វប្បធម៌ ជំនឿ
លោក សាយ សំអាល់៖ ការគ្រប់គ្រងតំប់នរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ គឺជាកាតព្វកិច្ចរបស់ទាំងអស់គ្នា
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ លើកឡើងថា ការគ្រប់គ្រងតំប់នរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ គឺជាកាតព្វកិច្ចយើងទាំងអស់គ្នា។

ការលើកឡើងនេះ ស្របពេលដែលក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរខេត្ដសៀមរាប បានបើកកិច្ចពិគ្រោះយោបល់ស្តីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ” នៅព្រឹកថ្ងៃទី១២ ខែសីហាឆ្នាំ២០២៤ នៅខេត្តសៀមរាបដោយមានការចូលរូមពីភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋប្រមាណជិត ៨០០នាក់ ។
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ មានប្រសាសន៍នៅក្នុងកិច្ចពិគ្រោះយោបល់នេះថា អ្នកពាក់ព័ន្ធអាចស្វែងយល់បន្ថែមទៀតអំពីតួនាទីភារកិច្ចរបស់យើងទាំងអស់គ្នាក្នុងការចូលរួមការពារ ថែទាំ អភិរក្ស តំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដែលជាមរតកវប្បធម៌ ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិកម្ពុជាទាំងមូល ជាពិសេស អំពីសមិទ្ធផលជាប្រវត្តិសាស្ត្រ បញ្ហាប្រឈម និង ចក្ខុ វិស័យអនាគត នៃឧទ្យានបុរាណអង្គរ ។ តាមរយៈវេទិការ ភាគីពាក់ព័ន្ធទាំងអស់ អាចចូលរួមពិភាក្សា និងផ្លាស់ប្តូរយោបល់ លក្ខណៈ ស្ថាបនា ដើម្បីរួមគ្នាពិត និងរួមគ្នាទទួលខុសត្រូវ ក្នុងស្មារតីសាមគ្គីឯកភាពជាតិ ធ្វើយ៉ាងណារក្សាការពារ រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ឲ្យបានគង់វង្សយូរអង្វែងទៅមុខទៀត ។

លោកបន្តថា អង្គរ មិនត្រឹមតែជាអតីតរាជធានីនៃចក្រភពខ្មែរ ដែលមានតម្លៃលេចធ្លោជាសកល នៅក្នុងវិស័យជាច្រើន ដូចជាការរៀបចំទឹកដីនគរូបនីយកម្ម ស្ថាបត្យកម្ម សំណង់ និងសិល្បៈនាសម័យបុរាណ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្បាល ម៉ាស៊ីនសេដ្ឋកិច្ចដ៏មានសក្តាពលមួយសម្រាប់កម្ពុជាសម័យទំនើបផងដែរ ។ ជាក់ស្តែងនៅក្នុងរយៈពេលជាង៣០ឆ្នាំ បន្ទាប់ពីត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាពិសេស បន្ទាប់ពីត្រូវ បានជួយសង្គ្រោះឱ្យរួចពីស្ថានភាពគ្រោះថ្នាក់នៅឆ្នាំ២០០៤ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងមានប្រសិទ្ធភាព រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ រមណីយដ្ឋាន បេតិកភណ្ឌពិភពលោកអង្គរ បានក្លាយជាមេដែកទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក និងជាប្រភព ចំណូលសេដ្ឋកិច្ចជាតិជាហូរហែរ សម្រាប់ចិញ្ចឹមប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកស្រុកអង្គរនេះផ្ទាល់។ ទន្ទឹមនឹងជោគជ័យជាច្រើននាពេលកន្លងមក រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ក៏មានបញ្ហាប្រឈមមួយចំនួនទៀតដែរ ទាំងបញ្ហាចាស់ (ដូចជា សភាពទ្រុឌទ្រោម និងផុយស្រួយ ដោយសារអាយុកាលច្រើន ទាំងបញ្ហា ប្រឈមថ្មីៗ (ដូចជា ការបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុ កំណើនប្រជាពលរដ្ឋ ការពង្រីកតំបន់ក្រុង និងសកម្មភាពអាជីវកម្មមិនសមស្របនៅក្នុងតំបន់ការពារបេតិកភណ្ឌជាដើម) ដែលបានក្លាយជាក្តីកង្វល់រួមរបស់យើង ទាំងអស់គ្នា ហើយតម្រូវឱ្យយើងត្រូវរួមគ្នារិះរកដំណោះស្រាយសមស្រប។

លោកបានបន្ថែមថា យោងតាមលទ្ធផលវិភាគរបស់អ្នកសិក្សាស្រាវជ្រាវបរទេសមួយក្រុម បានបង្ហាញឱ្យឃើញនូវទិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដែលបណ្តាលមកពីកំណើនដ៏ឆាប់រហ័សនៃចំនួនប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេល១៤ឆ្នាំចុងក្រោយនេះ។ ការសិក្សាបានបង្ហាញទៀតថា ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៧ ផ្ទៃដីមានសំណង់ (Built-up Area) បានកើនឡើងប្រមាណជិត១៣គីឡូម៉ែត្រការ៉េ” នៅក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ។ តាមនិន្នាការនេះ ការសិក្សាខាងក៏បានព្យាករណ៍ដែរថា ចំនួនប្រាសាទ ដែលនឹងត្រូវរងផលប៉ះពាល់បំផុត នឹងកើនឡើងពីប្រមាណ៩ប្រាសាទ នៅឆ្នាំ២០១៧ ទៅដល់ប្រមាណ១៤ប្រាសាទ នៅឆ្នាំ២០២៥ និង រហូតដល់ ១៧ប្រាសាទ នៅឆ្នាំ២០៣០។ ក្នុងន័យនេះ ទាមទារឱ្យអ្នកពាក់ព័ន្ធទាំងអស់គ្នា ត្រូវរួមគ្នាពិតគួរឱ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ គឺ មិនត្រឹមតែយកចិត្តទុកដាក់លើការងារអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគួរឱ្យបានដិតដល់លើការគ្រប់គ្រងប្រជាសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ ផងដែរ។

លោក សាយ សំអាល់ បញ្ជាក់ថា នេះជាជំហរដ៏ច្បាស់លាស់ ម៉ឺងម៉ាត់ឥតងាករេ របស់រាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់នីតិកាលនៃរដ្ឋសភា ដែលបានក្លាយជាមូលដ្ឋានគ្រឹះនៃដំណើររៀបចំគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរជាបន្ដបន្ទាប់ទៅតាមដំណាក់កាល និងអាទិភាពជាក់ស្ដែង ដែលមិនអាចកាត់ផ្ដាច់ពីដំណើររបស់កម្ពុជា ដែលនិយាយជារួម និងអាចនិយាយបានថា មានលក្ខណៈពិសេសដោយឡែក មិនមានប្រទេសណាដូចឡើយ ៕
ដោយ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ