ព័ត៌មានជាតិ
អាជ្ញាធរគ្រោងរៀបចំកាត់សំយ៉ាបផ្ទះពលរដ្ឋ ក្នុងតំបន់អភិរក្សបេតិកភណ្ឌក្រុងបាត់ដំបង
អាជ្ញាធរខេត្តបាត់ដំបងគ្រោងចុះរៀបចំកាត់សំយ៉ាបផ្ទះពលរដ្ឋ ស្លាកយីហោ និងផ្លូវថ្មើរជើងនៅក្នុងតំបន់អភិរក្សបេតិកភណ្ឌក្រុងបាត់ដំបង ដើម្បីលើកកម្ពស់សោភ័ណភាព និងសណ្ដាប់ធ្នាប់ឱ្យបានស្រស់ស្អាតឡើងវិញឱ្យសក្ដិសមជាផ្ទះបុរាណដែលបន្សល់មកពីសម័យអាណានិគមបារាំង។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាលើគំរូប្លង់បច្ចេកទេសសំយ៉ាប ស្លាកយីហោ និងផ្លូវថ្មើរជើង ក្នុងតំបន់អភិរក្សបេតិកភណ្ឌក្រុងបាត់ដំបង នៅថ្ងៃទី២០ ខែមេសានេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់មន្រ្ដីជំនាញទាំងអស់ ត្រូវបង្កើតក្រុមការងារមួយដើម្បីធ្វើការសិក្សាអំពីការកាត់សំយ៉ាប ការរៀបចំប្លង់គំរូសំយ៉ាបថ្មីដែលត្រូវសាងសង់ សិក្សាអំពីតម្លៃនៃការសាងសសង់ឱ្យបានច្បាស់លាស់ និងត្រូវធ្វើការពន្យល់ណែនាំដល់ប្រជាពលរដ្ឋរស់នៅតំបន់ដែលរដ្ឋបាលខេត្ត ត្រូវបានកំណត់ឱ្យមានការរុះរើសំយ៉ាបផ្ទះ ដែលពីមុនមកមានការដាក់រៀបចំសំយ៉ាបផ្ទះគ្មានសណ្ដាប់ធ្នាប់ ធ្វើឱ្យបាត់បង់សម្រស់នៃផ្ទះបុរាណដែលបន្សល់មកពីសម័យអាណានិគមបារាំង ក៏ដូចជាធ្វើឱ្យបាត់បង់នូវគុណតម្លៃនៃតំបន់អភិរក្សបេតិកភណ្ឌក្រុងបាត់ដំបង។

លោកអភិបាលខេត្តក៏បានជំរុញណែនាំបន្ថែមដល់ក្រុមការងារពាក់ព័ន្ធ បន្តសកម្មភាពក្នុងការរៀបចំសណ្តាប់សាធារណៈនៅក្នុងក្រុងបាត់ដំបង ពិសេសផ្លូវជុំវិញផ្សារនានា ក្រៅពីនោះ បញ្ហាបរិស្ថាន និងសំរាមនៅក្នុងក្រុងបាត់ដំបង ត្រូវធ្វើឱ្យបានលឿន និងទាន់ពេលវេលា ដោយធ្វើយ៉ាងណាកុំឱ្យក្រុងបាត់ដំបងក្លាយជាទីក្រុងសំរាមឱ្យសោះ អ្វីដែលសំខាន់ត្រូវរួមគ្នាគិត រួមគ្នាធ្វើទាំងអស់គ្នា ដើម្បីទីក្រុងបាត់ដំបងកាន់តែស្អាត មានសោភណ្ឌភាពស្រស់បំព្រងគ្រប់រដូវកាល។

លោកអភិបាលខេត្តបានណែនាំដល់ក្រុមការងារ ធ្វើការសិក្សាអំពីលទ្ធភាពដែលអាចរៀបចំចំណតយានយន្ត និងកន្លែងថតរូបជាដើម នៅរង្វង់មូលលោកតាដំបងក្រញ៉ូង ដើម្បីអាចឱ្យភ្ញៀវទេសចរដែលអញ្ជើញមកធ្វើការបន់ស្រន់នៅរូបសំណាកលោកតាដំបងក្រញ៉ូង ងាយស្រួលក្នុងការចតយានជំនិះរបស់ខ្លួន និងមានទីកន្លែងដែលអាចថតរូបបានយ៉ាងស្រស់ស្អាត ក្នុងន័យជំរុញសក្ដានុពលទេសចរណ៍ក្នុងខេត្តបាត់ដំបង និងជាពិសេសត្រូវពិនិត្យមើលការដាំដើមឈើនានានៅក្នុងក្រុងបន្ថែមទៀត ដើម្បីឱ្យក្រុងបាត់ដំបងមានសោភ័ណភាពបៃតងស្រស់ បង្កើនសម្រស់ក្រុងបាត់ដំបងឱ្យកាន់តែទាក់ទាញបន្ថែមទៀតផងដែរ។

ក្រុងបាត់ដំបងត្រូវបានចាត់ទុកថា ជាទីក្រុងមួយរបស់ខេត្តបាត់ដំបង ដែលមានសំណង់អគារផ្ទះល្វែងបានបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង។ បច្ចុប្បន្នសំណង់ទាំងនេះកំពុងត្រូវបានធ្វើការអភិរក្សឱ្យក្លាយទៅជាតំបន់ការពារបេតិកភណ្ឌជាតិដ៏មានតម្លៃ ក្នុងកិច្ចការថែរក្សាការពារនូវវប្បធម៌ដ៏សម្បូរបែប និងតម្លៃប្រវត្តិសាស្ត្ររបស់ក្រុងបាត់ដំបង ក៏ដូចជាប្រទេសកម្ពុជា ហើយការងារអភិរក្សតំបន់បេតិកភណ្ឌនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សជំនាន់ក្រោយបានយល់ និងបានរៀនសូតអំពីប្រវត្តិសាស្ត្រ ដើមកំណើត និងវប្បធម៌របស់ទីក្រុងបាត់ដំបង។

បើតាមប្លង់គោលរបស់រដ្ឋបាលក្រុងបាត់ដំបងបានបញ្ជាក់ថា សំណង់អគារផ្ទះល្វែងដែលជាសំណង់អភិរក្សដែលមានក្នុងក្រុងបាត់ដំបងមានប្រហែល ៨០០ អគារ ដែលបានសាងសង់ក្នុងដំណាក់កាលបីផ្សេងគ្នា បានឆ្លុះបញ្ចាំងពីប្រវត្តិនៃការអភិវឌ្ឍក្រុងបាត់ដំបង៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


