Connect with us

ជីវិតកម្សាន្ដ

រដូវភ្លៀងមកដល់ បង្កើតឱ្យមានចរន្តទឹកនៅតាមអូរ ស្ទឹង អំណោយផលដល់សហគមន៍ជនជាតិដើមភាគតិច រកត្រី

បានផុស

នៅ

នៅដើមរដូវភ្លៀងឆ្នាំនេះ សហគមន៍ជនជាតិដើមភាគតិចនៅខេត្តរតនគិរី បាននាំគ្នាទៅបង់សំណាញ់ចាប់ត្រីតាមអូរ និងស្ទឹង ដើម្បីយកមកធ្វើម្ហូបក្នុងគ្រួសារ។ សហគមន៍ជនជាតិដើមភាគតិចដែលពឹងផ្អែកទៅលើធនធានធម្មជាតិមកពីភូមិប៉ុង ភូមិកាចូនក្រោម និងភូមិទៀមលើ ក្នុងឃុំកាចូន ស្រុកវើនសៃ បានទៅចាប់ត្រីនៅតាមអូរ ស្ទឹង បន្ទាប់ពីមានភ្លៀងធ្លាក់។ ក្រៅពីរកត្រី ពួកគាត់បានចូលព្រៃដើម្បីបេះបន្លែ ផ្លែឈើយកមកទទួលទាន សល់ពីនេះលក់បន្តដើម្បីជាចំណូលបន្ថែមសម្រាប់គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ធុន ថែ ជាកសិករ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ នៅពេលមានភ្លៀងដំបូង លោកតែងត្រៀមសំណាញ់ដើម្បីទៅចាប់ត្រីនៅអូរជិតផ្ទះ។ លោកបញ្ជាក់ថា ឆ្នាំនេះចាប់បានត្រីអណ្តែង ត្រីរ៉ស់ និងត្រីក្រាញ់ ប្រមាណពី១ ទៅ ២គីឡូក្រាម។ ក្រៅពីរកត្រីតាមរដូវកាល ក្នុងរដូវភ្លៀងនេះដែលជាអំណោលផលដល់ការលូតលាស់ផល្លានុផលធម្មជាតិ លោកបានចូលព្រៃដើម្បីបេះបន្លែ ផ្លែឈើទាំងនោះសម្រាប់តម្រូវការក្នុងគ្រួសារ និងលក់ផង។

ស្រដៀងគ្នានេះដែរ លោក គា ជនជាតិដើមភាគតិចគ្រឹង បានលើកឡើងថា លោកមានភាពសប្បាយរីករាយនៅពេលរដូវភ្លៀងធ្លាក់ចូលមកដល់ព្រោះអាចទៅរកត្រីបានច្រើន។ លោកបានរៀបចំសំណាញ់ និងធុងដាក់ត្រីតាំងពីព្រឹកព្រលឹម ហើយចាប់បានត្រីប្រមាណ ៣ គីឡូក្រាម ក្នុងមួយថ្ងៃ។ លោកបញ្ជាក់ថា ប្រសិនបើរកត្រីបានច្រើន គ្រួសារនឹងយកទៅស្លជាមួយផ្សិត និងបន្លែព្រៃ ហើយខ្លះអាចលក់ឱ្យឈ្មួញដើម្បីរកចំណូលបន្ថែម។ ទោះជាយ៉ាងណា លោកក៏កត់សម្គាល់ថា ធនធានត្រីឆ្នាំនេះមានការថយចុះបន្តិចសម្រាប់នៅតំបន់ដែលលោករស់នៅ បើប្រៀបធៀបនឹងឆ្នាំមុនដែលអាចចាប់បានរហូតដល់ ៥ គីឡូក្រាម។

ប្រជាពលរដ្ឋនៅតំបន់នេះ បានឱ្យដឹងថា រដូវភ្លៀងដំបូង គឺជាពេលវេលាអំណោយផលសម្រាប់ការរកត្រី ផ្សិត និងបន្លែព្រៃ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ខណៈសហគមន៍ជនជាតិដើមភាគតិចនៅតែបន្តពឹងផ្អែកលើធនធានធម្មជាតិសម្រាប់ការរស់នៅ៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម