Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ ថា ចំណាត់ការបញ្ហាព្រំដែនជាមួយថៃ ស្ដែងឱ្យឃើញពីភាពចាស់ទុំលើកិច្ចការពារជាតិរបស់កម្ពុជា

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា ចំណាត់ការលើបញ្ហាព្រំដែនដ៏ចម្រូងចម្រាសជាមួយថៃ បានស្ដែងឱ្យឃើញពីភាពចាស់ទុំរ​បស់រាជរដ្ឋាភិបាលកម្ពុជាជុំវិញកិច្ចការពារទឹកដី តាមរយៈគោលការណ៍ដោះស្រាយដោយសន្តិវិធី ផ្អែកលើយន្តការការទូត និងច្បាប់អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសមាជសភា កាលពីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ពីជំហររបស់កម្ពុជា ដែលប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងន័យនេះ បើតាមសម្ដេចនាយករដ្ឋមន្ត្រី គឺកម្ពុជា នឹងយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង ដើម្បីបញ្ចប់បញ្ហាព្រំដែនច្រំដែលនេះជាមួយប្រទេសថៃ។

គោលជំហរដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត លើយន្តការដោះស្រាយបញ្ហាព្រំដែនជាមួយថៃបែបនេះ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញសារគាំទ្រយ៉ាងពេញទំហឹង។ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ថា ដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាចំណាត់ការប្រកបដោយភាពចាស់ទុំក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

បើទោះបីកម្ពុជាប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនតាមបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏ សម្ដេចធិបតី បញ្ជាក់ថា កម្ពុជានៅតែបន្តរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធក្នុងករណីមានការឈ្លានពានទឹកដីកម្ពុជាដោយប្រើប្រាសកម្លាំងកងទ័ព។ ត្រង់ចំណុចនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសគាំទ្រឥតងាករេចំពោះការប្រើកម្លាំងប្រដាប់អាវុធតបតទៅវិញ បើភាគីថៃបំពានលើកម្ពុជា។

ទន្ទឹមគ្នានេះ លោក ស សុខា ក៏គាំទ្រអនុសាសន៍របស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ផងដែរ ដែលបានជំរុញឱ្យរាជរដ្ឋាភិបាលត្រៀមទាំងយន្តការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ និងបន្តនាំបញ្ហានេះទៅតុលាការយុត្តិធម៌អន្តរជាតិ ទោះបីជាភាគីថៃពុំយល់ព្រមក៏ដោយ។ នេះជាចំណាត់ការ និងអនុសាសន៍ប្រកបដោយភាពចាស់ទុំ និងមុតស្រួចបំផុតរបស់ថ្នាក់ដឹកនាំកម្ពុជា ទាំងខាងនយោបាយ ការទូត និងយោធា ដែលធ្វើឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេស មានទំនុកចិត្តខ្ពស់ និងរស់នៅប្រកបដោយភាពកក់ក្ដៅបំផុត។ ឧបនាយករដ្ឋមន្ត្រី ស សុខា បន្ថែមដូច្នេះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាត់វិធានការនានា ដើម្បីការពារបូរណភាពទឹកដី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម