សេដ្ឋកិច្ច
តើផ្ទះល្វែងនឹងធ្លាក់ចុះតម្លៃនៅរយៈពេល ១០ឆ្នាំខាងមុខ?
អ្នកជំនាញវិស័យអចលនទ្រព្យ បានលើកឡើងថា បច្ចុប្បន្នវិស័យនេះ មានកំណើនសន្សឹមៗ ស្របពេលដែលរាជរដ្ឋាភិបាល បានបើកចំហរសេដ្ឋកិច្ច ក្រោយពេលដែលជំងឺកូវីដ-១៩ បានធូរស្រាលនៅកម្ពុជា។

ប៉ុន្តែមានការលើកឡើងថា នៅរយៈពេល ១០ឆ្នាំខាងមុខ ផ្ទះល្វែងនឹងមានការធ្លាក់ចុះតម្លៃ។ លោក អ៊ូ វីរៈ ប្រធាន និងជាស្ថាបនិកវេទិការអនាគត ដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយ បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកដូច្នេះថា« ផ្ទះល្វែងនឹងធ្លាក់តម្លៃនៅ១០ឆ្នាំខាងមុខ»។
ដោយលោកបានបញ្ជាក់យ៉ាងខ្លីថា «មូលហេតុមានច្រើន ប៉ុន្តែធំនោះវិស័យសេដ្ឋកិច្ច។ ពីដើមគ្រួសារណាក៏អាចបើករបរនៅផ្ទះជាខ្នាតគ្រួសារ (micro business)។ ផ្ទះល្វែងពិបាករស់នៅ ពិបាករកស៊ី បើកចាប់ហួយលែងកើតដោយសារការប្រកួត បើកហាង ហើយសាងសង់លើស។ល។»។

ជុំវិញការលើកឡើងនេះ លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល រាជធានីភ្នំពេញ បានបញ្ចេញមតិបែបបច្ចេកទេស ដូច្នេះថា កត្តាដែលនាំឱ្យតម្លៃឡើង និងចុះ គឺទី១ នៅពេលដែលការផ្គត់ផ្គង់លើសតម្រូវការ មិនថា ១០ឆ្នាំ ១៥ឆ្នាំ ឬ២០ឆ្នាំខាងមុខ តម្លៃនៅលើទីផ្សារ នឹងធ្លាក់ចុះដោយស្វ័យប្រវត្តិ។ ប៉ុន្តែការធ្លាក់ចុះប៉ុន្មានភាគរយ មិនអាចកំណត់បានទេ លុះត្រាតែស្ថានភាពជាក់ស្តែង។ ចំណុចទី២ លោក វិចិត្រ បានទាញហេតុផលថា ជារៀងរាល់ឆ្នាំអតិផរណា នៅកម្ពុជាជាមធ្យម ២.៨ ឬ ៣ ភាគរយ ដូច្នេះរយៈពេល ១០ឆ្នាំក្រោយ នឹងមានអតិផរណា ៣០ភាគរយ។ នៅក្នុងអតិផរណានេះ នឹងធ្វើឱ្យតម្លៃលុយកាន់តែទាប មានន័យថា បើ១០០ដុល្លារឆ្នាំមុន នោះឆ្នាំនេះនឹងធ្លាក់ចុះតម្លៃត្រឹមតែ ៩៧ដុល្លារ។

លោក ឡោ វិចិត្រ មើលឃើញថា ប្រាក់ចំណូលរបស់ប្រជាជនមានចំណូលទាប និងមធ្យម ពុំមានសញ្ញាកើនឡើងនោះទេ។ ដូច្នេះប្រសិនបើចំណូលប្រជាជនមិនកើនឡើង ធ្វើឱ្យអំណាចទិញថយចុះផងដែរ។ លោក វិចិត្រ បានបន្តទៀតថា« ស្ថិតិបានបង្ហាញហើយថា ៦០ភាគរយនៃប្រជាជនកម្ពុជា គឺក្រោមអាយុ៣០ឆ្នាំ។ ប្រជាជនមានអាយុក្រោម ៣០ឆ្នាំ មាននិន្នាការរស់នៅទីក្រុង ច្រើនជាងរស់នៅជនបទ។ អ្នកអាយុក្រោម ៣០ឆ្នាំ គាត់មានទំនោរទៅរស់នៅក្នុងខុនដូ ជាងនៅផ្ទះល្វែង»។
ប្រធានសមាគមអចលនទ្រព្យសកលរាជធានីភ្នំពេញ បានបន្ថែមទៀតថា« យើងមើលឃើញថា និន្នាការនៃប្រាក់ចំណូលរបស់ពួកគាត់មិនបានកើនឡើង គួរឱ្យកត់សម្គាល់ធ្វើឱ្យគាត់មិនមានលទ្ធភាពទិញផ្ទះជាប់ដីដែលនៅកណ្តាលក្រុងបានឡើយ ក្នុងចំណោមប្រជាជន ៦០ភាគរយ ដែលមានអាយុក្រោម ៣០ឆ្នាំ»។
លើសពីនេះទៀត លោក បានទាញទឡ្ហីករណ៍ជុំវិញការធ្វើចំណាកស្រុកពីជនបទចូលមករាជធានីភ្នំពេញ ដែលមានអត្រាខ្ពស់ខ្លាំង ក៏ជាផ្នែកមួយផ្លាស់ប្តូរនិន្នាការនៃការរស់នៅផងដែរ។ លោក វិចិត្រ លើកជាឧទាហរណ៍ថា«បើសិនគាត់នៅខេត្ត ហើយឡើងមកធ្វើការនៅរោងចក្រក្នុងខណ្ឌដង្កោភ្នំពេញ ទទួលបានប្រាក់ខែ ៣០០ដុល្លារ ពួកគាត់អាចបង់រំលស់ផ្ទះល្វែងដែលមានតម្លៃទាប និងនៅក្បែរកន្លែងធ្វើការបស់គាត់។ ប៉ុន្តែបើគាត់មានប្រាក់ខែ ១០០០ដុល្លារឡើងទៅ ភាគច្រើនគាត់ធ្វើការនៅកណ្តាលក្រុង អ៊ីចឹងតម្រូវការបស់ពួកគាត់ប្រាកដជាទិញខុនដូនៅកណ្តាលក្រុង»។
«យើងមិនអាចនិយាយជាទូទៅបានទេ ប្រសិនបើមិនបានសួរពីតម្លៃ ដូចជាផ្ទះល្វែងក្រោម ២០ម៉ឺនដុល្លារ ក្រោម ១០ម៉ឺនដុល្លារ ក្រោម ៥ម៉ឺនដុល្លារ សួរទៅតាមផ្នែក ផ្ទះល្វែងមធ្យម ក្រោមមធ្យម តម្លៃទាប និងតម្លៃខ្ពស់ជាដើម ដើម្បីយកមកវិភាគជាកង់ៗ»។ នេះជាការបន្ថែមរបស់លោក ឡោ វិចិត្រ។
បើតាមលោក ឡោ វិចិត្រ តម្រូវការមានលុះត្រាតែមានកត្តាមួយចំនួន ដូចជា ទី១ តំបន់ដែលគេចាប់អារម្មណ៍, ទី២ តម្លៃដែលគេអាចមានលទ្ធភាព។ ឧទាហរណ៍៖ មានគម្រោង ខុនដូ ឬផ្ទះល្វែង បើកនៅតំបន់បឹងកេងកង លក់ក្នុងតម្លៃថោក នោះនឹងមានតម្រូវការខ្ពស់។ ប៉ុន្តែបើខុនដូ បើកលក់គម្រោងនៅតំបន់ខណ្ឌដង្កោ ទោះជាលក់ក្នុងតម្លៃធូរថ្លៃ ក៏មិនសូវមានតម្រូវការដែរ។
សរុបជារួម លោក ឡោ វិចិត្រ សង្កត់ធ្ងន់ថា តម្រូវការផ្ទះល្វែង នៅតែមានដោយផ្អែកទៅលើតម្លៃ និងទីតាំងជាក់ស្តែង។ ពាក់ព័ន្ធនឹងការវាយតម្លៃអនាគតឡើង ឬចុះថ្លៃ លោកថា ប្រសិនបើគ្មានឯកសារ ឬភស្តុតាងយោងមិនអាចព្យាការណ៍ថា នៅរយៈពេល ១០ឆ្នាំខាងមុខ តម្លៃផ្ទះល្វែង នឹងធ្លាក់ចុះថ្លៃ ឬយ៉ាងណានោះទេ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


