ព័ត៌មានជាតិ
លោក ទូច គឹមស្រ៊ាង៖ កុមារគួរសិក្សាភាសាជាតិជាអាទិភាព មុនរៀនភាសាជាតិសាសន៍ដទៃ
លោកសាស្ត្រាចារ្យ ទូច គឹមស្រ៊ាង ប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ក្នុងកិច្ចសម្ភាសពិសេសជាមួយ«កម្ពុជាថ្មី» បានលើកឡើងថា កុមារដែលគ្រប់អាយុចូលរៀនគួរតែទទួលបានចំណេះដឹង ការបណ្ដុះបណ្ដាលនៅភាសាជាតិដំបូងគេបង្អស់មុនភាសាបរទេស។

បច្ចុប្បន្នយើងដឹងហើយថា អាណាព្យាបាលមួយចំនួនមានជីវភាពធូរធារ តែងបញ្ជូនកូនឱ្យសិក្សានៅតាមសាលាអន្តរជាតិធំៗ ហើយភាគច្រើនកុមារទទួលបានចំណេះដឹងផ្នែកភាសាបរទេសច្រើនជាងភាសាខ្មែរ។ ជុំវិញបញ្ហានេះ លោក សាស្ត្រាចារ្យ ទូច គឹមស្រ៊ាងមានប្រសាសន៍ថា ការបញ្ជូនកុមារឱ្យទទួលបានចំណេះដឹងភាសាដទៃមុនភាសាខ្លួនឯង អាចបង្កឱ្យមានការជះឥទ្ធិពលនៃការប្រើប្រាស់ភាសាជាតិមិនសូវបានល្អ។
លោកសាស្ត្រាចារ្យបានពន្យល់ថា ការរៀនភាសាត្រូវលើកអាទិភាពតាមលំដាប់លំដោយ។ ទី១. ប្រសិនជាកូនខ្មែរ សញ្ជាតិខ្មែរ កើតនៅលើទឹកដីខ្មែរ ត្រូវរៀនភាសាខ្មែរដំបូងគេបង្អស់។ ទី២ រៀនភាសាសកលទាំង ៦ ក្នុងពិភពលោក ដូចជា ភាសាបារាំង អង់គ្លេស ចិន រុស្សី អេស្ប៉ាញ និងអារ៉ាប។ ទី៣ គួររៀនភាសាបច្ចេកវិទ្យា។ ទី៤ គួររៀនភាសាអាជីព និងទី៥ ត្រូវរៀនភាសាទំនាក់ទំនងជាដើម។

លោកបន្តថា នៅពេលកុមារទទួលបានភាសាអន្តរជាតិទី១ ហើយងាកមករៀនភាសាជាតិទី ២ វិញ បង្កឱ្យប៉ះពាល់ដល់កុមារដូចជា ការអាន របៀបនៃការបញ្ចេញសំឡេង សូរស័ព្ទ អក្សរ ភាសាជាតិខ្លួនឯងមិនសូវត្រឹមត្រូវ។
មិនតែប៉ុណ្ណោះ ប្រសិនបើកុមារទទួលបានចំណេះដឹងច្រើន ហួសពីភាសាជាតិខ្លួនឯង អាចបង្ហាញឱ្យឃើញថា «យើងជាកូនខ្មែរ មិនបានជួយលើកតម្កើន លើកស្ទួយភាសាជាតិ និងវប្បធម៌របស់យើង ជាភាសាទី១ ដែលគួរចាប់យក តែបែរយកភាសាដទៃទៀតមកសិក្សាជាជម្រើសដំបូងទៅវិញ»។
ទន្ទឹមនេះដោយសារមានការប្រើប្រាស់ពាក្យមួយចំនួនជាភាសាជាតិមិនទាន់បានត្រឹត្រូវល្អ ក្នុងនាមជាសាស្ត្រាចារ្យផ្នែកអក្សរសាស្រ្តខ្មែរមួយរូប លោក ទូច គឹមស៊ា្រង បានបង្ហាញពីកង្វល់នៃការប្រើប្រាស់នូវភាសាជាតិនាពេលបច្ចុប្បន្នផងដែរ។ ទី១ ពាក់ព័ន្ធទៅនឹងសំណេរអក្ខរាវិរុទ្ធ ដែលមិនទាន់មានការឯកភាពទាំងស្រុង។ ទី២ ពាក្យទាំងអស់មាន ១២ ៨០៨ ពាក្យ ហើយពាក្យខ្មែរទាំងអស់មាន ១២ ២៨៨ ពាក្យ, បាលីសំស្ក្រឹតមាន ៣៣០៧ ពាក្យ, បាលី ១២៣៥ ពាក្យ, ភាសាសំស្ក្រឹត ៥៤១ ពាក្យ, ភាសាថៃ ៣៨៨ ពាក្យ, ភាសាបារាំង ៨២ ពាក្យ, ភាសាចិន ៨១ ពាក្យ, ភាសាឡាវ ៣៥ ពាក្យ, ភាសាវៀតណាម ៤២ ពាក្យ និងភាសាឥណ្ឌាមាន ៤ ពាក្យ។ ដូច្នេះអ្វីដែលជាកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា និងសមាគមទ្រទ្រង់ អក្សរសាស្ត្រ និង វប្បធម៌ខ្មែរ ចំពោះពាក្យខ្មែរបច្ចុប្បន្នមានជាង ១០ ម៉ឺនពាក្យ នោះ ថាតើការយកមកប្រើប្រាស់បានត្រឹមត្រូវ សុក្រឹត ទាំងអក្ខរាវិរុទ្ធ ការអាន ប្រើពាក្យ បានល្អហើយឬនៅ។ មួយទៀត ដូចជាការបង្កើតពាក្យមួយមួយចំនួនក្នុងពេលបច្ចុប្បន្ន ក៏មិនទាន់ត្រឹមត្រូវតាមក្បួនខ្នាតនៃភាសាជាតិ។

ត្រង់ចំណុចនេះ លោកសាស្រ្តាចារ្យពន្យល់ថា រាល់ពាក្យនៅក្នុងវចនានុក្រមនីមួយៗ ដែលអ្នកប្រាជ្ញបានចងក្រងទុក មុននឹងបង្កើត គឺមានហេតុមានផល និងមានរបៀបបំផុតទៅតាមសភាវៈនិងស្ថានភាព នៃការនិយាយស្តីជាប្រចាំថ្ងៃ។
ចុងក្រោយលោក សាស្ត្រាចារ្យ បានបង្ហើបនៅគន្លឹះមួយចំនួនដល់យុវជនជំនាន់ក្រោយ ដែលស្រលាញ់ខាងផ្នែកអក្សរសាស្ត្រខ្មែរ ឬមុខវិជ្ជាដទៃទៀត ទាមទារឱ្យមានឆន្ទៈ ការស្រលាញ់ ខិតខំព្យាយាម តាំងចិត្ត និងមានការគិតពិចារណា លើជំនាញទាំងនោះឱ្យបានដិតដល់ ព្រមទាំងអក្សរសាស្ត្រខ្មែរជាដើម៕
-
សន្តិសុខសង្គម២៣ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


