ព័ត៌មានជាតិ
ប្រមុខការពារជាតិកម្ពុជា-ចិន នឹងជួបពិភាក្សាជំរុញទំនាក់ទំនងមិត្តភាពដែកថែប និងវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅ
ប្រមុខការពារជាតិកម្ពុជា នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិចិន នៅទីក្រុងប៉េកាំង ដើម្បីជំរុញទំនាក់ទំនងមិត្តភាពដែកថែប នឹងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតលើវិស័យការពារជាតិរវាងកម្ពុជា និងចិន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាចេញនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ។

តាមសេចក្ដីប្រកាសព័ត៌មានជំនួបពិភាក្សាការងារនេះ គឺនៅក្រៅវេទិកាប៉េកាំងសៀងសាន លើកទី១២ គ្រោងប្រព្រឹត្តទៅពីថ្ងៃទី១៧-១៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ទៅចូលរួមតបតាមការអញ្ជើញរបស់ នាយឧត្តមនាវី តុង ជីន (Dong Jun) រដ្ឋមន្ត្រីការពារជាតិចិន។

ក្នុងពេលចូលរួមវេទិកា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នឹងអញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គទី៤ ស្តីពី “ការកសាងសន្តិភាពតំបន់តាមរយៈកិច្ច សន្ទនា និងការពិគ្រោះយោបល់” (Building Reginal Peace Through Dialogue and Consultation)។

ក្រសួងការពារជាតិកម្ពុជាគូសបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានដូច្នេះ ÷” ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារទ្វេភាគីជាមួយ នាយឧត្តមនាវី តុង ជីន រដ្ឋមន្ត្រីការពារជាតិ ចិន ក្នុងគោលបំណងដើម្បីជំរុញចំណងទំនាក់ទំនង មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការការពារជាតិ រវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។“។

ក្រៅពីនេះ បើតាមសេចក្តីប្រកាសព័ត៌មាន ប្រមុខការពារជាតិកម្ពុជា ក៏នឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិ និងប្រធានប្រតិភូ នៃបណ្តាប្រទេស ជាមិត្ត ដូចជា ឡាវ វៀតណាម ម៉ាឡេស៊ី និង សិង្ហបុរី ក៏ដូចជាជំនួប ជាមួយដៃគូសន្ទនាមួយចំនួនទៀត ដើម្បីពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ការពារជាតិ និងសន្តិសុខជាមួយគ្នា។

កម្ពុជា ចិនមានទំនាក់ទំនងការទូតដ៏ស្អិតរមួតជាមួយគ្នា ហើយតាមរយៈនេះចិនបានជួយពង្រឹងវិស័យការពារជាតិកម្ពុជា តាមរយៈហ្វឹកហ្វឺនបង្កើនសមត្ថភាពកងទ័ពរបស់កម្ពុជានៅលើទឹកដីខ្លួនដូចជាកងទ័ពថ្មើរជើង កងទ័ពអាកាស អ្នកបើកបរយន្តហោះចម្បាំង កងទ័ពដែលលោតឆត្រយោង និងការធ្វើសមយុទ្ធនាគមាសរួមគ្នានៅលើទឹកដីរបស់កម្ពុជាទាំងនៅលើដីគោក និងនៅលើផ្ទៃសមុទ្រដែលប្រើប្រាស់ប្រាស់នាវាល្បាត និងឧទ្ធម្ភាគចក្រ។
កាលពីឆ្នាំ២០២៣ កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការយោធាទ្វេរភាគីជាមួយមហាអំណាចចិន បានដំឡើងខែលការពារមីស៊ីល KS-1C ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រវិស័យការពារជាតិ។ ក្រៅពីនេះ កម្ពុជា ក៏បានទិញកាំជ្រួចធុនធ្ងន់ PHL-03 300 mm ជាច្រើនគ្រឿងដែលជាកាំជ្រួចដែលមានសមត្ថភាព បាញ់កម្ទេចទីបញ្ជាការកងទ័ពសត្រូវ ប្រព័ន្ធលេនដ្ឋាន រថពាសដែក រថក្រោះ វារីអគ្គីសនី អាកាសយានដ្ឋាន និងគោលដៅសំខាន់ៗផ្សេងៗទៀត។

ចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២៥ នេះ ចិន បានចាប់ដៃកម្ពុជា ធ្វើសមយុទ្ធរួមគ្នាចំនួន៧លើក ដោយផ្ដោតទៅលើការសង្រ្គោះមនុស្សធម៌ និងប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ ជារឿយៗក្រោយពីបិទបញ្ចប់សមយុទ្ធនាគមាសរួមគ្នា ចិនក៏បានប្រគល់សព្វាវុធមួយចំនួនឱ្យកម្ពុជា។ ចិនក៏បានជួយធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ដែលជាបញ្ជាការដ្ឋានដ៏សំខាន់មួយផងដែរ និងបានផលិតនាវាចម្បាំងថ្មីចំនួន២គ្រឿង ហើយគ្រោងផ្ដល់ឱ្យកម្ពុជានៅឆ្នាំ២០២៥នេះផងដែរ៕
ដោយ÷ ង៉ិល ណារ៉ាត់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


