ព័ត៌មានជាតិ
លោក ស សុខា៖ ព្រឹត្តិការណ៍ប្រណាំងទូក មិនត្រឹមបង្កភាពសប្បាយប៉ុណ្ណោះទេ តែក៏បានបង្កើតចរន្តសេដ្ឋកិច្ច
ការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក មិនត្រឹមតែបង្កភាពសប្បាយរីករាយប៉ុណ្ណោះទេ តែក៏បង្កើតចរន្តសេដ្ឋកិច្ច តាមរយៈការលក់ដូរផលិតផលផ្សេងៗរបស់ប្រជាពលរដ្ឋ ដែលទទួលបានប្រាក់ចំណូលមួយចំនួន។ នេះជាការលើកឡើងរបស់លោក ស សុខា ក្នុងឱកាសអញ្ជើញជាអធិបតីបិទបញ្ចប់នៃកម្មវិធីប្រណាំងទូក ង ខេត្តព្រៃវែង។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា នេះគឺជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យសម្រាប់ខេត្តព្រៃវែង ដែលបានបង្កលក្ខណៈ និងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋសម្រាប់ខេត្តព្រៃវែងនេះ។ លោក ក៏បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក នាពេលនេះមិនត្រឹមតែបង្កភាពសប្បាយរីករាយតែប៉ុណ្ណោះទេ តែវាក៏បង្កើតនៅប្រាក់ចំណូលសេដ្ឋកិច្ចមួយចំនួនដល់អាជីវករ ដែលពួកគាត់លក់ដូរនៅផលិតផលផ្សេងៗនៅក្នុងព្រឹត្តិការណ៍មួយនេះសម្រាប់ប្រជាពលរដ្ឋអញ្ជើញមកលេងកម្សាន្ត គាត់ទិញនូវផលិតផលទាំងអស់នោះ។
ជាការកត់សម្គាល់ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ លោក ស សុខា និងលោកស្រី បានអញ្ជើញជាអធិបតីបិទបញ្ចប់នៃកម្មវិធីប្រណាំងទូក ង ខេត្តព្រៃវែង បន្ទាប់ពីបានប្រណាំងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៦ និងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ប្រកបដោយភាពជោគជ័យ។ ពិធីប្រណាំងទូកងខេត្តព្រៃវែងរយៈពេល២ថ្ងៃនេះ មានប្រជាពលរដ្ឋបានមកចូលរួមទស្សនា និងលេងកម្សាន្តជាង ១៣ម៉ឺននាក់។

បើតាមលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវេង ការរៀបចំពិធីប្រណាំងទូកងនេះ ដើម្បីចូលរួមអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា ដែលជាថ្ងៃបុណ្យប្រពៃណីព្រះពុទ្ធសាសនា ក៏ដូចជាការផ្ដល់ជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តបានទស្សនាកម្សាន្ត និងសប្បាយរីករាយ។ ម្យ៉ាងវិញទៀត ក៏ដើម្បីជ្រើសរើសទូកង ដែលមានល្បឿនលឿន និងមធ្យម ដើម្បីទៅចូលរួមប្រណាំងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាពេលដ៏ខ្លីខាងមុខ។

ឆ្លងកាត់ការប្រឡងប្រណាំងយ៉ាងស្វិតស្វាញប្រកបដោយស្មារតីសាមគ្គីភាព ភាតរភាព និងការទទូលខុសត្រូវ ក្នុងរយៈពេល២ថ្ងៃនេះ ជាលទ្ធផលនៃការប្រណាំងទូកង ខេត្តព្រៃវែង ឆ្នាំ២០២៤នេះ ទូកទទួលបានចំណាត់ថ្នាក់មាន៖ចំណាត់ថ្នាក់លេខ១ មានចំនួន ៩ទូក (ទូកខ្នាតអន្តរជាតិ ៧ទូក និងទូកខ្នាតវែង ២ទូក) ចំណាត់ថ្នាក់លេខ២ មានចំនួន ២៤ ទូក (ទូកខ្នាតអន្តរជាតិ ១៨ទូក និងទូកខ្នាតវែង ៦ទូក) ចំណាត់ថ្នាក់លេខ៣ មានចំនួន ២១ទូក (ទូកខ្នាតអន្តរជាតិ ១៥ទូក និងទូកខ្នាតវែង ៦ទូក) និងចំណាប់ថ្នាក់លេខ៤ មានចំនួន ៩ទូក (ទូកខ្នាតអន្តរជាតិ ៧ទូក និងទូកខ្នាតវែង ២ ទូក៕

អត្ថបទ៖ សៅ គ្រី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


