោក ភាគច្រើនផ្គត់ផ្គង់តែទីផ្សារក្នុងខេត្តក្រចេះ និងតាមម៉ាតមួយចំនួន។

លោក ហ៊ាង រ៉ាស៊ី បន្តថា ផលិតផលទឹកត្រចៀកកាំរបស់លោកបានចុះបញ្ជីការត្រឹមត្រូវ មានចុះឡូហ្គោ និងប្រើប្រាស់លេខកូដទំនិញរបស់កម្ពុជា (884)។
ផលិតផលទឹកត្រចៀកកាំដុកទ័ររ៉ាស៊ី មានដបធំចំណុះ ១៨៥ មីលីលីត្រ ដែលលក់ក្នុងតម្លៃ ១០ ០០០ រៀល ខណៈដបតូចចំណុះ ៧៥ មីលីលីត្រ លក់ក្នុងតម្លៃ ៦ ០០០ រៀល។
ខណៈទីផ្សារមិនទាន់ពង្រីកបានទូលំទូលាយ ម្ចាស់អាជីវកម្មលោក ហ៊ាង រ៉ាស៊ី មានគោលបំណងធំក្នុងការផ្ដាច់ការនាំចូលផលិតផលពីបរទេសដោយជំរុញផលិតផលក្នុងស្រុក ខណៈលោកមានគម្រោងនាំចូលម៉ាស៊ីនបន្ថែមដើម្បីពង្រីកការផលិតផ្គត់ផ្គង់ទីផ្សារទូទាំងប្រទេស។
លោក ហ៊ាង រ៉ាស៊ី បានបញ្ជាក់ថា ផលិតផលទឹកត្រចៀកកាំដុកទ័ររ៉ាស៊ី របស់លោកក៏គ្រោងនឹងនាំយកទៅតាំងបង្ហាញនៅក្នុងពិព័រណ៍ផលិតផលខ្មែរនៅកោះពេជ្រនៅប៉ុន្មានថ្ងៃទៀតនេះ ខណៈលោកមើលឃើញថាក៏ជាឱកាសក្នុងការផ្សព្វផ្សាយផលិតផលសិប្បកម្មរបស់លោកក្នុងការកសាងកេរ្តិ៍ឈ្មោះ អាចឈានទៅពង្រីកទីផ្សារបន្ថែមទៀតនៅពេលអនាគត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


