Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ប្រកាស​ថា កិច្ច​ចរចានៅ​បន្ត តែ​បទឈប់បាញ់ជាមួយ​អ៊ីរ៉ង់ ត្រូវ​បញ្ចប់ជា​ផ្លូវការហើយ

បានផុស

នៅ

កាលពីថ្ងៃសុក្រ ទី​១០ ខែ​កក្កដា ឆ្នាំ២០២៦​ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសយ៉ាងដាច់ណាត់ តាមរយៈបណ្តាញសង្គម Truth Social ថា កិច្ចព្រមព្រៀងឈប់បាញ់ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីខែមុន គឺត្រូវបានបញ្ចប់ជាផ្លូវការហើយ តែ​លោក​ក៏​បានបញ្ជាក់​ដែរ​ថា ភាគីទាំងពីរនៅតែព្រមព្រៀងគ្នាបន្តការសន្ទនា ដើម្បីស្វែងរកដំណោះស្រាយ បើទោះបីជាការប្រឈមមុខដាក់គ្នាក្នុងសប្តាហ៍កន្លងមកនេះមានការកើនឡើងខ្លាំងក៏ដោយ។

លោក ត្រាំ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយរបស់ Asia One ភាពតានតឹងនេះបានផ្ទុះឡើងខ្លាំងជាថ្មី បន្ទាប់ពីមានការវាយប្រហារទៅលើកប៉ាល់ដឹកទំនិញរបស់អារ៉ាប៊ីសាអូឌីត និងកាតា ដែលបង្កឱ្យមានការវាយប្រហារតបតគ្នាយ៉ាងក្តៅគគុក។ កងទ័ពអាមេរិក បានបើកការវាយប្រហារទៅលើទីតាំងយោធារបស់អ៊ីរ៉ង់ ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ខណៈដែលអ៊ីរ៉ង់ ក៏បានវាយបកទៅលើទីតាំងយោធាអាមេរិក នៅតាមបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រផងដែរ។ ជម្លោះនេះមិនត្រឹមតែបង្កឱ្យមានការបាត់បង់អាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់ ដោយសារតែការឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ពិភពលោក ត្រូវបានរងការគំរាមកំហែង។

ចំពោះបញ្ហានេះ សហរដ្ឋអាមេរិកបានដាក់សម្ពាធយ៉ាងខ្លាំង ដោយទាមទារឱ្យអ៊ីរ៉ង់ប្រកាសជាសាធារណៈថា នឹងបញ្ឈប់រាល់ការវាយប្រហារលើកប៉ាល់ទាំងអស់ និងធានាថា ផ្លូវសមុទ្រនេះនឹងត្រូវបើកឱ្យដំណើរការដោយសេរី និងគ្មានការរារាំង។ ខាងភាគីអ៊ីរ៉ង់វិញ បានបដិសេធចំពោះការលើកឡើងរបស់លោក ត្រាំ ដោយបញ្ជាក់ថា ខ្លួនមិនបានស្នើសុំការចរចាជាមួយអាមេរិកនោះទេ ប៉ុន្តែបានព្រមព្រៀងទទួលយកអ្នកសម្របសម្រួលពីប្រទេសកាតា ដើម្បីពិភាក្សាអំពីស្ថិរភាពក្នុងតំបន់ និងការដឹកជញ្ជូនតាមផ្លូវទឹក។ មន្ត្រីការទូតជាន់ខ្ពស់របស់អ៊ីរ៉ង់ ក៏គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសអូម៉ង់ ដើម្បីជជែកពិភាក្សាអំពីការធានាសុវត្ថិភាព សម្រាប់ការធ្វើដំណើររបស់កប៉ាល់នានាផងដែរ។

ក្នុងពេលជាមួយគ្នានេះ ប្រទេសអ៊ីរ៉ង់ក៏កំពុងស្ថិតក្នុងភាពស្រងូតស្រងាត់ និងមមាញឹកជាមួយនឹងការរៀបចំពិធីបុណ្យសពរបស់មេដឹកនាំកំពូល អាយ៉ាតូឡា អាលី ខាមេនី ដែលបានទទួលមរណភាព តាំងពីថ្ងៃដំបូងនៃសង្គ្រាម។ ការបាត់បង់មេដឹកនាំរូបនេះកាល​ពី​ចុង​ខែ​កុម្ភៈ រួមជាមួយស្ថានភាពសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ និងកង្វះខាតប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិក បានធ្វើឱ្យពិភពលោកទាំងមូលមានការព្រួយបារម្ភយ៉ាងខ្លាំង។ ប្រជាជននៅក្នុងប្រទេសអ៊ីរ៉ង់ ចាប់ផ្តើមបង្ហាញក្តីកង្វល់អំពីអនាគតរបស់ជាតិ ដោយសារតែមេដឹកនាំថ្មី លោក មូចតាបា ខាមេនី ដែលជាអ្នកស្នង​តំណែងថ្មី នៅមិនទាន់បង្ហាញមុខជាសាធារណៈនៅឡើយ ដែលធ្វើឱ្យមានការជជែកវែកញែកយ៉ាងច្រើនអំពីជំហានបន្ទាប់ទៀតរបស់ប្រទេសនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម