Connect with us

វប្បធម៌ ជំនឿ

អាជ្ញាធរជាតិអប្សរា ប្រាប់មូលហេតុសំណាញ់បាំងស្រះមុខអង្គរ និងដំណោះស្រាយជូនទេសចរ

បានផុស

នៅ

មកដល់ពេលនេះ មហាជនមួយចំនួន ពិសេសអ្នកបានទៅទស្សនាប្រាសាទអង្គរ បានលើកមន្ទិលទាក់ទងទៅនឹងរបាំងសំណាញ់ព័ទ្ធជុំវិញស្រះខាងជើងមុខប្រាសាទអង្គរវត្ត។ ក្នុងនោះ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ញឹម ស៊ីដេត បានលើកឡើងថា៖ “ប្លង់ដែលថតរូបល្អបំផុតសម្រាប់ថ្ងៃរះ និងថ្ងៃលិចនៅមុខស្រះខាងជើង ត្រូវបានបិទទុកចោលរាប់ឆ្នាំ មិនដឹងថា ពេលណាអាជ្ញាធរបើកវិញទេ!”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Kao Kosal បានលើកឡើងថា៖ “ប្លង់ដែលល្អបំផុតសម្រាប់ថតថ្ងៃរះនៅមុខស្រះខាងជើង ត្រូវបានបិទទុកចោលរាប់ឆ្នាំ! មិនដឹងថា អ្នកជំនាញ គេមានគម្រោងអីទេ តែយ៉ាងណាក៏បើកឱ្យភ្ញៀវថតរូបស្អាតៗពីកន្លែងនេះដែរ គ្រាន់បើជាងទុកចោលឱ្យស្មៅដុះឥតបានប្រយោជន៍អី”។ ជាមួយគ្នានេះ ក៏មានការលើកមន្ទិលសង្ស័យថា ប្រហែលជាធ្លាប់មានអ្នកជួបឧបទ្ទវហេតុ រអិលធ្លាក់ចូលស្រះ រងគ្រោះដោយប្រការណាមួយ គ្រាប្រច្រៀតគ្នារង់ចាំមើលរះ ពេលព្រលឹមស្រាងៗមេឃនៅងងឹតនៅឡើយនោះ។

ទាក់ទងនឹងចម្ងល់ និងការលើកឡើងខាងលើ លោក ឡុង កុសល អគ្គនាយរងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍បន្តប្រាប់ “កម្ពុជាថ្មី” ថា បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា កំពុងស្តារកំណកដីក្នុងស្រះនៅមុខប្រាសាទអង្គរ នៅក្នុងគម្រោងជួស​ជុលស្រះខាងជើងប្រាសាទអង្គរវត្ត។

លោក ឡុង កុសល មានប្រសាសន៍ថា៖ “កន្លែងស្រះហ្នឹង ជាការដ្ឋានដែលមិនទាន់រួចរាល់បញ្ចប់នៅឡើយ អត់ធ្លាប់ជួបគ្រោះថ្នាក់អ្វីទេ ហើយក្នុងពេលឥឡូវ ដោយសារខែវស្សាផង មានភ្លៀងច្រើន ដោយសារមានភ្លៀងច្រើន យើងក៏ឆ្លៀត ព្រោះកន្លងមក យើងធ្លាប់ធ្វើការកាយដីមួយចំនួនដែរ អ៊ីចឹងពេលភ្លៀងអ៊ីចឹង ទុកឱ្យភ្លៀងជួយបង្ហាប់ដីនៅខាងក្រោមផងដែរ”។

ការធ្វើកំណាយនេះមានគោលបំណងលើកតម្លៃស្រះ ដែលជាផ្នែកមួយ នៃស្ថាបត្យកម្មប្រាសាទអង្គរ ទម្រង់ស្ថាបត្យកម្មប្រាសាទសម្រាប់ការពង្រឹងជួសជុលលើសោភណ្ឌភាពស្រះ និងទម្រង់ទស្សនីយភាពទេសចរ។

លោក ឡុង កុសល មានប្រសាសន៍បន្តថា៖ “នេះជាការដ្ឋាន សូមឱ្យមានការយោគយល់។ ចំពោះការថតរូបមុខស្រះអង្គរនេះ យើងមានស្រះមួយចំហៀងទៀត។ តាំងពីរដូវប្រាំង យើងបានខិតខំបំពេញទឹក ដើម្បីឱ្យស្រះចំហៀងខាងត្បូងពេញ ដើម្បីភ្ញៀវទេសចរជាតិ អន្តរជាតិងាយស្រួលបានថតរូប”។

ស្រះខាងត្បូង

គួរបញ្ជាក់ថា កន្លងមកស្រះខាងជើង និងខាងត្បូងមុខអង្គរវត្ត ត្រូវបានបំផ្លាញដោយធម្មជាតិ នៅក្នុងឆ្នាំ១៩២០-២១។ សាលាបារាំងចុងបូព៌ា មាន លោក HENRI Machal (ហង់រី  ម៉ាហ្សាល់) បានធ្វើកំណាយ និងជួសជុលឡើងវិញ។ នៅឆ្នាំ២០០៥-២០០៧ ក្រុមការងារបុរាណវិទ្យាក៏បានសិក្សារចនាសម្ពន្ធស្រះខាងត្បូង រកឃើញជណ្តើរចំនួន ៦កាំ ដែលមានស្ថានភាពល្អ និងជណ្តើរថ្មបាយក្រៀមពុកផុយ និងបាតគ្រឹះមានសភាពនៅល្អនៅឡើយ។

នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣០ របស់គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចការគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ នៅខែមិថុនា ឆ្នាំ២០១៨ អ្នកស្រី នេត ស៊ីមន បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការធ្វើកំណាយនេះមានចំនួន ២ទីតាំង។ ទីតាំងទី១ កំណាយមាន ៣រណ្តៅជាប់គ្នា ហើយលទ្ធផលបឋមបានបង្ហាញអំពីការរៀបចំគ្រឹះ មាត់ស្រះ និងជណ្តើរ ៣កាំចុះក្រោមសាងអំពីថ្មភក់ និងកាំជណ្តើរក្រោមៗទៀតធ្វើអំពីថ្មបាយក្រៀមកប់ដីដែលមានសភាពទ្រុឌទ្រោមខូចខាតរូបរាងក្នុងទម្រង់មិនច្បាស់លាស់ ពិបាកសន្និដ្ឋានថា ជាកាំជណ្តើរ ឬជាដីបុកបង្ហាប់ធ្វើជាបាតស្រះ៕

អត្ថបទ៖ ច័ន្ទ ​វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម