KPT+
មានអារម្មណ៍ថា អ្នកជុំវិញបោះបង់ចោល ? អានអត្ថបទសិន ក្រែងធូរស្បើយផ្លូវចិត្តខ្លះ
ការពិតមិនអាចប្រកែកបានឡើយ ខណៈមនុស្សម្នាក់ សុខៗក៏ប្រែជាគិតថា មនុស្សជុំវិញគេលែងនិយាយរក ឬមិនស្និទ្ធស្នាល ដូចមុនសោះ។
ប្រសិនបើអ្នកអាន កំពុងមានអារម្មណ៍បែបនេះ សាកអានអត្ថបទសិន សឹមនិយាយថា ម្ដេចអ្នកជុំវិញខ្លួនខ្ញុំ ប្រែខុសពីមុន។

មនុស្សទាំងអស់ មានការគិតខុសៗគ្នា បើដូចគ្នា គេមិនមែនហៅ ថាភាពខុសពីគេនោះទេ។ សូម្បីតែរូបរាង និងពណ៌សម្បុរក៏ដោយ។ យ៉ាងណាមិញ មិនខុសពីមិត្តភាពមួយក្រុម ពីដំបូងហាក់ស្និទ្ធស្នាលលើសបងប្អូន តែក្រោយមកក៏មិនសូវនិយាយដូចមុនរៀងៗខ្លួន។ ទាំងនេះ បណ្ដាលឲ្យចំណងមិត្តភាពលែងស្និត ប្រែជាសោះកក្រោះ គ្មានការនិយាយរកគ្នា ឬម្នាក់ៗក៏តូចចិត្តថា គេប្រែខុសពីមុន។
ឥលូវកុំទាន់ថាគេប្រែប្រួលចិត្តយ៉ាងណា អ្នកខ្លួនឯងហ្នឹងហើយ សាកសួរខ្លួនឯងត្រួសៗសិនថា ម្ដេចគេជុំវិញប្រែលែងរាប់រកយើង ក្នុងខណៈនេះ ទាំងយើងមិនខុស ឬមិនដឹងថាខ្លួនមានកំហុសអីសោះ។
១ យើងធ្វើកំហុសអ្វីដាក់គេ ទើបគេមិនដូចមុន។ កំហុសនោះធ្ងន់ឬស្រាល ដែលគេមិនអាចលើកលែងបាន ឬយើងមិនបានស្វែងរកដំណោះស្រាយណាសមស្រប តែបែរដើរគេចធ្វើហីៗវិញ។
២ យើងតែងគេចវេះ មិនហ៊ានប្រឈមនឹងបញ្ហាចំពោះមុខ ឬមនុស្សដែលយើងចង់និយាយរកពួកគេ។
៣ គិតថាខ្លួនឯង មិនខុសអីផង គេខាងណោះទេ ដែលមិនព្រមអភ័យទោស ឬអត់អោនឲ្យយើង។
៤ គិតថាមានតែឯង អត់គេ យើងក៏មានមិត្តថ្មី។ កុំគិតដូច្នោះអី! វាមិនបាននាំដំណោះស្រាយ តែវានាំតែបញ្ហាធ្ងន់មកយើងប៉ុណ្ណោះ។ ឯករាជ្យ ម្ចាស់ការលើខ្លួនឯង គឺជារឿងមួយល្អ តែកុំជ្រុលរហូតភ្លេចងាកចុះក្រោម។ នេះមិនខុសពីពាក្យចាស់តែងពោលថា ” ងើយស្កកអោនដាក់គ្រាប់ “ ។
ត្រូវចងចាំថា គ្មានមនុស្សណាមិនចេះខុសនោះទេ ប៉ុន្តែសុំឲ្យខ្លួនឯងខុសតិចបំផុតក្នុងជីវិត។ ប្រសិនបើអ្នកខុសហើយ ចេះសុំទោស ដឹងកំហុស និងអភ័យឲ្យគ្នាទៅ មក។ កុំគិតថាខ្លួនឯងខ្លាំងជាងគេ លើសគេ អាយុច្រើនជាង មានចំណេះខ្ពស់ជាង មិនព្រមដាក់ខ្លួនមករកគេ។ ប្រសិនបើអ្នកមានគំនិតអស្មិមានះ គេមិនដល់ខ្លួន រឹងត្អឹង មិនចេះស្ដាប់គេ កុំសង្ឃឹមថា មួយជីវិតនេះ រកស្នាមញញឹមជូនជីវិតតូចមួយនេះ មានក្ដីសុខដូចគេឯងឲ្យសោះ។
ខណៈពេលដែលយើងបន្ថែមទម្ងន់ទុក្ខទោស ថាគេម្នាក់ៗប្រែ យើងមានបានក្រឡេកមើលខ្លួនឯងឬនៅ ? កុំមើលតែកំហុសគេ ភ្លេចមើលខ្លួនឯងឲ្យសោះ។ តាមពិតយើងនេះទេ ដែលមិនព្រមបើកចិត្ត ហើយគិតតែអារម្មណ៍ខ្លួនឯង ហួសហេតុ រហូតភ្លេចគេ។ យើងនេះទេ ដែលប្រែប្លែកពីអ្នកជុំវិញខ្លួន។

ក្រោយអានអត្ថបទហើយ ប្រញាប់ធ្វើរឿងគួរធ្វើសម្រាប់ខ្លួនឯង។ ជិតដាច់ឆ្នាំហើយ កុំនៅត្រាំត្រែងដូចទូកកណ្ដាលទន្លេមិនដឹងទៅ មុខឬក្រោយ។ គួរដាក់គោលដៅ សម្រាប់ឲ្យខ្លួនឯង ឲ្យរីកចម្រើនទៅ មុខ។ មិត្តភាពឬស្នេហាក៏ដោយ បើយកមិនបាន បោះចោលចុះ បើអ្នកណាយកបាន ក៏ទុកនៅ រាប់អានគ្នាដោយស្មោះត្រង់ទៅមុខទៀត។
ឆ្នាំ ២០២២ ម្នាក់ៗ ក៏កើនអាយុ តែកុំភ្លេចកើនគំនិតឲ្យប្រសើរជាងមុនទ្វេដង។ ដោយការរស់នៅ ជុំវិញមនុស្សគិតវិជ្ជមានមិនមែនបើកភ្នែកឡើង មកនាំតែភ្លើងមកដាក់យើងទេ។
អរគុណមិត្តអ្នកអាន ដែលចំណាយពេលមានតម្លៃ អានអត្ថបទដល់ចប់! ជូនពរឆ្នាំ ២០២២ ជួបតែរឿងល្អៗចូលមកក្នុងជីវិត៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កុំទាន់ថាជីវិតជោគជ័យ ប្រសិនបើមិនទាន់ធ្វើចំណុចទាំងនេះនូវឡើយ
ចុចអាន៖ទម្លាប់អស់សង្ឃឹមលើសពី ៣ នាទី ជីវិតអាចនឹងជួបតែទុក្ខសោកជាប់ខ្លួនរហូត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


