Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែលយល់ព្រមផ្អាកបាញ់ជាមួយអ៊ីរ៉ង់ តែថា «សមរភូមិនៅលីបង់ មិនឈប់ដាច់ខាត»

បានផុស

នៅ

រដ្ឋាភិបាលអ៊ីស្រាអែល ទើបតែបានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយប្រកាសគាំទ្រការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការផ្អាកការវាយប្រហារលើប្រទេសអ៊ីរ៉ង់រយៈពេល២សប្តាហ៍។ យ៉ាង​ណាមិញ អ្វីដែលជាចំណុចរសើបបំផុត និងគួរ​ឲ្យ​បារម្ភបំផុតនោះ គឺអ៊ីស្រាអែលបានសង្កត់ធ្ងន់យ៉ាងច្បាស់ថា បទឈប់បាញ់នេះមិនរាប់បញ្ចូលទឹកដីលីបង់នោះឡើយ។ នេះ​បើយោង​តាម​ការ​ចុះផ្សាយ​របស់សារព័ត៌មាន BBC នា​ថ្ងៃពុធ​ទី​៨​ខែមេសា​ឆ្នាំ​២០២៦​។

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដី​ថ្លែងការណ៍​អ៊ីស្រាអែល ​មានន័យថា ទោះបីជាមេឃនៅអ៊ីរ៉ង់អាចនឹងស្រឡះបន្តិច ប៉ុន្តែគ្រាប់បែក និងសង្គ្រាមនៅក្នុងប្រទេសលីបង់ នៅតែបន្តឆេះរោលរាលដដែល ដោយគ្មានការលើកលែង។

នៅក្នុងលក្ខខណ្ឌនៃការផ្អាកបាញ់គ្នានេះ អ៊ីស្រាអែលចង់ឃើញអ៊ីរ៉ង់បើកច្រកសមុទ្រឡើងវិញជាបន្ទាន់ និងបញ្ឈប់រាល់ការយាយីទាំងឡាយមកលើខ្លួន និងសម្ព័ន្ធមិត្តអាមេរិក។ ជាមួយគ្នានេះ អ៊ីស្រាអែលក៏បានដាក់កិច្ចការធំ​ឲ្យ​អាមេរិកជួយដោះស្រាយនៅក្នុងតុចរចាផងដែរ គឺត្រូវធ្វើយ៉ាងណា​ឲ្យ​អ៊ីរ៉ង់បោះបង់ចោលមហិច្ឆតាអាវុធនុយក្លេអ៊ែរ និងអាវុធមីស៊ីលដែលជាការគំរាមកំហែងដល់អ្នកជិតខាង។ សហរដ្ឋអាមេរិកបានសន្យាជាមួយអ៊ីស្រាអែលថា នឹងយកសំណើទាំងនេះទៅដោះស្រាយ​ឲ្យ​ខាន​តែបាន នៅក្នុងការចរចាដែលត្រៀមនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។

សរុបមកវិញ បើទោះបីជាពិភពលោកមើលឃើញសញ្ញាវិជ្ជមានខ្លះរវាងមហាអំណាចអាមេរិក និងអ៊ីរ៉ង់ ក៏ពិតមែន ប៉ុន្តែស្ថានភាពនៅប្រទេសលីបង់នៅតែស្ថិតក្នុងភាពគ្រោះថ្នាក់បំផុត។ ការដែលអ៊ីស្រាអែលមិន​ព្រម​ផ្អាកបាញ់នៅលីបង់ បង្ហាញ​ឲ្យ​ឃើញថា ប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមដែលអ៊ីរ៉ង់បង្កប់នៅទីនោះ នឹងនៅតែបន្តធ្វើឡើងយ៉ាងចាស់ដៃ ដែលធ្វើ​ឲ្យ​សន្តិភាពពេញលេញនៅក្នុងតំបន់មជ្ឈិមបូព៌ា នៅតែជារឿងដ៏សែនឆ្ងាយនៅឡើយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម