ព័ត៌មានជាតិ
មន្ទីរទេសចរណ៍ខេត្តរតនគិរី ផ្តល់វគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចជូនម្ចាស់អាជីវកម្ម
មន្ទីរទេសចរណ៍ខេត្តរតនគិរី សហការជាមួយអង្គការ SwissContact កំពុងបើកវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃដល់ម្ចាស់តូបលក់អាហារ ភេសជ្ជៈ និងប្រតិបត្តិករភោជនីយដ្ឋានចំនួន ១៥ នាក់ ដើម្បីបង្កើនគុណភាពសេវាកម្មជូនភ្ញៀវទេសចរ។ វគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចឥតគិតថ្លៃនេះ ធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១១ ខែ កញ្ញា ឆ្នាំ ២០២៥ នៅវេលាម៉ោង ០៧:៣០ ព្រឹក ដល់ ១៧:០០ ល្ងាច។

លោកស្រី ស៊ុម សុគន្ធា អនុប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានថ្លែងអំណរគុណដល់ អង្គការ SwissContact ដែលបានសហការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះ ដើម្បីផ្តល់ចំណេះដឹងពីវិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ចជូនដល់ម្ចាស់អាជីវកម្មក្នុងមូលដ្ឋាន។ លោកស្រីសង្ឃឹមថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ ម្ចាស់អាជីវកម្មនឹងទទួលបានមេរៀនថ្មីៗ និងបទពិសោធផ្នែកម្ហូបអាហារ និងបដិសណ្ឋារកិច្ច សម្រាប់ផ្តល់សេវាកម្មកាន់តែល្អប្រសើរជូនភ្ញៀវទេសចរ។
ចំណែកអ្នកស្រី គង់ នីវ៉ា អ្នកសម្របសម្រួល អង្គការSwissContact មានប្រសាសន៍ថា អង្គការបានគាំទ្រផ្តល់ថវិកាជួយដល់វគ្គបណ្តុះបណ្តាលនេះ ដើម្បីពង្រឹងសមត្ថភាពពួកគេបន្ថែម ក្នុងវិស័យម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ច។ អ្នកស្រីចាត់ទុកនេះជាសកម្មមួយ ដើម្បីឱ្យពួកគាត់មានការងារធ្វើ ឬអាចប្រកបអាជីវកម្មជួយដល់ក្រុមគ្រួសារ និងសង្គមជាតិ។

ជាមួយគ្នានេះ លោក ឃុត ហេងលី គ្រូបង្គោលបានប្រាប់ថា វគ្គបណ្តុះបណ្តាលនេះ ផ្តោតទៅម្ចាស់តូបអាហារតាមដងផ្លូវ អ្នកលក់បាយម្ហូប ម្ចាស់ភោជនីយដ្ឋាន។ លោកបន្តទៀតថា គោលបំណងវគ្គនេះផ្តល់ចំណេះដឹងទៅកាន់សិក្ខាកាមដូចជា ការងារជាអ្នកផ្តល់សេវាកម្ម, ការប្រាស្រ័យទាក់ទងក្នុងវិស័យបដិសណ្ឋារកិច្ច , សេវាកម្មប្រណិត, សម្ភារៈប្រើប្រាស់ក្នុងភោជនីយដ្ឋាន, ចំណេះដឹងលើបញ្ជីរមុខម្ហូប, ចំណេះដឹងផ្នែកភេសជ្ជៈ, ជំនាញលក់, ជំនាញផ្តល់សេវាកម្ម, សេវាកម្មភេសជ្ជៈ, លំដាប់លំដោយក្នុងការផ្តល់សេវាកម្មក្នុងភោជនីយដ្ឋាន, និតិវិធីក្នុងភោជនីយដ្ឋាន, អនាម័យ សន្តិសុខ និងសុវត្ថិភាពក្នុងភោជនីយដ្ឋាន។
កញ្ញា នែវ ដួងចាន់ និង លោក ធឿន សុធី ជាជនជាតិដើមភាគតិចទំពួន ជាអ្នកលក់កាហ្វេដូចគ្នា បានប្រាប់កម្ពុជាថ្មីថា មូលហេតុចូលរួមកម្មវិធីនេះ ដើម្បីចង់បានបទពិសោធបន្ថែមពីការឆុងកាហ្វេ និងចំណេះដឹងថ្មីៗ ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេឱ្យលក់ដាច់ជាងមុន។

កន្លងទៅមន្ទីរទេសចរណ៍ខេត្តរតនគិរី បានបើកវគ្គបណ្តុះបណ្តាលចំនួន ៣៣ ដង ដែលមានអ្នកចូលរួម ៥៦៣ ស្រី ៣៤៩ រូប ដើម្បីពង្រឹងសមត្ថភាពយុវជន ចាប់យកជំនាញបដិសណ្ឋាកិច្ច និងមគ្គុទ្ទេសក៍នៅខេត្ត សំដៅធ្វើខេត្តមួយនេះរីកចម្រើនឱ្យកាន់តែប្រសើរទៅលើវិស័យទេសចរណ៍ក្នុងស្រុក៕
អត្ថបទ៖ ខៀវ ចាប
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


