Connect with us

សន្តិសុខសង្គម

លើកពេលកាត់ទោសអតីតឧកញ៉ា ឌួង ងៀប ៣សំណុំរឿងព្រោះអវត្តមានជនជាប់ចោទ

បានផុស

នៅ

ក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានសម្រេចលើកពេលកាត់ទោសអតីតផ្កាយ៣ ឌួង ងៀប ចំនួន៣សំណុំរឿងដោយសារអវត្តមានជនជាប់ចោទ និងមេធាវីការពារក្ដីអោយជនត្រូវវោទ ។

លោក សុខ ទិត្យ អនុប្រធានពន្ធនាគារប៉េហ្ស៊ីបានរាយការណ៍ជូនសវនាការថា ជនជាប់ចោទនិងមេធាវីរបស់គាត់បានដាក់ពាក្យសុំពន្យាពេលសវនាការ ទើបគាត់មិនព្រមមកតុលាការ ។

លោក សេង ហៀង ព្រះរាជអាជ្ញារង និងជាតំណាងអយ្យការក្នុងរឿងក្ដីនេះបានបញ្ជាក់ក្នុងសវនាការថា តុលាការបានចេញដីកាបង្គាប់ទៅពន្ធនាគារអោយនាំខ្លួនជនជាប់ចោទមកបង្ហាញមុខតាមនីតិវិធីហើយ តែមន្ត្រីអនុរ័ក្សមិនអនុវត្តតាម ដូច្នេះដើម្បីការពារផលប្រយោជន៍ច្បាប់ ក៏ដូចជាផលប្រយោជន៍គូភាគីក្នុងរឿងក្ដី ជាពិសេសដើម្បីស្វែងរកយុត្តិធម៌​ គប្បីក្រុមប្រឹក្សាតុលាការលើកពេលសវនាការសិន​ដើម្បីនឹងបង្គាប់អោយនាំខ្លួនជនជាប់ចោទមកឆ្លើយតទល់គ្នា ។

លោក ស៊ិន សុវណ្ណរ័ត្ន ប្រធានក្រុមប្រឹក្សាជំនុំជំរះបានបញ្ជាក់ក្នុងសវនាការថា តុលាការបានបង្គាប់អោយពន្ធនាគារនាំខ្លួនជនជាប់ចោទមកតុលាការ ដូច្នេះពន្ធនាគារត្រូវអនុវត្តអោយបាន ការលើកពេល ឬ មិនលើកពេលសវនាការជាការសម្រេចរបស់ចៅក្រមតុលាការ មិនមែនជាកតព្វកិច្ចរបស់ជនជាប់ចោទទេ ។ ដូច្នេះក្នុងរឿងក្ដីនេះ តុលាការសម្រេចលើកពេលសវនាការទៅថ្ងៃទី០៦កញ្ញា ឆ្នាំ២០២២ខាងមុខ ហើយខាងពន្ធនាគារត្រូវតែនាំខ្លួនជនជាប់ចោទមកតុលាការអោយខាងតែបាន ។

សូមរំលឹកថា លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនលោកផ្កាយ៣ ឌួង អគ្គលេខាធិការរងនៃក្រសួងមហាផ្ទៃ ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ឆបោក , បទក្លែងឯកសារ , និងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន.(សែកស្អុយ) » ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ ឌួង ងៀប ត្រូវបានសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួននៅមុខសណ្ឋាគារ ដឺគ្រី ផ្លូវ ឌួងងៀប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់តុលាការ ។ ដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីបានពិនិត្យលើ​សំណុំរឿងចប់សព្វគ្រប់យល់ឃើញថា ជនត្រូវចោទឈ្មោះ ឌួង ងៀប ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរជាមន្ត្រីរាជការ មានទីលំនៅផ្ទះលេខ០៣ ផ្លូវឌួងងៀប២ កែងផ្លូវដោនថោន៣ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់ពីបទ ឆបោក និងបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៩ ដែលបទល្មើសមានចែង​ឲ្យផ្តន្ទាទោសសតាមបញ្ញាត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។

ជនត្រូវចោទឈ្មោះ ឌួង ងៀប បានគេចវេសពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ។ យល់ឃើញថា តាមដីកាបង្គាប់ឲ្យនាំខ្លួនចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានផុតរយៈពេលអនុវត្ត តែមន្ត្រីនគរបាលយុត្តិធម៍មិនអាចស្វែងរកជនត្រូវចោទរូបនេះឃើញ ដើម្បីអនុវត្តការនាំខ្លួនបាន ។ យល់ឃើញថា ដើម្បីធានាដល់ការស៊ើបសួរឲ្យបានពេញលេញ គប្បីសម្រេចឲ្យចាប់ខ្លួនឈ្មោះ ឌួង ងៀប យកមកចំពោះមុខចៅក្រមស៊ើបសួរដើម្បីអនុវត្តតាមបញ្ញាត្តិមាត្រា ២៣០ នៃក្រមនីតិ វិធីព្រហ្មទណ្ឌ ។ ហេតុដូច្នេះសម្រេចបញ្ជាដល់កម្លាំងសាធារណៈឲ្យចាប់ខ្លួន និងបង្គាប់ឲ្យប្រធានពន្ធនាគារ PJ ទទួល និងឃុំខ្លួនឈ្មោះ ឌួង ងៀប ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ការចាប់ឃុំខ្លួនលោក ឌួង ងៀប នៅថ្ងៃទី១០ ខែកុម្ភៈ បន្ទាប់ពីលោកបានបង្ហោះឃ្លីបវីដេអូមួយ ពាក់ពន្ធកាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយចោទប្រកាន់សាលាដំបូងរាជធានីភ្នំពេញ ថា បានចាត់ការសំណុំ​រឿង​របស់​លោកប្រែពីសទៅខ្មៅ និងចោទប្រកាន់លើរូបគាត់ថា បានឆបោកប្រាក់ពីជនជាតិចិនតៃវ៉ាន់ ដែលឃ្លីបវីដេអូនោះត្រូវបានបណ្តាញទំនាក់សង្គមយកទៅបង្ហោះ និងមានការចែកចាយតៗគ្នា ។

តាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នោះដែរ បានបញ្ជាក់ថា លោក ឌួង ងៀប ត្រូវបានប្តឹងដោយឈ្មោះ CHIHYUEN និងឈ្មោះ YAO CHING KING កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ពាក់ពន្ធនឹងការលក់អចលនវត្ថុមួយកន្លែងដែលអ្នកទិញជាដើមបណ្តឹងបានប្រគល់ប្រាក់ថ្លៃដីគ្រប់ចំនួន៧.៣០៥.០០០ ដុល្លារមេរិក ឲ្យទៅជនត្រូវចោទឈ្មោះ ឌួង ងៀប រួចរាល់ហើយ ប៉ុន្តែជនត្រូវចោទពុំមានដីឲ្យទៅម្ចាស់ប្រាក់នោះឡើយ មានតែ(ដីខ្យល់) ។

អ្នកនាំពាក្យបន្តថា ក្នុងការសម្របសម្រួលដោះស្រាយទំនាស់ លោក ឌួង ងៀប បានចេញមូលប្បទានបត្រចំនួន៣សន្លឹកដែលមានលេខ១៤៥៥៧៧ មានតម្លៃ ១.៦៥០.០០០ដុល្លារ លេខ២១៣៩៩៧ មានតម្លៃ៣.៦៥៥.០ ០០០ដុល្លារ និងលេខ១៣២៧៨៨ មានតម្លៃ ២.០០០.០០០ ដុល្លារអាមេរិក ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណី។ បន្ទាប់មកដើមបណ្តឹងរដ្ឋប្បវេណីបានយកមូលប្បទានបត្រនោះទៅបើកប្រាក់ពីធនាគារ ប៉ុន្តែខាងធនាគារបញ្ជាក់ថា មូលប្បទានបត្រគ្មាននេះសាច់ប្រាក់ទេ ពោលគឺ(សែកស្អុយ) ។ អ្នកនាំពាក្យបានបន្តថា ក្នុងដំណាក់កាលស៊ើបសួរចៅក្រមស៊ើបសួរបានពិនិត្យផ្ទៀងផ្ទាត់ភស្ដុតាង និងសួរចម្លើយជនត្រូវចោទ ឈ្មោះ ឌួង ងៀប ហើយបានសម្រេចមិនឃុំខ្លួនជនត្រូវចោទដោយជំនួសមកវិញនូវការដាក់ជនត្រូវចោទឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការតាមរយៈដីកាសម្រេចលេខ៤២៩៣«ម» ដ.ព.ស ចុះថ្ងៃទី១៣ សីហា ឆ្នាំ២០២១ ដែលមានកាតព្វកិច្ចតម្រូវឲ្យជនត្រូវចោទដាក់ប្រាក់ធានាមិនឃុំខ្លួនចំនួន ៥.៣០៥.០០០ ដុល្លារអាមេរិក មកតម្កល់នៅក្នុងគណនីរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេល១ខែ តែជនត្រូវចោទ ពុំបានយកប្រាក់ធានាខ្លួននេះមកតម្កល់តាមការកំណត់ក្នុងដីកាសម្រេចនោះឡើយ ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម