Connect with us

ព័ត៌មានជាតិ

មេសិទ្ធិមនុស្សកម្ពុជាសុំស្ថាប័នអន្តរជាតិជំរុញថៃបញ្ជូនយោធិន១៨រូបមកវិញភ្លាមៗ កុំបង្អង់ កុំស្ដាប់ព្រោះថៃពូកែកុហក ១ថ្ងៃកុហក១ពាន់ដង

បានផុស

នៅ

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានសុំស្ថាប័នអន្តរជាតិជួយជំរុញឱ្យថៃបញ្ជូនយោធិនកម្ពុជាចំនួន១៨រូបដែលថៃចាប់យកទៅក្រោយបទឈប់បាញ់មកវិញភ្លាមៗ កុំបង្អង់យូរតទៅ និងកុំស្ដាប់សម្ដីបកស្រាយបំភាន់របស់ថៃ ព្រោះថៃពូកែកុហក ១ថ្ងៃកុហក១ពាន់ដង។ លោក កែវ រ៉េមី លើកដូច្នេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី០៥ ខែសីហា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សរសេរលើគណនីហ្វេសប៊ុកផ្លូវការដូច្នេះ៖«ខ្ញុំបានជួបស្ថាប័នអន្តរជាតិមួយដោយខ្ញុំសុំឲ្យក្រុមគាត់ជួយដល់យោធិនដែលថៃកំពុងឃុំ។ ខ្ញុំបានជម្រាបគាត់ថា បើចង់ជួយទាហ៊ានខែ្មរទាំង ១៨រូប សុំចុះទៅជួយភ្លាមកុំបង្អង់ កុំស្តាប់ការបកស្រាយរបស់ថៃ ពីព្រោះពួកគេជំនាញខាងកុហកគឺ កុហករាល់ថ្ងៃ កុហក ១០០០ដងក្នុង ១ថ្ងៃ។ »។

សូមរម្លឹកថា នៅក្នុងវេលាព្រឹកថ្ងៃទី២៩ ខែកក្កដា ក្នុងពេលកងទ័ពកម្ពុជា អត់ធ្មត់ខ្ពស់គោរពបទឈប់បាញ់កងទ័ពថៃ បានឈ្លានពាន នឹងបំពានបទឈប់បាញ់ប្រើល្បិចលបលួចចាប់យកទាហានកម្ពុជាចំនួន២០រូបយកទៅទឹកដីខ្លួនបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ចាប់តាំងពីថ្ងៃចាប់ខ្លួនយកទៅ ថៃបានបញ្ជូនយោធិនកម្ពុជាដែលរងរបួសធ្ងន់ធ្ងរមិនអាចដើរបាន និងម្នាក់ទៀតវង្វេងស្មារតីមកវិញត្រឹមតែចំនួន២រូបប៉ុ​ណ្ណោះ។

ទោះជាស្ថានការណ៏មានការវិវត្តប្រែប្រួលយ៉ាងណាក៏ដោយ សម្ដេច ហ៊ុន ម៉ាណែត អះអាងថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងកំពុងចាត់វិធានការតាមយន្តការចាំបាច់ផ្សេងៗ ដើម្បីឱ្យមានការដោះលែងយោធាកម្ពុជាឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព។

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការយោធភូមិភាគរបស់កម្ពុជា បានស្នើម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ឱ្យធ្វើការជាមួយអាជ្ញាធរថៃលើកិច្ចការនេះ។ បន្ថែមពីនេះ តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ធ្វើបានការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC)។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងគណៈកម្មការសិទ្ធិមនុស្សជាតិរបស់ប្រទេសថៃ (National Human Rights Commission of Thailand) ដើម្បីខិតខំជំរុញបន្ថែមទៀតឱ្យមានការដោះលែង និងបញ្ជូនយោធាកម្ពុជាទាំង១៨ រូប ត្រលប់មកមាតុប្រទេសវិញ ឱ្យបានឆាប់បំផុត។

ចាប់តាំងពីមានភាពតានតឹងជាមួយកម្ពុជា ថៃតែងតែភូតកុហកអន្តរជាតិមិនឈប់ឈរ ថៃចោទកម្ពុជាបង្កបញ្ហាដាក់ថៃមុន ថៃចោទថាកម្ពុជាបិទព្រំដែន ថៃចោទកម្ពុជាដាក់មីនថ្មីតាមព្រំដែនតាមព្រំដែនផ្ទុយពីការពិត ថៃចោទកម្ពុជាថាអ្នកបង្កបញ្ហាបង្ហូរឈាមផ្ទុះអាវុធ និងចោទថាកម្ពុជារំលោភបំពានបទឈប់បាញ់​ និងបំភ្លៃការពិតជាច្រើនផ្សេងទៀត។

ក្រសួងការបរទេសកម្ពុជា ជាថ្មីម្ដងទៀត បានបដិសេធយ៉ាងដាច់អហង្ការរាល់ការចោទប្រកាន់ ភូតកុហករបស់ថៃគ្មានមូលដ្ឋាននៃការពិត។

សម្ដេច ហ៊ុន សែន ក៏ធ្លាប់ថ្លែងថា ថៃចូលចិត្តភូត ហើយមិនត្រឹមតែភូតប្រជាជនកម្ពុជានោះទេ  ថៃភូតទាំងប្រជាជនខ្លួនឯង ហើយហ៊ានភូតទាំងពិភពលោកទៀតផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម