Connect with us

ព័ត៌មានអន្ដរជាតិ

ហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី

បានផុស

នៅ

ទីក្រុងកៀវ កាន់តែពិបាកទៀតហើយ ដោយពេលនេះ សូម្បីប្រទេសហូឡង់ ក៏ប្រកាសឈប់ផ្តល់ជំនួយដោយផ្ទាល់ទៅអ៊ុយក្រែនដែរ ស្របពេលភ្លើងសង្គ្រាមជាមួយរុស្ស៊ី កាន់តែឆាបឆៅសន្ធោសន្ធៅ ខ្លាំងឡើងៗ។

ជំនួយរបស់ហូឡង់ ឲ្យទៅអ៊ុយក្រែន (រូប៖ Reuters)

ទូរទស្សន៍ RT បានដកស្រង់សម្តី រដ្ឋមន្ត្រីក្រសួងការពារជាតិហូឡង់ លោកស្រី Dilan Yesilgoz-Zegerius ដែលថ្លែងនៅខាងក្រៅ កិច្ចប្រជុំកំពូលអង្គការណាតូ ក្នុងទីក្រុងអង់ការ៉ា នៃប្រទេសតួកគី កាលពីថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ ថា៖ «យើងមិនមានលទ្ធភាព ជួយអ៊ុយក្រែនទៀតទេ ពីព្រោះ យើងជួយជ្រោមជ្រែងច្រើនណាស់មកហើយ»។

ទន្ទឹមនោះ នៅពេលត្រូវបានអ្នកកាសែតសួរ អំពីថាតើ ប្រទេសហូឡង់ អាចផ្តល់គ្រាប់មីស៊ីល Patriot ដែលផលិតដោយអាមេរិក បន្ថែមទៀត ទៅឲ្យទីក្រុងកៀវ បានដែរឬទេ? លោកស្រី ឆ្លើយថា៖ «ដល់កំណត់ហើយ»។

លោកស្រី Dilan Yesilgoz-Zegerius (រូប៖ Reuters)

រឿងនេះកើតឡើង ក្រោយពេលអ៊ុយក្រែន ប្រកាសខ្វះប្រព័ន្ធការពារដែនអាកាស ធ្វើឲ្យមីស៊ីលរុស្ស៊ី ជាង ២០គ្រាប់ ហោះបុកចូលទីក្រុងកៀវ សម្លាប់មនុស្ស ២៣នាក់។

តាមការបញ្ជាក់ពីកងទ័ពអាកាសអ៊ុយក្រែន នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦, ក្នុងវាយប្រហារកាលពីថ្ងៃអាទិត្យ មីស៊ីលបាលីស្ទិករុស្ស៊ី ចំនួន ២៣គ្រាប់ បានហោះចូលរដ្ឋធានីកៀវ ទាំងដែលគ្មានមីស៊ីលណាមួយ ត្រូវស្ទាក់ចាប់បានសោះ។

អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក Yurii Ihnat ត្រូវបានដកស្រង់សម្តីដោយ BBC ដែលថ្លែងថា ការខ្វះខាតយ៉ាងធ្ងន់ធ្ងរ នៃប្រព័ន្ធស្ទាក់ចាប់ Patriot  ប្រភេទ PAC-2 និង PAC-3 បានធ្វើឲ្យរដ្ឋធានីកៀវ ធ្លាក់ក្នុងស្ថានភាពងាយរងគ្រោះទាំងស្រុង ចំពោះការវាយប្រហារ តាមផ្លូវអាកាសដោយគ្រាប់មីស៊ីលបាលីស្ទិក។

និយាយពីហូឡង់វិញ បើយោងតាមការប៉ាន់ប្រមាណរបស់សារព័ត៌មាន Bloomberg, ប្រទេសនេះ ដំបូងឡើយ បានចំណាយថវិកា ប្រហែល ១០.៤ ពាន់លានដុល្លារអាមេរិក លើជំនួយយោធាដល់អ៊ុយក្រែន ហើយ ប្តេជ្ញាផ្តល់បន្ថែមចំនួន ១១.៦ ពាន់លានអឺរ៉ូទៀត ប៉ុន្តែឥឡូវ ហូឡង់ បញ្ជាក់ច្បាស់ថា លែងមានថែមទៀតហើយ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម