Connect with us

កីឡា

ក្រុម​ជម្រើស​ជាតិកម្ពុជា មាន​ស្ថិតិ​ល្អ​ការ​ប្រកួត ASEAN Championship នៅ​ស្តាត​មរតកតេជោ

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ប្រកាស​ជា​ផ្លូវ​ការ​ពី​ការ​ប្រើ​ប្រាស់​ពហុកីឡដ្ឋាន​ជាតិ មរតក​តេជោ សម្រាប់​ការ​ប្រកួត​ជើង​ឯក​អាស៊ាន ASEAN Championship ឆ្នាំ ២០២៦​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​​ជា​លើក​ទី​២ ដែល​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា សម្រេច ប្រើ​ប្រាស់​ពហុកីឡដ្ឋាន​ជាតិមរតកតេជោ ដើម្បី​ប្រកួត​ពាន​រង្វាន់​ផ្លូវ​ការ​លំដាប់​លេខ​ ១ ​ប្រចាំ​តំបន់​អាស៊ាន។ កាល​ពី​​លើក​ទី​១ ​ឆ្នាំ ២០២២ កម្ពុជា បាន​រៀបចំ​ការ​ប្រកួត​នៅ​​ពហុកីឡដ្ឋាន​ជាតិ​នេះ​ចំនួន​ ២ ប្រកួត​នៅ​ក្នុង​ដី​ពាន​រង្វាន់ ASEAN Championship ហើយ​ទទួល​បាន​លទ្ធផល​ល្អ​ទាំង​ពីរ​ប្រកួត​គឺ បាន​​ឈ្នះ​ក្រុម​ជម្រើស​ជាតិ ​ហ្វីលីពីន ដោយ​លទ្ធផល​ ៣-២ និងឈ្នះ ក្រុម​ជម្រើស​ជាតិ​ ព្រុយណេ ៥-១។

ទោះ​បី​ជា​យ៉ាង​ណា នៅ​ចន្លោះ​អន្តរកាល​នោះ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ធ្វើ​មិន​សូវ​បាន​ល្អ​លើ​ឆាក​អន្តរជាតិ និង​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ឆ្ងាយ​ពី​រាជ​ធានី​ភ្នំពេញ​ផង បាន​ធ្វើ​ឲ្យ​ធ្លាក់​ចំ​នួន​អ្នក​គាំទ្រ​ខ្លាំង​មែន​ទែន។ ការ​ប្រកួត​ជា​មួយ ហ្វីលីពីន មាន​អ្នក​ទស្សនា​ផ្ទាល់​តែ​ ៤៨៦០​នាក់ និង​​ការ​ប្រកួត​ជា​មួយ ព្រុយណេ មាន​អ្នក​ទស្សនា​ផ្ទាល់​ចំនួន ៦១៦៩​នាក់​ប៉ុណ្ណោះ​ដែល​ជា​ស្ថិតិ​តិច​បំផុត។

ចាប់​តាំង​ពី​នោះ​មក សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ បាន​រៀបចំ​ការ​ប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​វិញ។ រហូត​ដល់​ឆ្នាំ ២០២៦ ​នេះ​ទើប​សម្រេច​រៀបចំ​ការ​ប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ​វិញ ដោយសារ​ទី​លាន​មាន​​ស្មៅ​ធម្មជាតិ​កម្រិត​ស្តង់ដា ប្រព័ន្ធទឹក និង ភ្លើង​គ្រប់​គ្រាន់ បន្ទប់​ធ្វើ​ការធំ កៅអី​អង្គុយ​ច្រើន និង​ជា​ទី​កន្លែង​ធំ​ទូលាយ​សម្រាប់​ចំណត​យានយន្ត។

សូម​បញ្ជាក់​ថា ពាន​រង្វាន់ ASEAN Championship ឆ្នាំ ២០២៦​នេះ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ស្ថិត​នៅ​ពូល A ជា​មួយ ជម្រើស​ជាតិ វៀតណាម ឥណ្ឌូណេស៊ី សិង្ហបុរី និង​ទីម័រ​ខាង​កើត។ សម្រាប់​ការ​ប្រកួត​ក្នុង​ដី កម្ពុជា ទទួល​ក្រុម​ជម្រើស​ជាតិ សិង្ហបុរី នា​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ ២០២៦ និង​ទទួល​ក្រុម​ជម្រើស​ជាតិ ទីម័រ​ខាង​កើត នៅ​ថ្ងៃទី៣ ខែ​សីហា ឆ្នាំ ២០២៦ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

ចំពោះ​ការ​ប្រកួត​នៅ​ក្រៅ​ដី កម្ពុជា ត្រូវ​ទៅ​ប្រកួត​ជា​មួយ​ម្ចាស់​ផ្ទះ ឥណ្ឌូណេស៊ី នា​ថ្ងៃ​ទី២៧ ខែ​កក្កដា និង​ធ្វើ​ដំណើរទៅ​ប្រកួត​ជា​មួយ វៀតណាម នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ ២០២៦។

ប្រសិន​បើ កម្ពុជា មាន​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក៏​នឹង​ប្រើ​ប្រាស់​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ទៀត៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម