Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន Chevrolet បោះទុនជិត ២០ លានដុល្លារ បើក​រោងចក្រដំឡើងរថយន្តនៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន General Motors (GM) ត្រូវបានផ្ដល់សិទ្ធផ្ដាច់មុខ ក្នុងការផ្គុំដំឡើងរថយន្ត Chevrolet នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ។

រោងចក្រដំឡើងរថយន្ដ Chevrolet មានតម្លៃ ១៩លានដុល្លារ និងគ្រោងបើកដំណើរការនៅក្នុងត្រីមាសទី១ នៃឆ្នាំ​២០២៦ ខាងមុខនេះ។ នៅពេលបើកដំណើរការរោងចក្រនេះនឹងមានសមត្ថភាពអាចផលិតរថយន្ដបានចន្លោះពី ១ ម៉ឺន គ្រឿង ដល់ ១ ម៉ឺន ២ ពាន់គ្រឿងក្នុងមួយឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងក្នុងពិធីសម្ពោធរថយន្ត ភីកអាប់ ហ្សេវរ៉ូឡេ ខូឡូរ៉ាដូ (Chevrolet Colorado) នៅសាល ដី ព្រេមៀ សេនធ័រ សែនសុខកាលពីថ្ងៃសុក្រទី០១ ខែសីហា ឆ្នាំ ២០២៥។

លោកអគ្គលេខាធិការបានសម្តែងនូវការអបអរសាទរចំពោះក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង ក្នុង​ការសម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យមួយនេះ ហើយក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន GM ដែលបានជ្រើសរើសយកប្រទេសកម្ពុជា ដែលជាប្រទេសតែមួយគត់ក្នុង​តំបន់អាស៊ានដែល​ត្រូវបានជ្រើសរើស និងទទួលបានសិទ្ធិពិសេសពីក្រុមហ៊ុន GM ក្នុងការផ្គុំដំឡើងរថយន្ត Chevrolet។

លោកអគ្គលេខាធិការបានលើកឡើងនូវយុទ្ធសាស្ត្រចម្បងចំនួនពីរសម្រាប់ឱ្យក្រុមហ៊ុនធ្វើការពិចារណា ដែលយុទ្ធសាស្ត្រទីមួយគឺការពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក និងទីពីរគឺសូមឱ្យក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង ចូលរួមជំរុញធ្វើឱ្យប្រ​ទេស​កម្ពុជាក្លាយ​ជាមជ្ឈមណ្ឌលប្រមូល​ផ្តុំការនាំចេញទាំងផលិតផលរថយន្ត និងទាំងគ្រឿងបង្គុំរថយន្ត។

លោកអគ្គលេខាធិការ ក៏បានលើកឡើងអំពីការបន្តប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបាននូវបរិយាកាសវិនិយោគមួយដែលមានភាពអំណោយផល និងអាចប៉ាន់ប្រមាណទុកជាមុនបាន។

កម្ពុជាបានឆ្លើយតបយ៉ាងឆាប់រហ័សទៅលើបញ្ហា​ពន្ធគយ​បដិការរបស់សហរដ្ឋអាមេរិក ដែលកម្ពុជាសម្រេចបានការកាត់បន្ថយ​អត្រាពន្ធគយ​បដិការពី៤៩% មកត្រឹម៣៦% ហើយចុងក្រោយមកត្រឹម ១៩%។

នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជា វិនិយោគិន និងធុរជនទាំងអស់ដែលកំពុង​មានសកម្មភាពអាជីវកម្មនៅកម្ពុជា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម