Connect with us

ព័ត៌មានជាតិ

ករណី​បាត់ដើម​អាកាស្យ៉ានៅក្បែរដំបន់ទេសចរភ្នំជីសូរ មន្ត្រី​ និងអាជ្ញាធរអះអាងថាមិនដឹងរឿង

បានផុស

នៅ

ករណីកាប់ដើមអាកាស្យ៉ា​នៅតំបន់ទេសចរភ្នំជីសូរ ស្រុកសំរោង កំពុងក្លាយជាបញ្ហាដែលទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន បន្ទាប់ពីមានការចែករំលែករូបភាពបង្ហាញពីដើមឈើត្រូវបានកាប់សល់តែគល់ ដោយលោកបណ្ឌិត ម៉ុង រិទ្ធី កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរខេត្តតាកែវ បានអះអាងនៅថ្ងៃទី២០ ខែមេសា នេះថា លោកមិនបានដឹងជាមុនអំពីសកម្មភាពកាប់ដើមអាកាស្យ៉ានោះទេ។ ទោះបីមានព័ត៌មានអំពីគម្រោងវិនិយោគអភិវឌ្ឍន៍នៅតំបន់នេះក៏ដោយ ប៉ុន្តែមន្ទីររបស់លោកមិនទទួលបានឯកសារច្បាប់ ឬអាជ្ញាប័ណ្ណពាក់ព័ន្ធណាមួយឡើយ។ បន្ទាប់ពីកើតហេតុ លោកបានចូលរួមចុះពិនិត្យជាមួយក្រុមការងារខេត្ត ហើយរកឃើញថា ដើមអាកាស្យ៉ាជាច្រើនត្រូវបានកាប់អស់។ លោកក៏ណែនាំឲ្យសារព័ត៌មានសួរព័ត៌មានបន្ថែមពីអ្នកនាំពាក្យសាលាខេត្ត ដើម្បីទទួលបានការបំភ្លឺច្បាស់លាស់។

ទោះជាយ៉ាងណា អ្នកនាំពាក្យសាលាខេត្តតាកែវ លោក លី សាវ៉េត មិនអាចទាក់ទងសុំការបំភ្លឺបាននៅថ្ងៃដដែលនេះ ខណៈអាជ្ញាធរមូលដ្ឋានបានអះអាងថា ពួកគេគ្រាន់តែដឹងអំពីគម្រោងអភិវឌ្ឍន៍ ប៉ុន្តែមិនធ្លាប់ឃើញឯកសារច្បាប់ ឬអាជ្ញាប័ណ្ណពាក់ព័ន្ធនោះឡើយ។

ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ថា ការកាប់ដើមអាកាស្យ៉ាអាចពាក់ព័ន្ធនឹងបុគ្គលឈ្មោះ ជា បូរិទ្ធ និងលោក ជឹម សុវណ្ណរិទ្ធ សមាជិកក្រុមប្រឹក្សាឃុំរវៀង។ ទោះយ៉ាងណា លោក ជឹម សុវណ្ណរិទ្ធ បានបដិសេធថា លោកគ្រាន់តែចុះត្រួតពិនិត្យការងារប៉ុណ្ណោះ ហើយអះអាងថា មានច្បាប់អនុញ្ញាត ប៉ុន្តែមិនអាចបង្ហាញឯកសារបាន។

ចំណែក​លោក កៅ វគ្កសែល អភិបាល​ស្រុក​សំរោង​បានឲ្យដឹងនៅថ្ងៃទី២០មេសា នេះដែរថា លោកបានបញ្ជាទៅលោកមេឃុំរវៀង និងមេឃុំស្លា ចុះស្រាវជ្រាវធ្វើរបាយការណ៍​ដើម្បី​ឆ្លើយតបនឹងសំណេររបស់លោកបណ្ឌឹត ម៉ុង រិទ្ធី ករណី​អស់​ដើម​អាកាស្យ៉ានៅដំបន់ទេសចរភ្នំជីសូរ។​

សូមរំលឹកថា លោកបណ្ឌិត ម៉ុង រិទ្ធី កាលពីពេលថ្មីៗនេះបានលើកឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា ក្នុងឆ្នាំ១៩៩៥-១៩៩៦ លោកធ្លាប់ចូលរួមអភិវឌ្ឍតំបន់ភ្នំជីសូរ ដោយដាំដើមអាកាស្យ៉ាជាង ៦០,០០០ ដើម។ ប៉ុន្តែការចុះពិនិត្យថ្មីៗនេះ បានរកឃើញថា ដើមឈើជាច្រើនត្រូវបានបាត់បង់នៅសល់តែគល់។

លោកបណ្ឌិត ម៉ុង រិទ្ធី បានចោទជាសំនួរថា តើដើមឈើទាំងនោះ ត្រូវបានដុតចោល ឬលក់ចេញ? ប្រសិនបើលក់ តើអ្នកណាជាអ្នកចាត់ចែង ហើយប្រាក់ដែលទទួលបាន ត្រូវបានប្រើប្រាស់យ៉ាងដូចម្តេច? លោកបានបញ្ជាក់ថា លោកមិនមានការជំទាស់ចំពោះការអភិវឌ្ឍន៍នោះទេ ប៉ុន្តែស្នើឲ្យមានភាពច្បាស់លាស់ និងការបកស្រាយពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ដើម្បីជាគំរូល្អសម្រាប់ជំនាន់ក្រោយ មិនឲ្យកើតមានការរមេីលគុណនៃការខិតខំរបស់មនុស្សជំនាន់មុន។ ពាក់ព័ន្ធនឹងបញ្ហានេះ សាធារណជនបានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធចេញមុខបកស្រាយ និងបង្ហាញភាពច្បាស់លាស់ ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍមានតម្លាភាព៕

​អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម