Connect with us

សេដ្ឋកិច្ច

​កម្ពុជា​ ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ​GI ​លើ​ផលិតផលសក្ដានុពល ​៤ ​មុខ បន្ថែមទៀត

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មបានសម្រេចចុះបញ្ជីជាផ្លូវការនូវផលិតផលសក្តានុពលចំនួន ៤ មុខបន្ថែមទៀតជា ​«ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (Geographical Indication-GI)» ដែលជាជំហាន​សំខាន់​ក្នុងការជំរុញ ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះ​ និងអត្តសញ្ញាណ​ផលិតផលខ្មែរ​លើឆាក​អន្តរ​ជាតិ​ ការពារសិទ្ធិកម្មសិទ្ធិបញ្ញារបស់សហគមន៍ផលិតករ​ និងបង្កើនសក្តានុពលសម្រាប់ការ​ចុះបញ្ជី​នៅទីផ្សារអន្តរជាតិនាពេលអនាគត។​ ផលិតផលទាំង ៤ រួមមាន សូត្រមាសភ្នំស្រុក ក្តាមថ្មកោះកុង ស្វាយចន្ទីកំពង់ធំ និងស្វាយឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ផលិតផលទាំងនេះ ត្រូវបានផលិត និងប្រមូលផលនៅតំបន់ភូមិសាស្ត្រជាក់លាក់ ដែលមាន​លក្ខ​ខណ្ឌធម្មជាតិ និងបច្ចេកទេសផលិតជាក់លាក់ បង្កើតឱ្យមានអត្តសញ្ញាណ និងគុណភាពពិសេស ហើយមានសក្តានុពលក្នុងការទទួលស្គាល់ និងការពារនៅលើទីផ្សារអន្តរជាតិ។​

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា មានប្រសាសន៍ថា ការចុះបញ្ជីម៉ាកទំនិញសម្គាល់ភូមិសាស្ត្រ (GI) មានគោលបំណងការពារតាមផ្លូវច្បាប់នូវអត្តសញ្ញាណ និងកេរ្តិ៍ឈ្មោះដ៏វិសេសវិសាលរបស់ស្វាយចន្ទីដែលដាំដុះនៅក្នុងខេត្តនេះ។

តាមរយៈការធ្វើពិពិធកម្មផលិតផលស្វាយចន្ទី និងការលើកកម្ពស់ការកសាងម៉ាកយីហោតាមរយៈការទទួលស្គាល់ ​GI ​ភាគីពាក់ព័ន្ធមានគោលដៅកំណត់ទីតាំងខេត្តកំពង់ធំ ជាប្រភពនៃគ្រាប់ស្វាយ​ចន្ទី​ដែលមានគុណភាពខ្ពស់ លំដាប់ថ្នាក់ខ្ពស់ (Premium)។

​ក្រសួងពាណិជ្ជកម្ម ​បញ្ជាក់ថា ​ការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះ នឹងនាំមកនូវ​អត្ថ​ប្រយោជន៍សំខាន់ៗ រួមមាន៖​ ការការពារផ្លូវច្បាប់៖ ​ទប់ស្កាត់ការក្លែងបន្លំ​ និងធានាប្រើប្រាស់​​ឈ្មោះ​ផលិតផលត្រឹមត្រូវតាមតំបន់ភូមិសាស្ត្រ​, ថែរក្សាវប្បធម៌ និងប្រពៃណី៖ រក្សាទុកចំណេះដឹង និង​វិធីសាស្ត្រផលិតតាមសហគមន៍, ​លើកកម្ពស់ទេសចរណ៍ និងបរិស្ថាន​ជំរុញទេសចរណ៍​តាម​តំបន់ផលិត និងគាំពារការផលិតស្របតាមបរិស្ថានធម្មជាតិ, ការបង្កើនតម្លៃទីផ្សារ និងនាំចេញ៖ បង្កើនតម្លៃផលិតផល និងពង្រីកសក្តានុពលប្រកួតប្រជែងលើទីផ្សារអន្តរជាតិ និងបង្កើនសក្តានុពល​ចុះបញ្ជី​អន្តរជាតិ៖ ជួយបើកផ្លូវសម្រាប់ការទទួលស្គាល់ GI នៅក្រៅប្រទេស និងការពារផលិត​ផលខ្មែរ នៅលើទីផ្សារសកល។

សមិទ្ធផលនេះគឺជាសញ្ញានៃសន្ទុះកើនឡើងសម្រាប់ខ្សែច្រវាក់តម្លៃកសិកម្មរបស់កម្ពុជា និងអនាគ​ត​​កាន់​តែរឹងមាំសម្រាប់សហគមន៍កសិករស្វាយចន្ទីនៅទូទាំងខេត្តកំពង់ធំ។

គិតមកទល់ពេលនេះ កម្ពុជាមាន ផលិតផលចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញចំនួន ១២ មុខ រួមមាន ម្រេចកំពត ក្រូចថ្លុងកោះទ្រង់ ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី អំបិល និងផ្កាអំបិលកំពត បង្កងតាកែវ ទឹកត្រីកំពតកែប ប្រហុកសៀមរាប សូត្រមាសភ្នំស្រុក ក្តាមថ្មកោះកុង ស្វាយចន្ទីកំពង់ធំ និងស្វាយឧត្តរមានជ័យ។

ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជាឧបករណ៍កម្មសិទ្ធិបញ្ញា ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់សហ​គ្រិនភាព ការអភិ​វឌ្ឍសហគមន៍កសិកម្ម បង្កើនចំណូលរបស់សហគមន៍ បង្កើតភាពប្រកួតប្រជែង និងតម្លៃបន្ថែមផ្នែកពាណិជ្ជកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។

ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា៖

​១. សូត្រមាសភ្នំស្រុក (Phnom Srok Golden Silk)៖ ផលិតផលសិប្បកម្មត្បាញដោយដៃ មានសរសៃ​សូត្រល្អ ណែន ភ្លឺរលោង និងប្រើពណ៌ធម្មជាតិ ពីដំណើរការផលិតដែលគ្មានសារធាតុគីមី។

២. ក្តាមថ្មកោះកុង (Koh Kong Mud Crab)៖ ក្តាមទឹកប្រៃពីតំបន់ព្រៃកោងកាង មានសាច់ណែន ស្វិត និងរសជាតិផ្អែមឆ្ងាញ់ពិសេស។

៣. ស្វាយចន្ទីកំពង់ធំ (Kampong Thom Cashew Nut)៖ គ្រាប់ធំ សាច់ពេញ ស្រួយ ក្លិនឈ្ងុយបានយូរ និងមានរសជាតិឈ្ងុយបែបប៊ឺ ឬទឹកដោះគោ ដែលមានគុណភាពខ្ពស់។

៤. ស្វាយឧត្តរមានជ័យ (Oddar Meanchey Mango)៖ ស្វាយមានសាច់ណែន ស្រួយ មានទឹកដម និងរស​ជាតិ​ជូរ​អែមឆ្ងាញ់ អាចកែច្នៃបានច្រើនប្រភេទ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម