Connect with us

ព័ត៌មានជាតិ

គម្រោងវិនិយោគក្រោម​ទុន​ប្រមាណ​ជាង ១ ពាន់​ លាន​ដុល្លារ ​ទទួល​បាន​ការ​ជំរុញ​វិនិយោគ​ក្នុង​ខេត្តក្រចេះ

បានផុស

នៅ

ខេត្តក្រចេះទទួល​បាន​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុនធំៗ ដែល​មាន​សកម្មភាព​វិនិយោគ​លើ​វិស័យសំខាន់ៗ​មាន​ឧស្សាហកម្ម កសិកម្ម និងថាមពល។

បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តទាំងបួនក្នុងភូមិភាគឦសានគិតមកដល់បច្ចុប្បន្ន ខេត្តក្រចេះទទួលបានការស្នើសុំពីក្រុមហ៊ុនចំនួន ១៧ ក្រុមហ៊ុន លើ​គម្រោងវិនិយោគចំនួន ១៧​ គម្រោង ក្រោម​ទុនវិនិយោគចំនួន ១.០៧១ លាន​ដុល្លារលើទំហំផ្ទៃដីសរុប ៤០.៨១២ ហិកតា ដោយស្រូបទាញយកនូវកម្លាំងពលកម្មកម្មករសរុប ២៥.២៣១នាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាព​វិនិយោគរួមមាន៖ កសិកម្ម, កសិ-ឧស្សាហកម្ម, រោងចក្រផលិតស៊ីម៉ង់, កំពង់ផែពហុបំណង, សុខាភិបាល, ទេសចរណ៍ និងការបណ្តុះបណ្តាលធនធានមនុស្ស ដែល​កំពុងដំណើរការយ៉ាងរលូន ក្រោមការគាំទ្រនិងសម្រួលពីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមហ៊ុនវិនិយោគ។ នេះយោងតាមការលើកឡើងពីលោក ស្រេង សុភាព អភិបាលខេត្តស្តីទី នៃ​គណៈអភិបាលខេត្តក្រចេះ នាពេលថ្មីៗកន្លងទៅនេះក្នុងឱកាសពិធីបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវលេខ ២៦០​បេ ៧អា ដែលមានប្រវែង ៨០ គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូ DBST ចាប់ពីរោងចក្រស៊ីម៉ង់ត៍ នៅស្រុកសំបូរ តភ្ជាប់ទៅកំពង់ផែពហុបំណង ស្ថិតនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

លោកបានឲ្យដឹងបន្ថែមថា កម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តទាំងបួនក្នុងភូមិភាគឦសាន ខេត្តក្រចេះ ទទួលបានការស្នើសុំពីក្រុមហ៊ុន ១៧ក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ុនដាស្ត្រី ឯ.ក បានចូលរួមយ៉ាងសកម្ម ស្របតាមគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលកំណត់ “ផ្លូវ” ជាអាទិភាពគន្លឹះមួយក្នុងចំណោមអាទិភាពទាំង ៥។

គម្រោងខាងលើនេះ នឹងជួយលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការវិនិយោគរបស់ក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាស្រី ឯ.ក ដែលបានមកវិនិយោគនៅក្នុងខេត្តក្រចេះ បង្កើតនូវរោងចក្រផលិតស៊ីម៉ង់ត៍ (ដែលពុំធ្លាប់មានពីមុនមក) ហើយបានបង្កើតទីផ្សារការងារ និងលើកកម្ពស់សេដ្ឋកិច្ចជាតិ ខេត្ត ស្រុក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានការរីកចម្រើនជាលំដាប់៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម