ព័ត៌មានជាតិ
បំភ្លឺឲ្យច្បាស់ដល់មហាជនរឿងតម្លៃប្រេងសាំងឡើងចុះ ជ្រូកនាំចូលពីក្រៅ តម្លៃទំនិញលើទីផ្សារ
ក្រសួងពាណិជ្ជកម្ម ថ្មីៗនេះបានចេញសេចក្តីប្រកាសព័ត៌មាន ក្រោយមានមតិមួយចំនួនលើកឡើងពាក់ព័ន្ធនឹងតួនាទីរបស់ក្រសួងពាណិកម្មលើថ្លៃទំនិញលើទីផ្សារ និងទំនិញនាំចេញ-នាំចូល ជាពិសេសបញ្ហាថ្លៃសាច់ជ្រូកនាំចូលធៀបថ្លៃទីផ្សារក្នុងស្រុក និងថ្លៃនៅតាមប្រទេសជិតខាងប្រទេសកម្ពុជា។ ដោយហេតុថាមតិសាធារណៈមួយចំនួនមិនបានឆ្លុះបញ្ចាំងពីតួនាទី និងភារកិច្ចរបស់ក្រសួងពាណិជ្ជកម្ម ដែលកំណត់ដោយរដ្ឋធម្មនុញ្ញ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន ក្រសួងពាណិជ្ជកម្មសូមបំភ្លឺជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋដូចខាងក្រោម៖
១. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ឱ្យរដ្ឋអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលមានកំណត់ក្នុងច្បាប់ ហើយត្រូវយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិតកម្ម ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និង ជួយរកទីផ្សារលក់ផលិតផល។ ផ្អែកតាមគោលការណ៍គ្រឹះនេះ ក្រសួងពាណិជ្ជកម្មបានចរចាបើកច្រកទីផ្សារក្រៅប្រទេស ដោយមិនចាំបាច់បង់ពន្ធ បានជួយសម្រួលដល់យន្តការទីផ្សារឱ្យមានការនាំចេញ-នាំចូលនូវមធ្យោបាយផលិតកម្ម និងទំនិញនានាដោយសេរី និងគ្មានជាក់វិធានការរំខានណាមួយដែលគ្មានកំណត់ក្នុងច្បាប់នោះឡើយ។ ជាទូទៅយន្តការទីផ្សារសេរី ក៏មានចែងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងអាស៊ានផងដែរ។ ក្នុងករណីប្រទេសណាមួយដាក់វិធានការរិតត្បិតលើការនាំចូលណាមួយ ប្រទេសនោះត្រូវកំណត់នៅក្នុងលិខិតបទដ្ឋានច្បាប់ក្នុងស្រុក ហើយជូនដំណឹងអំពីវិធានការនោះដោយមានតម្លាភាព និងកំណត់នីតិវិធីច្បាស់លាស់។

២. ដោយឡែកការនាំចូលសាច់ជ្រូក និងជ្រូករស់ គឺត្រូវស្ថិតក្រោមការធ្វើនីយ័តកម្មស្របតាមច្បាប់ និងអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២០ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញ ជាប់កម្រិតកំណត់ ដែលតម្រូវឱ្យសុំអាជ្ញាប័ណ្ណអនុញ្ញាតការនាំចូលជ្រូក ពីអង្គភាពជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកិច្ចការនេះមិនស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្មឡើយ។ ការធ្វើតុល្យភាពនៃសេចក្តីត្រូវការ ក្នុងស្រុកជាមួយនឹងផលិតកម្មក្នុងស្រុក ព្រមទាំងការអនុញ្ញាតឱ្យនាំចូលក្នុងបរិមាណណាមួយ គឺជាសិទ្ធិសម្រេចរបស់ ក្រសួងកសិកម្ម គ្នាប្រមាញ់ និងនេសាទ ដូចមានកំណត់ក្នុងអនុក្រឹត្យលេខ ១៧ អនក្រ.បក។
៣. ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល មិនដែលបានអនុវត្ត ឬដាក់ចេញនូវយន្តការ និងវិធានការណាមួយសម្រាប់គ្រប់គ្រងតម្លៃទំនិញ (prior contral) នាំចូល ឬទំនិញដែលធ្វើចរាចរក្នុងទីផ្សារកម្ពុជានោះឡើយ តែបរិមាណផ្គត់ផ្គង់ និងតម្រូវការនៅលើទីផ្សារទេ ដែលជាកត្តាកំណត់តម្លៃទំនិញ។ លើកលែងតែ ក្នុងករណីមានរបាយការណ៍ស៊ើបអង្កេតដែលអាចបញ្ជាក់បានថា មានមុខទំនិញនាំចូលជាក់លាក់ណាមួយ ត្រូវបានលក់បង្ខូច (លក់ទាបជាងថ្លៃដើមផលិតកម្ម ឬមានការឧបត្ថម្ភធនដោយប្រទេសនាំចេញ ឬទំនិញនោះត្រូវបាននាំចូលដោយមានការកើនឡើងយ៉ាងគំហុក ក្រសួងពាណិជ្ជកម្មនឹងធ្វើការស៊ើបអង្កេត និងឈានទៅអនុវត្តវិធានការរួមទាំងការកំហិតបវិមាណ និងដំឡើងពន្ធនាំចូលផងដែរ ដូចមានចែងក្នុងច្បាប់ជាធរមាន សំដៅការពារផលប៉ះពាល់ជាអវិជ្ជមានមកលើកសិករ ឬឧស្សាហកម្មកម្ពុជា។
៤. ពាក់ព័ន្ធនឹងការបោះផ្សាយនូវសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ៍នានា ដែលក្រសួងពាណិជ្ជកម្មបានកំពុងអនុវត្តកន្លងមក មិនមែនជាការកំណត់ថ្លៃលក់រាយនៃប្រេងឥន្ធនៈនៅកម្ពុជានោះទេ តែនេះគឺជាយន្តការមួយ ដែលជួយផ្សព្វផ្សាយដោយតម្លាភាពនូវការឡើងចុះនៃថ្លៃនៃប្រេងឥន្ធនៈ ដែលមានការប្រែប្រួល រត់តាមការប្រែប្រួលថ្លៃនៃប្រេងឥន្ទនៈនៅក្នុងទីផ្សារអន្តរជាតិ ដោយក្រសួងគ្រាន់តែយកកត្តានានាទាក់ទងនឹងថ្លៃ មកគណនាតាមរូបមន្តទូទៅ ហើយបញ្ចេញឱ្យសាធារណជនជ្រាបអំពីថ្លៃប្រេងឥន្ទនៈ ដែលក្រុមហ៊ុនប្រេងក្នុងស្រុកកំពុងប្រកបអាជីវកម្មនៅកម្ពុជាតែប៉ុណ្ណោះ។
៥. ចំពោះការធ្វើសន្ទស្សន៍ថ្លៃទំនិញចរាចរក្នុងទីផ្សារកម្ពុជាជាប្រចាំ ក្រសួងពាណិជ្ជកម្មមានភារកិច្ចសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រឹមតែស្រង់សន្ទស្សន៍ថ្លៃទំនិញទូទៅដើម្បីប្រើប្រាស់ជាស្ថិតិសម្រាប់ការងារស្រាវជ្រាវ ការវិភាគ និងតាមដានអត្រាអតិផរណា សំដៅជាក់ចេញនូវវិធានការណាមួយ ដែលអាចជួយសម្រួលដល់លំហូរទំនិញ នៅក្នុងស្រុក និងនាំចេញ-នាំចូល តាមយន្តការទីផ្សារសេរីតែប៉ុណ្ណោះ។
៦, ពាក់ព័ន្ធនឹងសំណូមពរឱ្យមានយន្តការសម្រាប់ស្រង់ និងសម្របសម្រួលលើបរិមាណ និងថ្លៃលក់មុខទំនិញយុទ្ធសាស្ត្រណាមួយនៅលើទីផ្សារនោះ ក្រសួងពាណិជ្ជកម្មនឹងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសុំឱ្យមានកិច្ចប្រជុំពិភាក្សាក្រោមក្របខ័ណ្ឌគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុននឹងគោរពស្នើសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី