ព័ត៌មានជាតិ
និយ័តករមូលបត្រកម្ពុជា ប្រកាសទទួលស្គាល់ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ គម្រោងវិនិយោគរួមដំបូងគេនៅកម្ពុជា
និយ័តករមូលបត្រកម្ពុជា បានប្រកាសទទួលស្គាល់ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ជាក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង នៅក្នុងគម្រោងវិនិយោគរួមដំបូងគេនៅផ្សារមូលប័ត្រកម្ពុជា។
តាមរយៈកិច្ចសហការរវាងក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារអេស៊ីលីដា និងក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) នៅក្នុងគម្រោងនៃមូលនិធិកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី នឹងនាំឱ្យទីផ្សារមូលធននៅកម្ពុជា ឈានចូលមួយជំហានថ្មីមួយទៀតស្របទៅតាមនិន្នាការអន្តរជាតិ។ នេះបើតាមលោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា។

លោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា អាជីវកម្មគម្រោងវិនិយោគរួមគឺជាទីផ្សារមួយ ដែលនឹងអនុញ្ញាតឱ្យមានការប្រមូលសាច់ប្រាក់ពីសាធារណៈជនដែលជាអ្នកវិនិយោគ ដើម្បីបង្កើតជាមូលនិធិយកទៅវិនិយោគទៅលើគម្រោងជាក់លាក់ណាមួយ។
ដំណើរការប្រតិបត្តិការអាជីវកម្មនៅក្នុងទីផ្សារគម្រោងវិនិយោគរួមនេះ មានការចូលរួមពីតួអង្គសំខាន់ៗចំនួន ដូចជា ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស ក្រុមហ៊ុនអភិបាលមូលនិធិ និង ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង។
ការបង្កើត និងដាក់ឱ្យដំណើរការទីផ្សារគម្រោងវិនិយោគរួមនៅកម្ពុជាបានឆ្លងកាត់នូវការរៀបចំ និងការគិតគូរយ៉ាងល្អិតល្អន់ តាមរយៈការសិក្សាស្រាវជ្រាវ និងដកស្រង់បទពិសោធន៍ពីបណ្តាប្រទេសផ្សេងៗ និងអង្គការអន្តរជាតិនៃគណៈកម្មការមូលបត្រ និងផ្អែកលើផែនទីបង្ហាញផ្លូវនៃ “យុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុឆ្នាំ ២០១១-២០២០” និងត្រូវបានធ្វើបច្ចុប្បន្នកម្មទៅជា “យុទ្ធសាស្ដ្រអភិវឌ្ឍន៏ វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥”។

លោក ព្រំ វិសុទ្ធ អគ្គនាយកនៃក្រុមហ៊ុនមូលបត្រ អេស៊ីលីដា បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនមូលបត្រ អេស៊ីលីដា គឺជាក្រុមហ៊ុនមូលបត្រឈានមុខគេក្នុងប្រទេសកម្ពុជា ដែលកាន់កាប់ចំណែកទីផ្សារប្រមាណជា ៧០% និង ៩០% លើចំនួនវិនិយោគិន តម្លៃ និងបរិមាណជួញដូរ។
លោកបន្តថា ភាពជាដៃគូនេះ ជាការត្រួសត្រាយក្នុងការបង្កើតថ្មីនៃទីផ្សារមូលធននៅកម្ពុជា ក្នុងការផ្តល់ជូនវិនិយោគិនទទួលបានឱកាសវិនិយោគដ៏សំបូរបែប ប្រកបដោយការគាំពារ និងដំណោះស្រាយសមស្រប។
លោកស្រី សែន ពិសិដ្ធវណ្ណីដា អភិបាលនៃក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) បានឲ្យដឹងថា ដោយមានកិច្ចសហការនេះ ការវិនិយោគនៅក្នុងមូលនិធិនៃគម្រោងវិនិយោគរួម នឹងត្រូវបានធ្វើឡើងកាន់តែមានភាពងាយស្រួលនិងមានតម្លាភាព។
លោក ស៊ូ សុជាតិ បានបន្ថែមថា ការចាប់ដៃគ្នារវាងរវាង ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា និងក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ឆ្លុះបញ្ចាំងការចូលរួមដំណើរការប្រតិបត្តិការអាជីវកម្មគម្រោងវិនិយោគរួម ដែលនឹងជួយជម្រុញសេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើនឡើងបន្ថែម ហើយក៏បង្ហាញពីវឌ្ឍនភាពថ្មីមួយទៀតនៃទីផ្សារមូលធននៅកម្ពុជា តាមរយៈការកៀរគរមូលធនពីការបង្កើតមូលនិធិនៃគម្រោងវិនិយោគរួមដែលជាផលិតផលថ្មី និងដំបូងគេបង្អស់នៅកម្ពុជា ដែលបន្ថែមជម្រើសថ្មីក្នុងការវិនិយោគសម្រាប់វិនិយោគិនផងដែរ។
លោកបន្តថា តាមរយៈការប្រមូលសាច់ប្រាក់ ដើម្បីវិនិយោគដោយអ្នកជំនាញ និងមានវិជ្ជាជីវៈខ្ពស់របស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ និងការពិនិត្យ និងតាមដានយ៉ាងយកចិត្តទុកដាក់ របស់ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស ទៅលើប្រតិបត្តិការរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ដើម្បីធានាឱ្យបាននូវភាពទុកចិត្ត ក្នុងការវិនិយោគរបស់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេស។
បើតាមអគ្គនាយកនិយ័តករមូលបត្រកម្ពុជា បច្ចុប្បន្នក៏មានក្រុមហ៊ុនគ្រប់គ្រងមូលនិធិផ្សេងទៀត បានកំពុងដាក់ពាក្យស្នើសុំ ធ្វើការបោះផ្សាយលក់ឯកតាមូលនិធិនៃគម្រោងវិនិយោគរួមជាបន្តបន្ទាប់៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


