ព័ត៌មានជាតិ
អ្នកជំនាញ៖ ការបង្កើតមន្ទីរពេទ្យតម្លៃ ៣០០លានដុល្លារ របស់វិស័យឯកជន នឹងរួមចំណែកលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជា
ថ្មីៗនេះវិស័យឯកជន បានបោះទុនវិនិយោគរួមគ្នាចំនួន ៣០០លានដុល្លារ សាងសង់មន្ទីរពេទ្យថ្មី (មន្ទីរពេទ្យកម្ពុជា) ដើម្បីផ្តល់សេវាវេជ្ជសាស្ត្រលំដាប់ស្តង់ដាពិភពលោក នៅក្នុងស្រុក ដោយគ្រោងនឹងចាប់ផ្ដើមការសាងសង់នៅក្នុងឆ្នាំ២០២៦។ ក្នុងនាជាអ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង យល់ថា ការបង្កើតមន្ទីរពេទ្យថ្មីនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជា។

តាមរយៈកិច្ចសម្ភាសជាមួយ «កម្ពុជាថ្មី» នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ លោកបណ្ឌិត ឈត ប៊ុនថង បានបញ្ជាក់ថា ការដែលវិស័យឯកជនរួមគ្នាបោះទុនវិនិយោគចំនួន ៣០០លានដុល្លារ ដើម្បីសាងសង់មន្ទីរពេទ្យស្តង់ដាពិភពលោកនេះ គឺជារឿងដែលល្អ ហើយជាការវិនិយោគដែលធំជាងគេបំផុតលើកដំបូងលើវិស័យសុខាភិបាល របស់វិស័យឯកជន។
ចំពោះការបោះទុនវិនិយោគមន្ទីរពេទ្យថ្មី របស់វិស័យឯកជនក្នុងទំហំទឹកប្រាក់ដ៏ច្រើននេះ លោកបណ្ឌិតសង្ឃឹមថា ពេលដែលមន្ទីរពេទ្យសាងសង់រួច ប្រជាពលរដ្ឋខ្មែរ នឹងទទួលបានសេវាសុខាភិបាលគ្រប់គ្រាន់ទាំងកម្រិតធម្មតា មធ្យម និងស្តង់ដាខ្ពស់បំផុត ហើយលែងខ្វះមន្ទីរពេទ្យ គ្រូពេទ្យ និងសេវាសុខាភិបាលទៀត។
លោកបណ្ឌិតបន្តថា កន្លងមកស្ថាប័នរដ្ឋ បានធ្វើទំនើបកម្មទៅលើមន្ទីរពេទ្យ សម្ភារៈបរិក្ខារបស់ពេទ្យ និងការផ្តល់សេវាកម្មជាបណ្តើរៗ ដោយគិតមកដល់ពេលនេះមន្ទីរពេទ្យរដ្ឋមួយចំនួនត្រូវបានកែលម្អរ និងសាងសង់អគារថ្មីៗជាច្រើន ចំណែកវិស័យឯកជន ក៏បានបង្កើតមន្ទីរពេទ្យជាច្រើន ទាំងកម្រិតក្នុងស្រុក និងការវិនិយោគពីបរទេសផងដែរ។

ស្របពេលដែលវិស័យសុខាភិបាលសាធារណៈបាន និងកំពុងកែលម្អរខ្លួនជាបណ្តើរៗ ហើយមានវិស័យឯកជនចូលរួម បង្កើនគ្រូពេទ្យ បរិក្ខាពេទ្យ សេវាកម្មល្អប្រសើរនៅក្នុងការបង្កើតមន្ទីរពេទ្យថ្មីទៀតនោះ លោកបណ្ឌិតថា ការណ៍នេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយដល់វិស័យសុខាភិបាលនៅកម្ពុជា។ ម្យ៉ាងវិញទៀត ជួយលើកម្ពស់ដល់សុខមាលភាព ការថែទាំសុខភាព ការព្យាបាល និងការសង្រ្គោះប្រជាពលរដ្ឋបានកាន់តែល្អប្រសើរឡើង។
ជាងនេះទៅទៀត លោកបណ្ឌិតសង្ឈឹមថា ការសាងសង់មន្ទីរពេទ្យតម្លៃ ៣០០លានដុល្លារនេះ នឹងមានការសិក្សាច្បាស់លាស់ ជាពិសេសការសិក្សាពីបទពិសោធល្អ គំរូល្អ របៀបផ្តល់សេវាល្អៗរបស់ពិភពលោក។ ព្រមទាំងការពិនិត្យមើលទៅលើសមត្ថភាពគ្រូពេទ្យ សសម្ភារៈបច្ចេកទេសបរិក្ខា សីលធម៌ គុណធម៌របស់គ្រូពេទ្យ រួមទាំងចមណុចខ្វះខាតផ្សេងៗទៀត ដើម្បីធានាបានថា ការបោះទុនវិនិយោគនេះ បានផ្តល់នូវសេវាគ្រប់គ្រាន់ផង ផ្តល់នូវសមត្ថភាពក្នុងការព្យាបាល ការសង្គ្រោះ ក៏ដូចជាការជួយទៅដល់ការថែទាំសុខភាពពលរដ្ឋផង និងលើកកម្ពស់ការផ្តល់សេវានៅក្នុងប្រទេសផងដែរ។
ពាក់ព័ន្ធនឹងការសាងសង់មន្ទីរពេទ្យឯកជនតម្លៃ ៣០០លានដុល្លារ នេះដែរ កម្ពុជាថ្មី បានទាក់ទងទៅ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដើម្បីសុំការបញ្ជាក់បន្ថែម ប៉ុន្តែលោកស្រីថា ខ្លួនមិនមានព័ត៌មាននេះទេ៕
អត្ថបទ៖ គេន ម៉ាលិះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


