សេដ្ឋកិច្ច
មេ ARDB៖ការកើនឡើងតម្រូវការស្រូវអង្ករក្នុងតំបន់ និងសកលលោក នឹងផ្តល់ឱកាសដល់កម្ពុជាបង្កើនសមត្ថភាពផលិត កែច្នៃ និងនាំចេញ
លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានគូសបញ្ជាក់ថា ការកើនឡើងនៃតម្រូវការស្រូវអង្ករនៅក្នុងតំបន់ និងសកលលោក បានឆ្លុះបញ្ចាំង អំពីកាលានុវត្តភាពសម្រាប់កម្ពុជាក្នុងការបន្តបង្កើនសមត្ថភាពផលិត កែច្នៃ និងនាំចេញស្រូវអង្ករទៅកាន់ទីផ្សារជាយុទ្ធសាស្ត្រក្នុងតំបន់ និងសកលលោក។

ថ្លែងក្នុងកម្មវិធី “មហាសន្និបាត សហព័ន្ធស្រូវអង្ករកម្ពុជា និងការបោះឆ្នោតជ្រើសរើស ប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៥” លោក កៅ ថាច លើកឡើងថា តាមការសង្កេតជាក់ស្តែង វិស័យស្រូវអង្ករពិតជាបានចូលរួមចំណែកផ្តល់ជាតម្លៃបន្ថែម ក្នុងការគាំទ្រទៅលើវិស័យមួយចំនួនផ្សេងទៀត ដូចជា វិស័យកសិ-ឧស្សាហកម្មកែច្នៃ ចំណីអាហារ, វិស័យចិញ្ចឹមសត្វ, និងវិស័យថាមពល ជាដើម។
ជាក់ស្តែង ដូចជា ចុងអង្ករ ឬអង្ករបាក់ អាចយកមកផលិតជាគុយទាវ/មី, កន្ទក់ដែលសល់មកពីការកិនកែច្នៃស្រូវទៅជាអង្ករ អាចយកមកផលិតជាចំណីមនុស្ស ឬសត្វ, អង្កាម អាចយកមកផលិតជាជីធម្មជាតិ ឬជីវឧស្ម័នសម្រាប់ប្រើប្រាស់ ឬផលិតកម្មឧស្សាហកម្មអេតាណុលជាដើម។

លោក បានគូសបញ្ជាក់ថា តាមបណ្តា ប្រទេសជឿនលឿនមួយចំនួន ដូចជាប្រទេសឥណ្ឌា ប្រទេសចិន, ប្រទេសជប៉ុន, និងប្រទសឥណ្ឌូនេស៊ី ជាដើម បានយកអង្ករ កែច្នៃជាប្រេងសម្រាប់ចំអិនអាហារ និងប្រេង សម្រាប់ថែរក្សាស្បែក ឬផលិតផលផ្សេៗទៀតជាច្រើនប្រភេទ។
ជាក់ស្តែង ការកើនឡើងនៃតម្រូវការស្រូវអង្ករនៅក្នុងតំបន់ និងសកលលោកនេះ បានឆ្លុះបញ្ចាំង អំពីកាលានុវត្តភាពសម្រាប់កម្ពុជាក្នុងការបន្តបង្កើនសមត្ថភាពផលិត កែច្នៃ និងនាំចេញស្រូវអង្ករទៅកាន់ទីផ្សារជាយុទ្ធសាស្ត្រក្នុងតំបន់ និងសកលលោក។
លើសពីនេះ ការធ្វើពិពិធកម្ម ផលិតកម្មនិងការប្រើប្រាស់ និងការធានានូវចីរភាពផលិតកម្មស្រូវអង្ករ នឹងជួយបង្កើនប្រសិទ្ធ-ភាពការផលិត និងគុណភាពស្រូវអង្ករ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និង នវានុវត្តន៍កសិកម្ម (AgriTech and Innovation) ក៏ដូចជា ការកំណត់គោលដៅទីផ្សារ ដែលមានតម្លៃខ្ពស់។

ដូច្នេះហើយ យើងចាំបាច់ពង្រឹង និងពង្រីកខ្សែច្រវាក់តម្លៃ និងខ្សែ ច្រវាក់ផ្គត់ផ្គង់ស្រូវអង្ករកម្ពុជាឱ្យឆ្លើយតបទៅនឹងបរិបទ និងនិន្នាការទីផ្សារក្នុងតំបន់ និងពិភពលោក ជាពិសេស គោលការណ៍ ESG (Environment, Social and Governance) និង ឧត្តមានុវត្តន៍កសិកម្មប្រកបដោយចីរភាព (Best practices for sustainable agriculture)។
សូមជម្រាបថា តម្រូវការអង្ករសកលសម្រាប់បរិភោគនិងសម្រាប់កែច្នៃ នៅតែបន្តមាននិន្នាការកើនឡើង ពោលគឺ កើនឡើងប្រមាណពី ៥២៩ លានតោន ក្នុងឆ្នាំ២០២៣/២០២៤ ដល់ ៥៤០ លានតោន ក្នុងឆ្នាំ ២០២៤/២០២៥ និងរំពឹងថានឹងកើនឡើងដល់ ៥៤៩ លានតោន ក្នុងឆ្នាំ២០២៥/២០២៦, យោងតាមទិន្នន័យ Food Outlook ឆ្នាំ២០២៥ របស់អង្គការស្បៀងអាហារ និងកសិកម្ម – FAO ដែលក្នុងនោះតំបន់អាស៊ី ដូចជា ប្រទេសចិន, ឥណ្ឌា, ឥណ្ឌូនេស៊ី, បង់ក្លាដេស, និងប្រទេសវៀតណាម មានតម្រូវការប្រើប្រាស់ប្រមាណ ៨០% នៃតម្រូវការប្រើប្រាស់សរុប និងប្រមាណ ២០% នៅតំបន់អាម៉េរិក អ៊ឺរ៉ុប អាហ្រ្វិក និងអូសេអានី។
បន្ថែមពីនេះ, គិតត្រឹមខែកក្កដា ក្នុងឆ្នាំ២០២៥ នេះ ប្រទេសចិន បានប្រើប្រាស់អង្ករប្រមាណ ១៩២,៨ លានតោន, ឥណ្ឌា ១៤០,៣ លានតោន, ឥណ្ឌូនេស៊ី ៥១,៨ លានតោន, បង់ក្លាដេស ៤២,២ លានតោន, ហ្វីលីពីន ២២,៥ លាន តោន, និងវៀតណាម ប្រមាណ ២២,៤ លានតោន (យោងតាមទិន្នន័យ Straits Research របស់ប្រទេសឥណ្ឌា)។

ប្រសិនបើ ក្រលេកមកមើលលើការផ្គត់ផ្គង់ស្រូវអង្ករវិញ, ក្នុងឆ្នាំ២០២៤ តំបន់អាស៊ីជាតំបន់ បាននាំចេញអង្ករច្រើនជាងគេនៅក្នុងពាណិជ្ជកម្មអង្ករពិភពលោក ដោយបានរួមចំណែកចំនួន ៧៩,៩% (៣១,២ ពាន់លានដុល្លារអាម៉េរិក) នៃតម្លៃពាណិជ្ជកម្មសរុប និងតំបន់អឺរ៉ុប ៧,១% អាម៉េរិកខាងជើង ៦,៤% និងអាមេរិកឡាទីន ៥,៥% អូសេអានី ០,៦៣% និង អាហ្រ្វិក ០,៥៥% ក្នុងនោះ ប្រទេសឥណ្ឌា បាននាំចេញប្រមាណ ៣០,៣%, ថៃ ១៦,៣%, ប៉ាគីស្ថាន ១០,៧%, វៀតណាម ១៤,២%, និងប្រទេសកម្ពុជា ៤,៨% ជាដើម។
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


