Connect with us

ព័ត៌មានជាតិ

យុវជនអាស៊ីអាគ្នេយ៍ ទទួលការបណ្ដុះបណ្ដាល “សារព័ត៌មានពលរដ្ឋ” ពី គម្រោង YSEALI និង អង្គការ ICFJ

បានផុស

នៅ

ស្ថានទូតអាមេរិកនៅភ្នំពេញ ដោយ​សហការ​ជាមួយ​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​អ្នក​សារព័ត៌មាន​ (ICFJ)​ កំពុង​រៀបចំ​សិក្ខា​សាលាថ្នាក់តំបន់មួយ តាមប្រព័ន្ធអ៊ិនធឺណែតក្រោមគម្រោងគំនិតផ្តួចផ្តើម​នៃមេដឹកនាំយុវជន​អាស៊ី​អាគ្នេយ៍​ (YSEALI)​ ស្តីពីសារព័ត៌មានពលរដ្ឋ។ វគ្គសិក្សា​ដែលមានរយៈពេល ៦សប្តាហ៍ បានចាប់ផ្តើម​នៅថ្ងៃ​ទី១៨ ខែឧសភា ឆ្នាំ២០២១នេះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសបើកសិក្ខាសាលា លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ​នៅកម្ពុជា W. Patrick Murphy​ បាន​មាន​ប្រសាសន៍​ថា៖ “សារព័ត៌មាន​សេរី និងឯករាជ្យ មានសារៈសំខាន់​ខ្លាំងណាស់ សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​ប្រកប​ដោយ​វិបុលភាព។​ ជាង​ពេលណាៗទាំងអស់ យើងត្រូវការអ្នកសារព័ត៌មាន និងពលរដ្ឋជាអ្នកសារព័ត៌មាន ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ មានការទទួលខុសត្រូវនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ ហើយលើកកម្ពស់ការយល់ដឹង​លើបញ្ហានានា បញ្ហា​ប្រឈម និងឱកាស នៅក្នុងសង្គម។ ខ្ញុំមានការជឿជាក់ថា សិក្ខាសាលា​នេះនឹងផ្តល់​ដល់​មេដឹកនាំ​វ័យ​ក្មេង​នៅ​ទូទាំង​តំបន់​​​អាស៊ីអាគ្នេយ៍ នូវជំនាញសម្រាប់ធ្វើការងារទាំង​នេះ”។ 

នៅក្នុង​សិក្ខាសាលាថ្នាក់តំបន់ តាមអ៊ិនធឺណែត​នេះ សិក្ខាកាមចំនួន ៤៣នាក់ មកពីប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសទីម័រ នឹងទទួលបានចំណេះដឹងជាក់ស្តែង ស្តីពីសារព័ត៌មានពលរដ្ឋ រៀនសូត្របានពីចំណុចសំខាន់ៗនៃ​សីលធម៌​សម្រាប់អ្នកសារព័ត៌មាន ហើយបណ្តុះសមត្ថភាព​ក្នុងការធ្វើសេចក្តីរាយការណ៍ប្រកបដោយ​គុណភាព ​និង​ផ្អែក​លើ​ភស្តុតាងបញ្ជាក់។ 

លោកស្រី Melissa A. Brown ភារធារី​នៃស្ថានបេសកកម្ម​របស់សហរដ្ឋអាមេរិកប្រចាំ​នៅសមាគមអាស៊ាន បាន​មាន​ប្រសាសន៍​​​ថា៖ “ការផ្តល់អំណាច​ដល់អ្នកសារព័ត៌មាននៅអាស៊ីអាគ្នេយ៍តាមរយៈឱកាសបណ្តុះបណ្តាល​នានាដែល​ផ្តល់​​ដោយកម្មវិធី ​​YSEALI កម្មវិធីអ្នកទស្សនកិច្ចអន្តរជាតិស្តីពីភាពជាអ្នកដឹកនាំ ​(IVLP) និង​កម្មវិធី​ប្រឡង​ស្តីពី​ការងារ​សារព័ត៌មាន​សង្គម​របស់យុវជនអាស៊ាន និង​ទីភ្នាក់ងារ​​ជំនួយ​ អាមេរិក (USAID)​  រួម​ចំណែកដល់​វឌ្ឍនភាពតំបន់ឆ្ពោះ​ទៅ​រកសង្គមដែលមានភាពសេរី និងបើកចំហ ហើយដែលគាំទ្រគណនេយ្យ​ភាព និងការចូលរួម​របស់ពលរដ្ឋ។ គំនិត​ផ្តួចផ្តើម​របស់សហរដ្ឋអាមេរិក និងសមាគមអាស៊ាន បានរួមចំណែក​ឱ្យមានចំណាត់ថ្នាក់ប្រសើរជាងមុន នៅ​ក្នុង​ចំណោម​​ប្រទេស​អាស៊ាន​ខ្លះ នៅ​ក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​​ពិភព​លោក​ របស់​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន។​ យើងសូមអបអរសាទរដល់ពួកគេ ចំពោះភាពរីកចម្រើន​នេះ”។ 

លោកស្រី Johanna Carrillo អនុប្រធានកម្មវិធីនៃ ICFJ បានមានប្រសាសន៍ថា៖ “អ្នកសារព័ត៌មានពលរដ្ឋ ​មាន​តួនាទី​សំខាន់នៅក្នុងការផ្តល់ព័ត៌មានសម្រាប់សហគមន៍​របស់គេ ហើយកម្មវិធី​នេះមានបំណងធ្វើឲ្យមានអ្នកដឹកនាំ នៅ​ក្នុង​ផ្នែក​​នេះ។ ដោយរៀនសូត្រពីលក្ខណៈសំខាន់ៗនៃការងារល្អ​ផ្នែកសារព័ត៌មាន សិក្ខាកាម​នឹង​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មាន​មូលដ្ឋានត្រឹមត្រូវ នៅទូទាំងតំបន់។ ពលរដ្ឋដែលដើរតួជាអ្នកសារព័ត៌មានគឺជាអ្នកដែលស្ថិត​នៅ​ក្រៅ​អង្គការ​សារព័ត៌មាន​ធម្មតា ធ្វើសេចក្តីរាយការណ៍ និងផ្សព្វផ្សាយព័ត៌មាន”។ 

គួរបញ្ជាក់ថា គម្រោង YSEALI គឺជាកម្មវិធីពិសេសមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅតំបន់អាស៊ីអាគ្នេយ៍ មានគោល​បំណង​បង្រៀន និងផ្តល់ជំនាញស្តីពីភាពជាអ្នកដឹកនាំ ដល់យុវជន ដែលស្ថិតក្នុងអាយុពី ១៨ ដល់ ៣៥ឆ្នាំ។ គម្រោង​ YSEALI​ កសាង​សមត្ថភាពលើភាពជាអ្នកដឹកនាំ​​របស់យុវជន​នៅអាស៊ីអាគ្នេយ៍ ហើយជំរុញការធ្វើសហប្រតិបត្តិការគ្នាឆ្លងព្រំដែន ដើម្បី​ដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ និងក្នុងសាកលលោក។ គម្រោង YSEALI បានបើកសិក្ខាសាលាជាច្រើន និង​បានបញ្ជូនមនុស្សពីតំបន់អាស៊ីអាគ្នេយ៍ ឲ្យចូលរួម​ក្នុងកម្មវិធីផ្លាស់ប្តូរនានា ដូចជា​សិក្ខា​សាលា​ថ្នាក់​តំបន់​នៅ​ប្រទេស​ថៃ ស្តីពី​ជំនាញក្នុងការគិតដោយការវិភាគលម្អិត សិក្ខាសាលាស្តីពីអក្ខរកម្មសារព័ត៌មាន នៅប្រទេសភូមា និង​បាន​ផ្តល់​ជំនួយ​​ជាថវិកាពីគម្រោង Seed for the Future សម្រាប់​ប្រភពព័ត៌មានមួយ ស្តីពីសុខភាពសាធារណៈ​នៅ​ប្រទេស​ហ្វីលីពីន បានបញ្ជូនអ្នកចូលរួមក្នុងកម្មវិធីសិក្សា និងបង្កើនជំនាញអាជីព។ល។ 

អត្ថបទ៖ ស្ថានទូតអាមេរិកនៅភ្នំពេញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម