Connect with us

កីឡា

សហព័ន្ធ​បាល់ទាត់​អាស៊ី សម្រេច​លើក​ពេល​ប្រកួត​វគ្គ​ជម្រុះ AFC Cup 2021 ទៅ​ខែមិថុនា ជា​បន្តទៀត

បានផុស

នៅ

សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​(AFC) បាន​ជូនដំណឹង​ទៅកាន់​ក្លិប​បាល់ទាត់​វិសាខា នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​៣០ ខែមេសា ឆ្នាំ​២០២១ នេះ​ថា​ការប្រកួត​ការប្រកួត​ជម្រុះ​ពានរង្វាន់ AFC Cup 2021 ប្រចាំ​តំបន់​អាស៊ាន រវាង​ក្រុម​របស់​កម្ពុជា មួយ​នេះ​គ្រោង​ជួប​ក្លិប Lalenok United របស់​ប្រទេស​ទី​ម័​រ​ខាងកើត នៅ​ថ្ងៃទី​១៩ ខែឧសភា ត្រូវបាន​ពន្យា​ពេល​ជាថ្មី​ទៀតហើយ ដោយ​លើក​ពេល​ទៅ​ប្រកួត​នា​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ វិញ​។

លោក ហុក សុចិ​ត្រា អគ្គលេខាធិការ​ក្លិប​កីឡាបាល់ទាត់ វិសាខា បាន​បញ្ជាក់ថា ជុំវិញ​ការសម្រេច​លើក​ពេល​ជាថ្មី​នេះ ក្រោម​ហេតុផល​ធំ​បំផុត គឺ​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩​។ នេះ​បើតាម​ការបញ្ជាក់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្លិប​វិសាខា​។ លោក​ថា ” មែនទែនទៅ ដំបូង​ឡើយ ការប្រកួត​វគ្គ​ជម្រុះ​នេះ ត្រូវធ្វើ​ឡើងលើ​ទឹកដីរ​បស់​ក្លិប​កីឡាបាល់ទាត់ វិសាខា​យើង តែដោយសារ​ការ​រាតត្បាត​ខ្លាំង នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ យើង​ក៏​ស្នើ​ទៅ AFC ដើម្បី​ស្វែងរក​ទឹកដី​កណ្ដាល​រៀបចំ​ការប្រកួត​ជាមួយ​ក្លិប Lalenok United ជំនួស​វិញ​” ។

​ថ្នាក់ដឹកនាំ​ក្រុម​រូបនេះ​បន្តថា ” ប៉ុន្ដែ​ដោយសារ​ការរីក​រាលដាល​ជាស​កល ទាំង​លើ​ពិភពលោក ក្នុង​តំបន់ និង​កម្ពុជា​ផង បានធ្វើ​ឲ្យ AFC ពិបាក​ក្នុងការ​ស្វែងរក​ប្រទេស ដើម្បី​រៀបចំ​ការប្រកួត​ជម្រុះ​នេះ​។ ដូច្នេះ​វា​គឺជា​ហេតុផល​សំខាន់​មួយ ដែល AFC សម្រេច​ពន្យា​ពេល​ការប្រកួត​របស់​ពួកយើង រហូតដល់​ថ្ងៃទី​២០ ខែមិថុនា ហើយ​ពួកយើង ក៏​គ្មានអ្វី ក្រៅពី​ការសហការ និង​គោរព​ការសម្រេចចិត្ត ក្នុងស្ថានភាព​ដ៏​លំបាក​នេះដែរ “​។

​អ្នកឈ្នះ​រវាង​ក្រុមបាល់ទាត់​វិសាខា ជាមួយ​ក្រុម Lalenok United ប្រចាំ​វគ្គ​ជម្រុះ​នៃ​ពានរង្វាន់ AFC Cup 2021 នេះ​នឹង​ទទួលបាន​កៅអី​ដោយ​ស្វ័យប្រវត្តិ​ឡើងទៅ​បង្គ្រប់​ពូ​ល I ដែលមាន​ក្លិប Kaya FC-Illoilo (​ហ្វីលីពីន​), Terengganu FC (​ម៉ាឡេស៊ី​) និង​ក្លិប Geylang International (​សិង្ហ​បុរី​) កំពុងតែ​រង់ចាំ​។

មក​ទល់​នឹង​ពេលនេះ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី នៅ​មិនទាន់មាន​ការជូនដំណឹង​ច្បាស់លាស់​ពី​ទីលាន និង​ម៉ោង​ប្រកួត​រវាង​វិសាខា ជាមួយ​ក្លិប Lalenok United នៅឡើយ​ទេ ខណៈ​ពានរង្វាន់ AFC Cup ឆ្នាំ​គ្រោង​ធ្វើឡើង​ពីថ្ងៃ​ទី​៧ ខែមេសា ដល់​ថ្ងៃទី​២៦ ខែ វិច្ឆិកា ឆ្នាំ​២០២១ ដោយមាន​ប្រកួត​ជម្រុះ ៣​វគ្គ មុនដ​ល់វគ្គ​ចែក​ពូ​ល ហើយ​បន្ត​ប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់ រួមមាន​អាស៊ី​ខាងត្បូង​, អាស៊ី​កណ្តាល អាស៊ី​ខាងកើត និង​អាស៊ីអាគ្នេយ៍ រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​តែម្តង​៕

ដោយ ៖ ម៉េង ហួរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម