កីឡា
កម្ពុជា សហការជាមួយ រុស្ស៊ី បង្កើតសហព័ន្ធកីឡាសាំបូ ជាផ្លូវការ ដើម្បីសក្តានុពលលើឆាកអន្តរជាតិ
សហព័ន្ធកីឡាសាំបូកម្ពុជា «Cambodian Sambo Federation»ត្រូវបានប្រកាសបង្កើតជាផ្លូវការនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៦ ដើម្បីចាប់ឱកាសដណ្តើមសក្តានុពលលើឆាកអន្តរជាតិ។

ជាសក្ខីភាពនៃការបង្កើតសហព័ន្ធផ្លូវការនេះមានវត្តមាន លោក Suresh Gopi អគ្គលេខាធិការសហភាពកីឡាសំាបូអាស៊ី និងអូសេអានី ដែលតំណាងសហព័ន្ធកីឡាសាំបូអន្តរជាតិ, លោក Sergey Novosetslev លេខាទី១ នៃស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
អាណត្តិទី១ ចាប់ពីឆ្នាំ ២០២៦ ដល់ ឆ្នាំ ២០៣០ សហព័ន្ធកីឡាសាំបូកម្ពុជាត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគ្រោងស្នើទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឲ្យទទួលស្គាល់ជាផ្លូវការ។ សហព័ន្ធកីឡាសាំបូអាស៊ី និងអូសេអានី បានប្រកាសទទួលស្គាល់ជាបណ្តោះអាសន្នហើយ។

សម្រាប់គណៈកម្មការប្រតិបត្តិអាណត្តិទី១ លោកបណ្ឌិត ថោង ខុន ជាប្រធាន និងលោក វ៉ាត់ ចំរើន លោក អ៊ុក សិទ្ធិជាតិ លោក ជា បូរ៉ា លោក វ៉ា ស៊ិនភីរម្យ លោក មាម រ៉ា និងលោក សេង ប៊ុនសុង ជាអនុប្រធាន ហើយលោក ប៊ុយ សុភ័ណ្ឌ ជាអគ្គលេខាធិការ ព្រមទាំងមានអគ្គលេខាធិការរង អគ្គហេរញ្ញិក និងសមាជិក ៥រូបផ្សេងទៀត។
ក្រោយប្រកាសជាប្រធានដឹកនាំ លោកបណ្ឌិត ថោង ខុន បានរៀបរាប់ពីដើមហេតុថា ការបង្កើតសហព័ន្ធនេះឡើងគឺក្រោយពេលការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការអូឡាំពិករុស្ស៊ី លើកិច្ចសហការអភិវឌ្ឍកីឡា និងចលនាកីឡាអូឡាំពិក ក្រោមទំនាក់ទំនងយ៉ាងស្អិតរមួតរវាងកម្ពុជា-រុស្សី ដែលមានរយៈពេល ៧០ឆ្នាំមកហើយ។

លោកប្រធានសហព័ន្ធថ្មីបានលើកឡើងថា កីឡាសំាបូ គឺជាសិល្បៈក្បាច់គុនប្រយុទ្ធ ការពារខ្លួនត្រូវបានបង្កើតនៅឆ្នាំ១៩៣៨ ដែលដឹកនាំដោយសហព័ន្ធសំាបូអន្តរជាតិ និងទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ “IOC” នៅឆ្នាំ២០២១។ កីឡាសំាបូត្រូវបានបញ្ចូលជាកីឡាមួយដែលទទួលការគាំទ្រពី ក្រុមប្រឹក្សាអូឡាំពិកអាស៊ី “OCA” នៅឆ្នាំ ២០១៤ ហើយកីឡានេះបានបញ្ចូលក្នុងព្រឹត្តិការណ៍អាស៊ីជាច្រើន ដូចជា Asian Beach Games, Asian Indoor and Martial Arts Games និង Asian Youth Games ក្នុងនោះ OCA ក៏ត្រៀមបញ្ចូលកីឡាសាំបូក្នុងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅប្រទេសអ៊ូសបេគីស្ថាន ផងដែរ។
លោកបានសង្កត់ធ្ងន់ថា ៖«ការបង្កើតសហព័ន្ធកីឡាសាំបូនៅកម្ពុជានាពេលនេះ នឹងក្លាយជាកាលានុវត្តភាពថ្មីមួយសម្រាប់ចលនាអូឡាំពិកកម្ពុជាក្នុងការស្វែងរកឧត្តមភាពកីឡារបស់កម្ពុជានៅលើឆាកអន្តរជាតិបន្ថែមទៀត»។

ថ្លែងក្នុងពិធីប្រកាសបង្កើតជាផ្លូវការនេះ លោក Suresh Gopi អគ្គលេខាធិការសហភាពកីឡាសំាបូអាស៊ី និងអូសេអានី តំណាងសហព័ន្ធកីឡាសាំបូអន្តរជាតិ បានអបអរសាទរ និងស្វាគមន៍សហព័ន្ធកីឡាសាំបូកម្ពុជាដែលចូលរួមជាមួយមហាគ្រួសារកីឡាសាំបូទូទាំងពិភពលោក។
បច្ចុប្បន្ននេះមានក្លិបសាំបូចំនួន ៦ ក្លិប នៅកម្ពុជា បានកំពុងបណ្តុះបណ្តាល និងអភិវឌ្ឍធនធានកីឡាសាំបូ ហើយក៏ស្របតាមលក្ខខណ្ឌតម្រូវមួយរបស់ក្រសួងអប់រំ យុវជន និងកីឡាដែលត្រូវឲ្យមានក្លិប-សមាគមមួយចំនួនទើបអាចបង្កើតសហព័ន្ធថ្មីបាន។

រហូតដល់ពេលនេះ សហព័ន្ធកីឡាសាំបូអន្តរជាតិ មានសមាជិកនៅគ្រប់ទ្វីបគឺនៅទ្វីបអាស៊ី អាហ្វ្រិក អាមេរិក និងអឺរ៉ុប ក្នុងនោះមានប្រទេសជាសមាជិកជាង ១០០។ សម្រាប់កម្ពុជា ជាប្រទេសទី៧ នៅតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី សៀម និង វៀតណាម៕



អត្ថបទ៖ វិរបុត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


