ព័ត៌មានជាតិ
កម្មការិនីមានផ្ទៃពោះ នៃរោងចក្រហ្វ័រម៉ាត សប្បាយចិត្តដែលនៅតែ ទទួលបានអត្ថប្រយោជន៍ជាច្រើនពី ប.ស.ស
ក្រុមកម្មការិនីមានផ្ទៃពោះ បម្រើការក្នុងរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលត្រូវបានអគ្គិភ័យឆាបឆេះ បានបង្ហាញការសប្បាយចិត្ត ដែលពួកគាត់នៅតែទទួលបានអត្ថប្រយោជន៍ជាច្រើនពី បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ក្នុងការពិនិត្យផ្ទៃពោះ និងសេវាថែទាំសុខភាព និងដោយមានការសម្របសម្រួលយកចិត្តទុកដាក់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោកស្រី ភឿន លីណា ជាកម្មការិនីមានផ្ទៃពោះ នៃរោងចក្រ ហ្វ័រម៉ាត បានលើកឡើងថា លោកស្រីសប្បាយចិត្តពេលមាន ប.ស.ស. គឺយើងអាចចំណេញ និងទទួលបានអត្ថប្រយោជន៍ច្រើន ដោយសាររាជរដ្ឋាភិបាលជួយក្នុងការចំណាយផ្សេងៗ តាំងពីពេលពិនិត្យផ្ទៃពោះរហូតដល់ពេលសម្រាលកូន និងក្រោយសម្រាលកូន ក្នុងការយកកូនទៅចាក់វ៉ាក់សាំងរហូតដល់កូនអាយុក្រោម ២ ឆ្នាំ។

លោកស្រីបញ្ជាក់ថា រាល់ការទៅទទួលសេវាកម្មនៅតាមមន្ទីរពេទ្យជាដៃគូ ប.ស.ស. គឺលឿន រហ័ស មានការយកចិត្តទុកដាក់ខ្ពស់ និងមិនមានការលំបាកអ្វីឡើយ ពោលគឺមិនចំណាយអ្វីទាំងអស់។

កម្មការិនីមានផ្ទៃពោះមួយរូបទៀត លោកស្រី ម៉ៅ សុខរក្សា ក៏បានលើកឡើងដែរថា តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) មុនពេលសម្រាលកូន លោកស្រីទទួលបានលុយ ៨ ម៉ឺនរៀល សម្រាប់ការពិនិត្យផ្ទៃពោះម្តងៗ រួមនឹងការឧបត្ថម្ភផ្សេងៗ ទៀត ដែលនេះពិតជាបានលើកកម្ពស់ជីវភាពពលរដ្ឋ កាត់បន្ថយភាពក្រីក្របានយ៉ាងច្រើន។ លោកស្រីសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលយកចិត្តទុកដាក់ខ្ពស់ពីទុក្ខលំបាករបស់កម្មករ-និយោជិត ក្រោយហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រនេះផងដែរ។

ជាមួយគ្នានេះដែរ លោកស្រី សយ សុភា ប្រធានសាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ខណ្ឌដង្កោ បានលើកឡើងថា ជាការឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង និងដើម្បីជួយសម្រួលបញ្ហាប្រឈមនានារបសកម្មករ-និយោជិត ពិសេសកម្មការិនីដែលមានផ្ទៃពោះ ក្រុមការងារ ប.ស.ស. សាខាខណ្ឌដង្កោ បានចុះទៅដល់ទីតាំងភ្លាមៗ ក្រោយហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រ ហ្វ័រម៉ាត។

លោកស្រីបញ្ជាក់ថា ជាការឆ្លើយតបចំពោះស្ត្រីមានផ្ទៃពោះសរុប ១៤ នាក់ នៃរោងចក្រ ហ្វ័រម៉ាត នេះ គឺ ប.ស.ស. នៅតែបន្តផ្ដល់ជូនអត្ថប្រយោជន៍ដែលកម្មការិនីមានផ្ទៃពោះទទួលបានដដែល។ ដូចនេះសូមកម្មការិនីកុំមានការព្រួយបារម្ភ ព្រោះនៅពេលកម្មការិនីមានផ្ទៃពោះបានបំពេញតាមលក្ខខណ្ឌកំណត់របស់ ប.ស.ស. គឺពួកគាត់នឹងទទួលបានប្រាក់ឧបត្ថម្ភជា ៣ ដំណាក់កាល ស្មើនឹងចំនួន ១៥ លើក គឺចាប់តាំងពីពិនិត្យផ្ទៃពោះ ពេលសម្រាលកូន និងក្រោយសម្រាលកូនរហូតដល់កូនមានអាយុក្រោម ២ ឆ្នាំ។

សូមបញ្ជាក់ថា សម្រាប់សមាជិក ប.ស.ស. ដែលជាកម្មការិនីមានផ្ទៃពោះ នឹងទទួលបានអត្ថប្រយោជន៍ដូចជា ៖
-ទទួលបានសេវាពិនិត្យ និងថែទាំ មុន និងក្រោយសម្រាល
-ទទួលបានសេវាសម្រាលកូនដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស.
-ទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% ចំនួន ៩០ ថ្ងៃ
-ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ក្នុងអំឡុងពេលពិនិត្យផ្ទៃពោះ មុនសម្រាល និងក្រោយសម្រាល និងការចាក់វ៉ាក់សាំងកូនរហូតកុមារអាយុក្រោម ២ ឆ្នាំ។
សូមជម្រាបផងដែរថា សមាជិក ប.ស.ស. ក្នុងវិស័យឯកជន ដើម្បីទទួលបានប្រាក់បំណាច់មាតុភាពខាងលើ លុះត្រាតែបានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ៩ ខែ ក្នុងអំឡុងពេល ១២ ខែ ចុងក្រោយ គិតមកដល់ខែសម្រាលកូន៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


