ព័ត៌មានជាតិ
និស្សិតអាហាររូបត្ថម្ភ ប្រាប់ឥទ្ធិពលនៃអាហាររូបត្ថម្ភ និងណែនាំឱ្យយកចិត្តទុកដាក់លើការទទួលទាន
ចំណេះដឹងអាហាររូបត្ថម្ភ ស្តាប់ទៅស្រាល និងហាក់ដូចមិនចាំបាច់ត្រូវដឹង ប៉ុន្តែបើយើងដឹងឱ្យសុីជម្រៅ ពីសារៈសំខាន់នៃចំណេះដឹងនេះ នោះយើងនឹងដឹងថា នេះជាមូលដ្ឋានគ្រឹះនៃជីវិត ហើយជាផ្នែកសំខាន់មួយផងដែរ ដែលមានឥទ្ធិពលដល់អនាគតរបស់យើងរាល់គ្នា។ ដោយសារថា អាហាររូបត្ថម្ភ គឺជាប់ទាក់ទងជាសំខាន់ទៅនឹងការជំរុញការលូតលាស់នៃសិរីរាង្គ និងខួរក្បាល ក៏ដូចជាប្រព័ន្ធភាពសុាំរបស់មនុស្ស ដែលបីដូចជាការសាងសង់អគារដែលទាមទារឱ្យមានមូលដ្ឋានគ្រឹះដ៏រឹងមាំយ៉ាងដូច្នេះដែរ ខណៈកម្ពុជា មិនទាន់មានការយល់ដឹងលើរឿងនេះឱ្យបានទូលាយនៅឡើយ។
កញ្ញា ចំរើន សាលីតា និស្សិតអាហាររូបករណ៍ជំនាញអាហាររូបត្ថម្ភ របស់រាជរដ្ធាភិបាលកូរ៉េ (Global Korea Scholarship) និងជាអតីតនិស្សិតបញ្ចប់ការសិក្សាផ្នែកកសិឧស្សាហកម្មចំណីអាហារ ពីសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម បញ្ជាក់ប្រាប់កម្ពុជាថ្មីឱ្យដឹង។

ផ្អែកលើការសិក្សានៅក្រៅប្រទេសលើផ្នែកនេះជាង ៣ឆ្នាំ កញ្ញា ចំរើន សាលីតា រៀបរាប់ថា បើនិយាយពីសារៈប្រយោជន៍នៃការទទួលទានត្រឹមត្រូវ គឺច្រើនណាស់ សូម្បីតែអំឡុងពេលនៃជំងឺរាតត្បាត អង្គការមួយចំនួន ក៏ណែនាំឱ្យយកចិត្តទុកដាក់លើការទទួលទានត្រឹមត្រូវផងដែរ ព្រោះជាគន្លឹះមួយដើម្បីបង្កើនភាពសុំារបស់រាងកាយ។
បើតាមឯកសារព័ត៌មានទី ៥ របស់ United Nations Cambodia ស្តីពី ការធនាសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ចេញផ្សាយកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បង្ហាញថា របបអាហារដែលមានតុល្យភាព នឹងជួយទ្រទ្រង់សុខភាពមនុស្ស។ ក្នុងន័យនេះ គឺសំដៅដល់ការទទួលទានត្រឹមត្រូវ ជាគន្លឹះមួយដើម្បីបង្កើនភាពសុំារបស់រាងកាយ និងបង្ការជំងឺឆ្លងនានា ដែលជាកត្តាហានិភ័យនាំឱ្យអត្រាឈឺ និងស្លាប់។
ប្រភពដដែល បញ្ជាក់ទៀតថា បញ្ហាអាហាររូបត្ថម្ភនៅវ័យកុមារ និងក្នុងអំឡុងពេលមានផ្ទៃពោះ ក៏អាចបង្កផលលំបាក អវិជ្ជមានឆ្លងជំនាន់ ដល់ការលូតលាស់ និងការអភិវឌ្ឍនរបស់កុមារផងដែរ ពិសេសអាចមានផលប៉ះពាល់ពេញមួយជិវិត លើការអប់រំ ក៏ដូចជាការប្រឈមនឹងជំងឺរុំារ៉ៃនានាថែមទៀត។
ទោះបីជាកម្ពុជាមិនទាន់មានចំណេះដឹង ទាក់ទងនឹងរឿងនេះឱ្យទូលាយនៅឡើយ ប៉ុន្តែអង្គការ និងក្រសួងស្ថាប័នពាក់ព័ន្ធ ក៏បានយកចិត្តទុកដាក់លើការផ្តល់អាហារ ដល់កុមារនៅសាលារៀនយូរឆ្នាំមកហើយដែរ ក្នុងន័យលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ និងភាពងាយរងគ្រោះខ្ពស់ ដោយចូលរួមចំណែកបង្កើនការចុះឈ្មោះចូលរៀន, បញ្ចប់ការសិក្សា, និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ព្រមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ។
ផ្សារភ្ជាប់នឹងកម្មវិធីនេះ យុវតី សាលីតា មើលឃើញថា នេះជាចំណែកមួយជួយដល់កុមារកម្ពុជា ប៉ុន្តែដើម្បីពង្រីកបន្ថែមលើការយល់ដឹងនេះ គួរតែមានការបណ្តុះបណ្តាល និងចែករំលែកឱ្យបានកាន់តែច្រើនក្នុងសហគមន៍។

ដោយឡែក បើនិយាយទាក់ទងនឹងការសម្រេចចិត្ត ក្នុងការជ្រើសរើសមុខជំនាញនេះ សាលីតា បញ្ជាក់ថា ដោយសារតែមុខវិជ្ជានេះ មិនសូវជាមានអ្នកសិក្សាឱ្យទូលំទូលាយនៅឡើយទេ។ យុវតីរូបនេះ ជឿជាក់ថា ក្រោយបញ្ចប់ការសិក្សា វិលមកកម្ពុជាវិញ ខ្លួននឹងអាចចូលរួមជាមួយអង្គការ និងស្ថាប័ននានា ក្នុងការផ្តល់ចំណេះដឹង ទាក់ទងនឹងសារៈសំខាន់នៃអាហាររូបត្ថម្ភដល់សហគមន៍ ក៏ដូចជាពលរដ្ឋខ្មែរទូទៅ តាមរយៈសកម្មភាពនានា។
លើសពីនេះ សាលីតា បង្ហើបឱ្យដឹងដែរថា ទៅថ្ងៃអនាគត សាលាភូមិន្ទកសិកម្ម ក៏អាចនឹងបន្ថែមកម្មវិធីសិក្សាលើជំនាញនេះឱ្យទូលំទូលាយផងដែរ ខណៈនេះក៏អាចជាឱកាសមួយសម្រាប់កញ្ញាផ្ទាល់ ក្នុងការពាំនាំចំណេះដឹង មកចែករំលែកដល់សិស្សប្អូន ដែលចាប់អារម្មណ៍សិក្សាលើកម្មវិធីនេះ ហើយបន្តជាប្រយោជន៍ដល់សហគមន៍ផងដែរ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


