Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាក់​យន្តហោះ​ឯក​ជន​មួយ​នៅ​អាមេរិក​ បណ្តាល​ឱ្យមនុស្ស​ក្នុង​យន្តហោះ​ ​ស្លាប់​ទាំង​អស់​

បានផុស

នៅ

អាជ្ញាធរក្នុង​ស្រុក​ បាន​លើក​ឡើង​ថា យន្ត​ហោះមួយគ្រឿង​មាន​អ្នក​បើក​បរ​ម្នាក់ ​និងអ្នក​ដំណើរចំនួន ១១នាក់ កំពុង​​លោត​ឆ័ត្រ​យោង​ នៅ​រដ្ឋ Missouri ​សហរដ្ឋ​អាមេរិក​ បាន​ធ្លាក់ចូល​ទៅ​ក្នុង​វាលស្រែមួយ ហើយ​ឆាបឆេះ​សន្ធោសន្ធៅ​នៅ​ថ្ងៃអាទិត្យ បណ្តាលឱ្យ​មនុស្ស​ទាំង​អស់​នៅ​លើយន្តហោះ​ស្លាប់​។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន AP ផ្សាយ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៦ ការ​ធ្លាក់យន្តហោះនេះ​បានកើតឡើង​ភ្លាមៗ​ បន្ទាប់​ពីយន្តហោះ​​​​នោះ​ ហោះ​​​​ពី​អាកាសយានដ្ឋាន​ក្នុង​ស្រុកមួយ​ នៅម៉ោងប្រហែល ១១:៣០​ព្រឹក។​ នេះ​បើតាម​សម្តី​របស់ លោក Chad Anderson អធិការ​ស្រុក Bates​ ។

ធ្លាក់​យន្តហោះ​​នៅ​រដ្ឋ Missouri ។ រូបភាព៖ BE
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Anderson និយាយថា ក្រុម​ការងារ​ និង​អ្នកស្ម័គ្រចិត្តបាន​ទៅ​កន្លែង​កើតហេតុ​ ជួយ​សាច់ញាតិ ហើយ​មន្ត្រីកំពុងធ្វើការ​នៅរសៀលថ្ងៃអាទិត្យ ដើម្បីកំណត់​អត្តសញ្ញាណជនរង​គ្រោះទាំងអស់ និងជូនដំណឹងដល់សាច់ញាតិជិតស្និទ្ធ​របស់ពួកគេ​។

ដោយ​ឡែក លោក Dennis Jacobs អ្នក​គ្រប់គ្រង​អាកាសយាន​ដ្ឋាន​ស្តីទី និងជានាយកទីភ្នាក់ងារគ្រប់គ្រង​គ្រោះមហន្តរាយ​​នៅ​ស្រុក​ Bates និយាយថា យន្តហោះ​ឯកជននេះ​ត្រូវ​បានដំណើរការ​ដោយក្រុម​ហ៊ុន Skydive Kansas City​ ។ វា​ត្រូវបាន​កំណត់ថា​ជាយន្តហោះម៉ាស៊ីន​តែមួយ។

លោក Jacobs និយាយថា៖ « វាទើបតែ​ហោះឡើង ហើយ​បត់ឆ្វេងមុនពេល​ធ្លាក់។ តាមគំនិតរបស់​ខ្ញុំ ខ្ញុំគិតថាវាកំពុង​បាត់បង់​ថាមពល កំពុងព្យាយាម​ហោះឡើង​ទៅកាន់ផ្លូវ​ហាយវេ បន្ទាប់​មក​ក៏​​ចុះចត ​ហើយជាប់គាំង បន្ទាប់​មក​ទៀតវា​ធ្លាក់ ហើយឆេះ»។

លោក Jacobs និយាយថា៖ « ក្រុម​អ្នកឆ្លើយតប​បន្ទាន់​បានពន្លត់ភ្លើង​ នៅក្នុងគំនរបាក់​បែកភ្លាមៗ​ បន្ទាប់ពីការធ្លាក់យន្ត​ហោះដ៏​ឃោរឃៅ​។ ក្រុមអ្នកឆ្លើយតប​ដំបូង​ក៏បានពិនិត្យ​មើលតំបន់ក្រោម​ផ្លូវហោះហើរ ​ហើយមិនបានរកឃើញ​នរណាម្នាក់បាន​ព្យាយាម​លោតចេញ​មុន​ពេលយន្តហោះធ្លាក់ចុះនោះទេ​»។

គួរ​បញ្ជាក់​ថា យន្ត​ហោះ Pacific Aerospace 750XL ដែល​បានធ្លាក់​គឺជាម៉ូដែល​មួយ​​ មានប្រជាប្រិយភាពសម្រាប់ការលោតឆ័ត្រ​យោង ហើយ​ក៏មាន​ប្រយោជន៍​សម្រាប់ដឹកជញ្ជូន​ទំនិញ និងការ​ហោះហើរជម្លៀសអ្នកជំងឺផងដែរ​។

យោងតាមក្រុមហ៊ុន​ផលិត យន្តហោះនេះអាច​ផ្ទុកទម្ងន់បានជាង ១ ៨០០គីឡូក្រាម មានសមត្ថភាព​ហោះឡើង និងចុះចតនៅ​លើផ្លូវ​រត់​ខ្លីៗ​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម