វប្បធម៌ ជំនឿ
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ឥតគិតថ្លៃ នឹងចាប់ផ្ដើមនៅខែក្រោយ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្រសួងនឹងរៀបចំ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដោយមិនបង់ថ្លៃ សម្រាប់ឆ្នាំ២០២៤ ចាប់ពីខែកុម្ភៈ នេះតទៅ នៅទីតាំងចំនួន ១៣ ក្នុង ៨ រាជធានី-ខេត្ត។

ជំនាញដែលនឹងបណ្តុះបណ្តាលនោះ រួមមាន៖ ខ្មុកស្មាច់ ចម្លាក់ប្រាក់/ស្ពាន់ ចម្លាក់ស្បែក ចម្លាក់ថ្ម តម្បាញក្រមាត្រុំ ស្មូនឆ្នាំង ផលិតឧបករណ៍ភ្លេង តម្បាញសូត្រ គំនូរពណ៌ គំនូរបុរាណ និងចម្លាក់ស្មិត។

ចំពោះសិស្សដែលមកអំពីគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យដែលមានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ ម៉ឺនរៀលក្នុងមួយខែ ដោយត្រូវបំពេញលក្ខខណ្ឌសិក្សាឱ្យបានត្រឹមត្រូវ។

សូមប្រញាប់រួសរាន់ចុះឈ្មោះចូលរៀន ព្រោះកន្លែងសិក្សាមានកំណត់។ សាធារណជន ពិសេសយុវជនដែលមានបំណងចង់សិក្សាជំនាញខាងលើ សូមទាក់ទងមកលេខាធិការដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការតាមរយៈលេខទូរសព្ទ៖ ០១៧ ៤៣១ ៣០២ / ០៨៨ ៨៥៣ ៥៦៣៦ / ០៩៦ ៥២២ ៧៣៦៩។ Telegram: 0១៧ ៤៣ ១៣ ០២ អ៊ីម៉ែល: [email protected] ឬ Facebook: កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ។

គួររំលឹកថា ខណៈរដ្ឋាភិបាលគ្រោងបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ដល់និស្សិតក្រីក្រជាង ១,៥ លាននាក់នេះ អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន កាលពីដើមឆ្នាំ២០២៣ បានស្នើឱ្យមាននិស្សិតយ៉ាងហោចណាស់ពី ២ភាគរយ ទៅ ៤ភាគរយ សម្រាប់ការសិក្សាវិជ្ជាជីវៈជំនាញដូនតា ដោយសម្តេចស្នើឱ្យមានការយកចិត្តទុកដាក់លើការបណ្តុះបណ្តាល ដើម្បីកុំឱ្យបាត់បង់ ជាពិសេសវិជ្ជាជីវៈទាំងនេះ ស្ថិតក្រោមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

រដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យស្ដីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងនូវហានិភ័យ ដើម្បីផ្តល់ឱកាសស្មើៗគ្នាដល់ពួកគេក្នុងការទទួលបានការអភិវឌ្ឍជំនាញ និងឱកាសការងារកាន់តែល្អប្រសើរសម្រាប់បង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានបញ្ជាក់ថា សិស្សដែលបានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈដូនតា នឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលក្នុងមួយខែ ហើយដែលកម្មវិធីសិក្សានេះមានការសម្របសម្រួលបណ្តុះបណ្តាលដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ វគ្គសិក្សានេះមានរយៈពេល ៤ខែ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


