Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យកុមារជាតិ រកឃើញកុមារកើតជំងឺមហារីក១០០នាក់ក្នុងមួយឆ្នាំ ជាចំនួនគួរឱ្យព្រួយបារម្ភ

បានផុស

នៅ

នាយកមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រាប់កម្ពុជាថ្មីឱ្យដឹងថា ជាមធ្យមក្នុងមួយឆ្នាំៗ រកឃើញកុមារកើតជំងឺមហារីកប្រមាណ១០០នាក់ ដែលបានមកពិគ្រោះ ពិនិត្យ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលជាចំនួនមួយគួរឱ្យព្រួយបារម្ភ។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហារីកលើកុមារមានច្រើនប្រភេទ ដូចជា មហារីកគ្រាប់ឈាម  កោសិកាខួរក្បាល កូនកណ្ដុរ  តម្រង់នោម  កោសិកាបន្ដពូជ  សាច់ដុំ  ឆ្អឹង និង កោសិកាប្រសាទ ។ ល។ មានកត្តាប្រឈមមួយចំនួនដែលបណ្តាលឱ្យមានជំងឺនេះដូចជា ការប្រែប្រួលហ្សែន( Genetic) បរិស្ថានរស់នៅ និងការបង្ករោគ ដោយមេរោគមួយចំនួន។ នេះបើតាមលោកវេជ្ជបណ្ឌិត បានថ្លែងប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៥។

លោកវេជ្ជបណ្ឌិតឱ្យដឹងថា «ពីដើមយើងតែងតែគិតថា ជំងឺមហារីក ឬជំងឺទឹកនោមផ្អែមច្រើនតែកើតតែទៅលើមនុស្សចាស់ តែបច្ចុប្បន្ននេះវាកើតទៅលើកុមារផងដែរ។ ពីមុនក្មេងបត់ឃើងធំមកមានឈាមគិតថា វាជាជំងឺរាគមូលធម្មតា​តែបច្ចុប្បន្នដោយមានឧបករណ៍ទំនើបថតឆ្លុះទៅឃើញថា កុមារមានជំងឺរលាកក្រពះ និងដុះសាច់នៅក្នុងពោះវៀនដូចមនុស្សចាស់ដែរ តែមានចំនួនតិចតួចទេ។ ចំណែកជំងឺមហារីកកុមារភាគច្រើនជាជំងឺមហារីកគ្រាប់ឈាម»។

ចំពោះរោគសញ្ញានៃជំងឺមហារីកលើកុមាររួមមាន មានដុំសាច់នៅត្រង់កន្លែងណាមួយនៃរាងកាយ ឈឺក្បាល និង ក្អួតញឹកញាប់ ឧស្សាហ៍ក្ដៅខ្លួនញឹកញាប់ដោយគ្មានមូលហេតុ  ឈឺឆ្អឹងតាមសន្លាក់ដៃ ឫជើង ឫ មួយតួខ្លួន ស្លេកស្លាំង អស់កម្លាំង និងស្នាមជាំលើស្បែក ដោយមិនមានមូលហេតុ។

ក្នុងនាមនាយកមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានក្រើនរំឭកដល់ឪពុកម្តាយ អាណាព្យាបាល ប្រសិនបើឃើញកុមារមាន សញ្ញាណាមួយ ឫច្រើន ក្នុងចំណោមរោគសញ្ញាខាងលើ ត្រូវរួសរាន់ នាំកូនៗមកពិគ្រោះ ជាមួយក្រុមគ្រូពេទ្យជំនាញមហារីកកុមារ នៅមន្ទីរកមារជាតិ។

បើតាមមន្ទីរពេទ្យកុមារជាតិ តួរលេខ ១០០នាក់ដែលរកឃើញលើកុមារកើតជំងឺមហារីកក្នុងមួយឆ្នាំវាជាតួរលេខមួយដែលគួរឱ្យបារម្ភ ដោយសារមុនពេលដែលមន្ទីរពេទ្យកុមារជាតិបង្កើតផ្នែកជំងឺមហារីក គឺមិនមានតួរលេខរបស់អ្នកជំងឺឡើយ ប៉ុន្តែក្រោយពីបង្កើតផ្នែកមហារីកហើយ តេស្តរកឃើញមហារីកច្រើនលើកុមារដែលជាតួរលេខមួយគួរឱ្យចាប់អារម្មណ៍ និងបារម្ភ។

យោងតាមការវាយតម្លៃអង្គការសុខភាពពិភពលោក បានវាយតម្លៃថាក្នុងមួយឆ្នាំៗ កុមារនៅកម្ពុជារកឃើញថាមានជំងឺមហារីកជិត ៦០០នាក់ ជារៀងរាល់ឆ្នាំ។  

នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» កាលពីដើមខែឧសភា ឆ្នាំ ២០២៥  រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកសាស្រ្តាចារ្យ ឈាង រ៉ា បានឱ្យដឹងថា ក្នុងមួយឆ្នាំមានពលរដ្ឋកម្ពុជាជាង១ម៉ឺន៤ពាន់នាក់ស្លាប់ដោយសារជំងឺមហារីក ដោយក្នុងមសនុស្សម្នាក់ស្លាប់រៀងរាល់៤០នាទីម្ដង។ លោកបានបន្តថា អត្រាមរណដោយសារជំងឺមហារីកនៅកម្ពុជាមានកម្រិតខ្ពស់ដល់ទៅ៧០% ដែលទាមទារឱ្យមានវិធានការដោះស្រាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម