Connect with us

ព័ត៌មានអន្ដរជាតិ

៥ ខែដើមឆ្នាំ វៀតណាមកត់ត្រាពីកំណើនពាណិជ្ជកម្ម​ដល់ ៤៤៥ ប៊ីលានដុល្លារ

បានផុស

នៅ

​ទំហំ​ពាណិជ្ជកម្មនាំចេញ-នាំចូលរបស់វៀតណាម បាន​ហក់ឡើងខ្ពស់ត្រដែតប្រមាណ ២៥% ដល់ ៤៤៥,១២ ប៊ីលានដុល្លារ ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ​។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិន្នន័យ​ពីការិយាល័យស្ថិតិជាតិ (NSO) ក្រោមក្រសួងហិរញ្ញវត្ថុវៀតណាម ចេញផ្សាយ​កាលពីថ្ងៃពុធ បានបង្ហាញថា ការនាំចេញបានកើនឡើង ១៩,៥% ​ឆ្នាំលើឆ្នាំ ដល់ជាង ២១៥,៦៦ ប៊ីលាន​ដុល្លារ ខណៈ​ការនាំចូលវិញ បានកើនឡើង ៣០,៨% ដល់ ២២៩,៤៦ ប៊ីលាន​ដុល្លារ។

យ៉ាងណាមិញ តួលេខនេះ បង្ហាញពីឱនភាពពាណិជ្ជកម្មដល់ទៅ ១៣,៨ ប៊ីលាន​ដុល្លារ សម្រាប់រយៈពេល ៥ ខែ ខណៈក្នុងរយៈពេលដូចគ្នាឆ្នាំមុន វៀតណាមបានកត់ត្រាពីអតិរេកពាណិជ្ជកម្ម ៥,១ ប៊ីលានដុល្លារ។

សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំបំផុតសម្រាប់វៀតណាម ខណៈចិនគឺជាប្រភពផ្គត់ផ្គង់ទំនិញនាំចូលធំបំផុត។

លោកស្រី Nguyen Thi Huong នាយិកាការិយាល័យស្ថិតិ ​បាននិយាយថា វិធានការបន្ថែមទៀតគឺត្រូវការជាចាំបាច់ ដើម្បីជំរុញការនាំចេញ កែលម្អគុណភាពផលិតផល បង្កើនការចូលរួម​ក្នុងខ្សែ​ច្រវ៉ាក់តម្លៃក្នុងតំបន់ និងសកល និងធ្វើពិពិធកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់ បណ្តាញផលិតកម្ម និងទីផ្សារនាំចេញ។

លោកស្រីក៏បានសង្កត់ធ្ងន់លើតម្រូវការក្នុងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឱ្យ​បានពេញលេញ ពង្រីកការនាំចេញទៅកាន់ទីផ្សារសំខាន់ៗ ទាញយកអត្ថប្រយោជន៍ពីគោលដៅដែលកំពុងរីកចម្រើន និងសក្តានុពលដូចជាទីផ្សារហាឡាល អាមេរិកឡាទីន និងអាហ្វ្រិក និងជួយអាជីវកម្មឱ្យបំពេញតាមស្តង់ដារទីផ្សារដែលកំពុងវិវត្ត ឆ្លើយតបទៅនឹងវិធានការប្រឆាំងការលក់បង្ខូចតម្លៃ និងអនុម័តបច្ចេកវិទ្យាទំនើបៗ ដើម្បីបង្កើនភាពប្រកួតប្រជែង និងជំរុញកំណើននាំចេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម