ព័ត៌មានជាតិ
រោងចក្រ TOYOTA ដាក់ផែនការដំឡើងរថយន្តជាង ១ ៣០០ គ្រឿងនៅកម្ពុជា
រោងចក្រដំឡើងរថយន្ត Toyota របស់ជប៉ុន ដែលបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅកម្ពុជាថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៤ មានផែនការដំឡើងរថយន្តចំនួន ១ ៣២០ គ្រឿង ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនៅឆ្នាំ ២០២៤។ នេះបើតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) មានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រថា រោងចក្រ Toyota នឹងរួមចំណែកការធ្វើទំនើបកម្មឧស្សាហកម្មកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
លោកថា ក្រុមហ៊ុន Toyota Tsusho បានអភិវឌ្ឍធនធានមនុស្ស ជាយូរមកហើយ ខណៈក្រុមហ៊ុនបានបញ្ជូនបុគ្គលិកនៅកម្ពុជាទៅកាន់ប្រទេសជប៉ុន ដើម្បីទទួលបានការបណ្ដុះបណ្ដាល។
លោក អ៊ូអិណុ អាត់ស៊ូស៊ី បន្តថា ក្រុមហ៊ុន Toyota Tsusho មានគម្រោងចូលរួមក្នុងការអភិវឌ្ឍជាមួយអ្នកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដើម្បីឆ្លើយតបតម្រូវការទីផ្សាររថយន្តនៅកម្ពុជា។

លោកថា រោងចក្រនេះ ក៏ជាកត្តាទាក់ទាញការវិនិយោគបន្ថែមទៀតពីប្រទេសជប៉ុន ប្រសិនបើផលិតកម្មទទួលបានជោគជ័យ សហគមន៍ធុរកិច្ចជប៉ុន នឹងពិចារណាប្រទេសកម្ពុជាកម្ពុជាជាទីតាំង ដែលមានភាពទាក់ទាញសម្រាប់គោលដៅវិនិយោគ។
សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត បានថ្លែងនាឱកាស អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ថា ក្រោមដំបូលសន្តិភាព ម៉ាក្រូសេដ្ឋកិច្ច និងធនធានមនុស្ស កម្ពុជានឹងបន្តទាក់ទាញវិនិយោគិនមកបណ្តាក់ទុនបន្ថែមទៀត ខណៈរដ្ឋាភិបាលបាននិងកំពុងបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនតាមរយៈផ្តល់ការលើកទឹកចិត្តពន្ធ និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម។
«ខ្ញុំសូមគូសបញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺការជំរុញការប្រែ និងការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ។ រាជរដ្ឋាភិបាលបានគិតគូរខ្ពស់ដល់ការវិនិយោគគ្រប់វិស័យអាទិភាពតាមរយៈច្បាប់ស្តីពីការវិនិយោគនៅកម្ពុជា ជាមួយនឹងការដាក់ចេញជាបន្តបន្ទាប់នូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តចាំបាច់នានា ដែលមានភាពប្រទាក់ក្រឡា សំដៅបង្កើត និងបង្កើនការងារដែលមានតម្លៃបន្ថែមខ្ពស់»។ សម្តេចធិបតី បានបញ្ជាក់បន្ថែម។
រោងចក្រ Toyota Tsusho Manufacturing (Cambodia) Co.,Ltd មានសមត្ថភាពដំឡើងរថយន្ត ២ ប្រភេទគឺ SUV ម៉ាក FORTUNER និងប្រភេទ Pick-Up ម៉ាក HILUX ដែលមានទុនវិនិយោគ ៣៦,៧ លានដុល្លារអាមេរិក និងមានបុគ្គលិក ១៥០ នាក់ ហើយមានសមត្ថភាពដំឡើងរថយន្តចំនួន ១ ៣២០ គ្រឿងសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ឆ្នាំ២០២៤ ក្នុងនោះរថយន្ត FORTUNER ចំនួន ២៩០គ្រឿង និងរថយន្ត HILUX ចំនួន ១.០៣០ គ្រឿង។

ក្រុមហ៊ុន Toyota បានចាប់ផ្ដើមពីសេវាកម្មជួសជុលនៅឆ្នាំ ១៩៩៣ រហូតឈានដល់ការបង្កើតរោងចក្របង្គុំនៅកម្ពុជានៅឆ្នាំ ២០២៤។
កម្ពុជាមានរោងចក្រធុនធំ កំពុងដំណើរការមកពីប្រទេសជប៉ុនមានចំនួន ៨១ រោងចក្រ ស្មើនឹង ៣,៧ ភាគរយ នៃចំនួនរោងចក្រសរុបកើនឡើង ២ រោងចក្រ ហើយមានទុនវិនិយោគសរុបជាង ៦៧៤ លានដុល្លារអាមេរិក៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


