Connect with us

សន្តិសុខសង្គម

សំណុំរឿងលោក កឹម ជាតិ កំពុងបន្តនីតិវិធីតាមជំនាញ និងក្រមនីតិវិធីព្រហ្មទណ្ឌ

បានផុស

នៅ

សំណុំរឿងបណ្ដឹងរបស់ក្រុមហ៊ុន ឈីវទីម៉ិច គ្រុប ដែលប្ដឹងលោក កឹម ជាតិ អតីតអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ នៅមិនទាន់ទទួលបានលទ្ធផលយ៉ាងណានោះទេ ខណៈមន្ត្រីជំនាញបាននិងកំពុងបន្តនីតិវិធីទៅមុខតាមជំនាញ និងក្រមនីតិវិធីព្រហ្មទណ្ឌ។ នេះបើតាមការបញ្ចាក់ពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកលោកឧត្ដមសេនីយ៍ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅមិនទាន់អាចបញ្ចាក់ពីលទ្ធផលយ៉ាងណានោះដែរ ដោយសារមន្ត្រីជំនាញកំពុងអនុវត្តនិតិវិធីមិនទាន់ចប់។ តែទោះយ៉ាងណា លោកឧត្ដមសេនីយ៍ឯក ក៏ធ្លាប់បានប្រាប់កម្ពុជាថ្មីកាលពីពេលកន្លងទៅដែរថា បើនិយាយពីគោលការណ៍ច្បាប់ កាលណាសំណុំរឿងគ្រប់គ្រាន់គេនឹងរៀបចំបញ្ជូនទៅតុលាការហើយ។

លោក កឹម ជាតិ ត្រូវបានលោក អ៊ូច សុតត្រា មេធាវីតំណាងឲ្យក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប ដាក់ពាក្យបណ្ដឹងទៅអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ លើករណីទាមទារប្រាក់ចំនួន $100,000 (ដប់ម៉ឺនដុល្លារអាមេរិក) ជាថ្នូរនឹងការបើកអោយដំណើរការអាជីវកម្មធម្មតាវិញ។

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ លោក កឹម ជាតិ ត្រូវបានព្រះមហាក្សត្រ នៃកម្ពុជា ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងពី​អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ក្រោយពីបែកធ្លាយរឿងទាមទារប្រាក់ពីក្រុមហ៊ុនស្រាប្រមាណ១០ម៉ឺនដុល្លារ។

កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលនគរបាលជាតិ បានចេញលិខិតកោះហៅលោក កឹម ជាតិ ឲ្យចូលខ្លួនបំភ្លឺលើសំណុំរឿងបណ្ដឹងរបស់ក្រុមហ៊ុន ឈីវទីម៉ិច គ្រុប នៅថ្ងទី២៨ ខែធ្នូ ឆ្នាំ២០២៣ ហើយក្រោយពីចូលខ្លួនបំភ្លឺតាមការកោះហៅនោះ លោក កឹម ជាតិ ក៏បានដួលសន្លប់ផងដែរក្រោយពីសួរនាំចប់ តែលទ្ធផលយ៉ាងណានោះនៅមិនដឹងនៅឡើយ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម