អត្ថាធិប្បាយ
បទវិចារណកថា៖ «សមភាពចំពោះមុខច្បាប់នៅលើដងផ្លូវ៖ សេចក្ដីថ្លៃថ្នូររបស់ជាតិ ចាប់ផ្ដើមពីការគោរពច្បាប់ចរាចរណ៍»
នៅលើដងផ្លូវសាធារណៈ ខ្សែភ្នែករាប់ម៉ឺនគូកំពុងសម្លឹងមើលគ្នាទៅវិញទៅមក។ ផ្លូវថ្នល់ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីកម្រិតវប្បធម៌ សីលធម៌ និងការវិវត្តនៃអារ្យធម៌របស់សង្គមជាតិមួយ។ ប៉ុន្តែ អ្វីដែលជាសំណួរដ៏គន្លឹះនោះគឺ៖ តើនៅលើដងផ្លូវដែលយើងកំពុងធ្វើដំណើររួមគ្នារវាង «ច្បាប់» និង «ឋានៈបុគ្គល» តើមួយណាមានអំណាចធំជាង?
ចម្លើយដ៏ត្រឹមត្រូវ និងទាក់ទាញបំផុតសម្រាប់សង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ គឺគ្មានអ្វីក្រៅពី«ច្បាប់»នោះឡើយ។
ច្បាប់ចរាចរណ៍ មិនមែនជាឧបករណ៍សម្រាប់តែដាក់ទោសអ្នកទន់ខ្សោយនោះទេ ហើយក៏មិនមែនជាផ្ទាំងសិលាដែលអាចរលាយដោយសារអំណាចទឹកប្រាក់ឬបុណ្យស័ក្តិនោះដែរ។

១. គ្មាន«បុគ្គលឯកសិទ្ធិ» នៅលើទ្រូងផ្លូវទេ
នៅលើដងផ្លូវសាធារណៈ សមភាពត្រូវតែត្រូវបានអនុវត្តជាដាច់ខាត។ ទោះជា អ្នកមានឬអ្នកក្រ អ្នកធំឬអ្នកតូច ចាស់ឬក្មេង, ស្រីឬប្រុស អ្នកបើកបរឡានចាស់ឬឡានថ្មី, ឡានថោកឬឡានថ្លៃ អ្នកបញ្ជាយានយន្តស៊ីវិល ឬយានយន្តពាក់ស្លាកលេខយោធា/នគរបាល អ្នកជិះម៉ូតូតូចឬអ្នកជិះម៉ូតូធំ…ក៏ដោយគ្រប់រូបភាព គ្រប់ឋានៈ និងគ្រប់មធ្យោបាយធ្វើដំណើរទាំងអស់ ត្រូវតែឱនក្បាលគោរពច្បាប់ចរាចរណ៍ដូចៗគ្នា។
ស្លាកលេខឡានថ្លៃ គ្រឿងអលង្កាថ្លៃៗពាក់លើខ្លួនឬឋានន្តរស័ក្តិធំពាក់នៅលើស្មា មិនមែនជា«អាវក្រោះ»សម្រាប់ការពារការផាកពិន័យឬជា«សំបុត្រវីអាយភី (VIP)» សម្រាប់បំពានភ្លើងស្តុបឬបើកបរបញ្ច្រាសទិសនោះឡើយ។ ផ្ទុយទៅវិញ បុគ្គលដែលមានឋានៈខ្ពង់ខ្ពស់ឬមានទ្រព្យសម្បត្តិស្តុកស្តម្ភ គួរតែជាគំរូដ៏ល្អប្រពៃក្នុងការគោរពច្បាប់ ដើម្បីបង្ហាញពីសេចក្ដីថ្លៃថ្នូរនិងការទទួលខុសត្រូវចំពោះសង្គម។
២. អាទិភាពស្របច្បាប់ មិនមែនអាទិភាពតាមចិត្តចង់
ច្បាប់ចរាចរណ៍ផ្លូវគោកបានកំណត់យ៉ាងច្បាស់លាស់អំពី«សិទ្ធិអាទិភាព»។មានតែយានយន្តសង្គ្រោះបន្ទាន់(ឡានពេទ្យ)ដែលកំពុងដឹកអ្នកជំងឺសង្គ្រោះជីវិត, រថយន្តពន្លត់អគ្គិភ័យ ដែលកំពុងឆ្ពោះទៅពន្លត់ភ្លើង, រថយន្តក្បួនដែលមាននគរបាលនាំមុខការពារសុវត្ថិភាពថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្បួនរថយន្តកងទ័ពក្នុងបេសកកម្មជាតិប៉ុណ្ណោះ ដែលទទួលបានសិទ្ធិលើកលែងនិងអាទិភាពក្នុងការធ្វើដំណើរ។ ក្រៅពីយានយន្តអាទិភាពដែលកំណត់ដោយច្បាប់ទាំងនេះ គ្មានបុគ្គលឬក្រុមណាមួយ មានសិទ្ធិអំណាចមកបង្កើត«យុត្តិកម្ម» ឬលេសផ្ទាល់ខ្លួន ដើម្បីបំពានសិទ្ធិធ្វើដំណើររបស់អ្នកដទៃឡើយ។
ការប្រញាប់ទៅប្រជុំ ការប្រញាប់ទៅស៊ីការ ឬការអាងខ្នងបង្អែកណាមួយ មិនអាចយកមកធ្វើជាហេតុផលដើម្បីបំពានច្បាប់បានជាដាច់ខាត។
៣. នគរបាលចរាចរណ៍៖ ជាអាជ្ញាកណ្តាលតែមួយគត់នៅលើដងផ្លូវ
នៅលើសមរភូមិចរាចរណ៍ មានតែច្បាប់និងមន្ត្រីនគរបាលចរាចរណ៍ (ដែលជាអ្នកអនុវត្តច្បាប់)ប៉ុណ្ណោះ ដែលមានសិទ្ធិអំណាចស្របច្បាប់ក្នុងការកំណត់ភាព «ត្រូវ» ឬ «ខុស»។ «ដងផ្លូវមិនមែនជាកន្លែងកាត់សេចក្តីតាមច្បាប់ព្រៃ ឬតាមកម្លាំងបាយ និងឥទ្ធិពលបុគ្គលនោះឡើយ។ នៅពេលមានការប៉ះទង្គិចឬបទល្មើសកើតឡើង គ្រប់ភាគីទាំងអស់ត្រូវតែសម្របសម្រួល និងគោរពតាមការសម្រេចក្ដីរបស់មន្ត្រីជំនាញ។ ការប្រើហិង្សា ការជេរប្រមាថ ឬការទូរស័ព្ទរកខ្សែញាតិមកគំរាមកំហែងមន្ត្រីអូសទាញខុសរឿង គឺជាទង្វើអសីលធម៌ ដែលត្រូវតែរួមគ្នាលុបបំបាត់ចេញពីសង្គមខ្មែរ។
៤. ខុសត្រូវទទួលទោស៖ ស្មើភាពគ្នាចំពោះមុខច្បាប់
ដើម្បីឱ្យច្បាប់មានភាពសក្តិសិទ្ធិ ការអនុវត្តត្រូវតែមានតម្លាភាពនិងសមភាព។ អ្នកមាន អ្នកក្រ អ្នកធំ អ្នកតូច ឡានស៊ីវិល ឬឡានយោធា កាលបើបានប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍ហើយ «ត្រូវតែទទួលទោសនិងការផាកពិន័យដូចគ្នា ដោយគ្មានការលើកលែង»។ ការពិន័យមិនត្រូវមើលទៅលើមុខបុគ្គលឬស្លាកលេខឡាននោះទេ ប៉ុន្តែត្រូវមើលទៅលើទង្វើល្មើស។ នៅពេលដែលសង្គមមួយអាចធ្វើរឿងនេះបាន ទំនុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធយុត្តិធម៌នឹងកើនឡើងខ្ពស់ ហើយគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងឆក់យកជីវិតមនុស្សរាល់ថ្ងៃ ក៏នឹងត្រូវកាត់បន្ថយជាអតិបរមាផងដែរ។

សន្និដ្ឋាន
ការគោរពច្បាប់ចរាចរណ៍ មិនមែនធ្វើឡើងដើម្បីតែគេចពីការផាកពិន័យរបស់នគរបាលនោះទេ ប៉ុន្តែវាជាការការពារជីវិតខ្លួនឯង និងជីវិតអ្នកដទៃ។ ឋានៈនិងទ្រព្យសម្បត្តិ គឺជារបស់ក្រៅខ្លួនដែលអាចប្រែប្រួលបាន ប៉ុន្តែ «សេចក្ដីថ្លៃថ្នូរនិងតម្លៃនៃជីវិតមនុស្ស» គឺស្មើៗគ្នា។ សូមរួមគ្នាបង្កើតវប្បធម៌បើកបរមួយដែលឈរលើគោលការណ៍៖ «ច្បាប់ជាធំ ស្មើភាពគ្នា យោគយល់គ្នា និងសុវត្ថិភាពជាចម្បង» ដើម្បីនាំមកនូវសន្តិភាពផ្លូវថ្នល់ និងភាពរុងរឿងពិតប្រាកដដល់សង្គមជាតិកម្ពុជាយើងទាំងមូល៕
ដោយ៖ បណ្ឌិត ឈត ប៊ុនថង សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


