Connect with us

ព័ត៌មានអន្ដរជាតិ

លម្អិតសាវតារមេបញ្ជាការភូមិភាគ ២ ថៃ ដែលបង្កភាពតានតឹង នៅព្រំដែនជាមួយកម្ពុជា 

បានផុស

នៅ

ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង (Boonsin Padklang) មេបញ្ជាការភូមិភាគ២ គ្រោងនឹងចូលនិវត្តន៍នៅថ្ងៃទី១ តុលា ឆ្នាំ២០២៥ ខាងមុខនេះ។ មុនពេលចូលនិវត្តន៍ បុរសមុខឌឺក្នុងជួរយោធា​ថៃ​​រូប​នេះ​បានបង្កការចាប់អារម្មណ៍ពីសំណាក់​​ប្រជាជនថៃនិង​ប្រជាជន​ខ្មែរ​​មិនតិច​ទេ​ បន្ទាប់ពីចំណាត់ការដ៏រហ័សលើកងទ័ពកម្ពុជា កាលពី​​​​​ថ្ងៃ​​ទី​២៨ ខែ​ឧសភា ក្នុងពេលដែលស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ កំពុងតែតានតឹងខ្លាំង។

មិនតែប៉ុណ្ណោះ លោកត្រូវបានប្រជាជនថៃចាត់ទុកជាតួអង្គសំខាន់បំផុត​ក្នុង​ការ​គ្រប់​គ្រង​ស្ថានការណ៍​ដ៏តាន​តឹង​ នៅ​តាមច្រក​ព្រំដែន​ ជា​ពិសេស​តំបន់​មុំបី នៃខេត្ត​អ៊ូប៊ុន រ៉ាត់ថានី ចំពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា និង​ចលនា​យោធា​ដ៏រសើបនាពេលកន្លងមក។

តើមេបញ្ជាការភូមិភាគ២របស់ប្រទេសថៃ ដែលបង្កភាពតានតឹងនៅព្រំដែនជាមួយកម្ពុជា មានសាវតារយ៉ាងណា?

ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង (Boonsin Padklang) មេបញ្ជាការភូមិភាគ២, រូបភាព៖ SANOOK
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាគ៌ាជីវិត និងការអប់រំ របស់ឧត្តម​សេនីយ៍​ឯក ប៊ុនស៊ីន ផាត់ឃ្លាំង

មេភូមិភាគរូបនេះ កើតនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ១៩៦៥ នៅខេត្ត Udon Thani ​នៃភាគឦសាន ប្រទេសថៃ។ មុនពេលក្លាយជា​ឧត្តម​សេនីយ៍​ឯកមកទល់សព្វថ្ងៃ លោកប៊ុន​ស៊ីន បានចាប់​ផ្តើម​ដំបូងពីថ្នាក់បឋមក្នុង​សាលា​សហគមន៍ Ban Dung និង​មធ្យមសិក្សា​នៅ​សាលា Ban Dung Wittaya ថ្នាក់​ទី ១០ បន្ទាប់​មក​ចូលប្រឡូកក្នុងជួរ​​យោធា ដោយ​សិក្សា​នៅ​សាលា​ត្រៀម​យោធា​ជំនាន់​ទី២៦ មុន​នឹង​បន្ត​ការ​សិក្សា​នៅរាជ​បណ្ឌិត្យ​សភា​យោធា Chulachomklao (CRMA) ថ្នាក់​ទី ៣៧ ដើម្បី​ត្រៀម​ខ្លួន​ចូល​បម្រើ​ការងារ​ថ្នាក់​ឧត្តម​សិក្សាជាន់ខ្ពស់។

លើសពីនេះទៀត លោក​ក៏​បាន​សិក្សា​វគ្គ​មន្ត្រី​បុគ្គលិក​នៅ​បញ្ជាការដ្ឋានកងទ័ព និងមហាវិទ្យាល័យអគ្គសេនាធិការ វគ្គទី ៧៧ នៃវគ្គសំខាន់ គឺជាផ្លូវដែលផ្តល់ឲ្យគាត់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរីកចម្រើនក្នុងជួរកងទ័ព។

ផ្លូវទៅកាន់អាជីព និងតួនាទីក្នុងជួរកងទ័ពនាពេលកន្លងមក

បន្ទាប់ពីបញ្ចប់ការសិក្សាពីរាជបណ្ឌិត្យសភាយោធា លោកបានបម្រើការងារជាមេបញ្ជាការកងវរសេនាតូចនៅកងវរសេនាធំថ្មើរជើងលេខ៣ ក្នុងខេត្ត Sakhon Nakhon មុនផ្លាស់ទៅដឹកនាំកងពលលេខ២២ដែលមានក្រុមការងារពិសេស Ranger Regiment ។

ការងារនៅ Ranger លោក ប៊ុនស៊ីន​ បំពេញការងារ​នៅ​ភាគខាងត្បូង​ប្រទេស​ គឺ​ខេត្ត Pattani ចន្លោះពីឆ្នាំ ២០១២ ដល់ ២០១៤។ នៅពេលនោះ កងកម្លាំងសន្តិសុខបានក្លាយជាគោលដៅជាញឹកញាប់ពីការប្រហាររបស់ក្រុមបះបោរ និងការគប់​គ្រាប់បែកនៅតាមដងផ្លូវ។

អ្វីដែលធ្វើឲ្យប្រជាជនថៃស្ងប់ស្ងែងបំផុតលើមេភូមិភាគរូបនេះ គឺមានពេលមួយ ក្បួនរថយន្តរបស់គាត់ត្រូវបានរងការវាយប្រហារ ប៉ុន្តែបានចាកចេញពីរថយន្តដោយសុវត្ថិភាព ហើយបានបាញ់តបតវិញដើម្បីរំដោះការពារកូនចៅ។ រឿងនេះបានធ្វើឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រជាជនថៃ ដោយកាលណោះបានកោតសរសើរពីភាពក្លាហានរបស់គាត់យ៉ាងភ្លូកទឹកភ្លូកដី។

ក្រោយមកទៀត គាត់បានក្លាយជានាយសេនាធិការ និងបន្ទាប់មកជាមេបញ្ជាការកងពលធំថ្មើរជើងទី៣ នៅជំរំ Suranaree ក្នុងខេត្ត Nakhon Ratchasima។

តួនាទីដ៏សំខាន់របស់គាត់គឺសមត្ថភាពក្នុងការទំនាក់ទំនង បញ្ជា និងគ្រប់គ្រងស្ថានភាពនៅក្នុងតំបន់ហានិភ័យទាន់ហេតុការណ៍។ ជាពិសេសនោះគឺ គាត់បានប្រមូលនូវបទពិសោធន៍យ៉ាងច្រើននៅតំបន់ព្រំដែនភាគឦសាន ចាប់ពីកម្រិតថ្នាក់មេ​បញ្ជាការ​កងពលតូច​ រហូតដល់ថ្នាក់កងវរសេនាធំ។

ប្រការនេះ បាននាំឲ្យគាត់ត្រូវបានគេជឿជាក់ ឲ្យចូលកាន់តំណែងជាមេបញ្ជាការទី៤៤ នៃកងទ័ពភូមិភាគ២ បន្តពីលោកឧត្តមសេនីយឯក Adul Boonthamcharoen ដោយមុខងារផ្លូវការរបស់លោក បានចាប់ផ្តើមកាលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ព្រមជាមួយនឹងគោលដៅសំខាន់ៗគឺនៅតាមព្រំដែនជាប់កម្ពុជា និងឡាវ។

ទោះបីជាយ៉ាងណាក៏ដោយ ផ្អែកតាម​សេចក្តីរាយការណ៍មកថា ប្រទេសថៃនាពេលមុខនឹងការ​ដោះដូរ​មេ​​​បញ្ជាការ​​​​ភូមិភាគ​២​ដែលមានឧត្តមសេនីយទោរហូតដល់ទៅ​៣រូប​ ដែលជាបេក្ខជនមានសក្តានុពល​ក្នុងការ​ចូលកាន់តំណែង​បន្ត នៅ​​​ដើម​ខែ​តុលា​​ឆ្នាំ​នេះ។

ឥស្សរជនទីមួយជាបេក្ខជនឈានមុខគេ និងអាចស្នងតំណែងជាមេបញ្ជាការភូមិភាគ២ គឺឧត្តមសេនីយ៍ទោ Veerayuth Raksilp ជាអតីតសិស្សសាលាយោធា Armed Forces Academies Preparatory School ជំនាន់ទី២៦។ ក្នុងពេលបច្ចុប្បន្ន លោកជាមេបញ្ជាការរងនៃភូមិភាគ២។

ទីពីរគឺ ឧត្តមសេនីយ៍ទោ Norathip Poinok ក៏រៀននៅជំនាន់ទី២៦ នៃសាលាយោធារួមគ្នា ប៉ុន្តែមានបទពិសោធន៍តិចជាង លោក Veerayuth ។ លោកក៏ជាមេបញ្ជាការរងនៅភូមិភាគ២ ចាប់តាំងពីឆ្នាំ២០២៤ មកដែរ។

ចំណែកបេក្ខជនទី៣ គឺឧត្តមសេនីយ៍ទោ Nat Sri-in រៀននៅជំនាន់ទី២៧ នៃសាលាយោធាដូចអ្នកខាងលើដែរ ។លោកត្រូវបានតែងតាំងជាមេបញ្ជាការរងនៅភូមិភាគ២ ចាប់តាំងពីឆ្នាំ២០២៤ និងមានបទពិសោធន៍ក្នុងការប្រយុទ្ធជាច្រើន។ ទន្ទឹមគ្នានោះ លោកក៏ចេះភាសាខ្មែរច្រើនគួរសមដែរ។

រូបភាព៖ Nation

ដោយឡែក ថ្វីបើឧត្តម​សេនីយ៍​ឯក ប៊ុនស៊ីន ផាត់ឃ្លាំង មានតួនាទីរជូរមុខនៅក្នុងព្រឹត្តិការណ៍ដែលមានភាពតានតឹងខ្លាំងរវាងកម្ពុជា-ថៃក៏ពិតមែន។ តែបើក្រឡេកមកមើលជីវិតឯកជនទាក់ទិននឹងអាកប្បកិរិយា មេភូមិភាគរូបនេះក៏ដឹកនាំជីវិតផ្ទាល់ខ្លួនដ៏ស្ងប់ស្ងាត់ ពោលគឺជាអ្នកគោរពប្រតិបត្តិពុទ្ធសាសនា ដោយមានជំនឿដ៏ងុបងល់ ជារឿយៗគាត់តែងតែធ្វើបុណ្យតាមវត្តអារាមនៅឯចុងសប្តាហ៍។ គាត់ក៏មានព្រះពុទ្ធរូបចំនួន២០អង្គ ហើយបានប្រគេនទៅព្រះសង្ឃចំនួន១៤អង្គ ព្រមទាំងមានអាសនៈសម្រាប់បន់ស្រនផ្ទាល់ខ្លួនដ៏ធំនៅផ្ទះរបស់គាត់ផងដែរ។

ជាងនេះទៅទៀត បុរសវ័យ៦០ឆ្នាំ​ជាតិនិយមថៃ ក៏មានចំណងចំណូលចិត្តធ្វើសមាធិ ហាត់ប្រាណ នៅពេលដែលទំនេរពីកិច្ចការយោធា គាតក៏ជាមនុស្សស្រលាញ់សត្វបំផុត ដោយបានមើលថែទាំសត្វឆ្កែដែលវង្វេងគ្មានទីជម្រក និងបានចិញ្ចឹមឆ្កែព្រៃ២ក្បាល ឈ្មោះ Porjai និង Maneedaeng តែងតែដើរតាមគាត់គ្រប់ពេលវេលា៕

ទី១ឧត្តមសេនីយ៍ទោ Veerayuth Raksilp, ទី២ ឧត្តមសេនីយ៍ទោ Norathip Poinok,ទី២ ឧត្តមសេនីយ៍ទោ Nat Sri-in (រូបភាព៖ nationtv.tv)

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លោក Veerayuth Raksilp ​មានភាគរយ​ខ្ពស់ ​ជំនួស​តំណែងលោក Boonsin Padklang ​


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម