Connect with us

សេដ្ឋកិច្ច

​តម្លៃ​មាស​ស្ទុះឡើង​ជាង៤ ៦០០ ដុល្លារក្នុងមួយតម្លឹង បំបែក​កំណត់ត្រា​ថ្មីខ្ពស់​បំផុត​ មិនធ្លាប់មាន​

បានផុស

នៅ

តម្លៃ​ហាង​ឆេង​មាស​បន្ត​បំបែក​កំណត់ត្រា​ថ្មី​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មិនធ្លាប់មាន​ ដោយ​បានហក់​ឡើង​ដល់ជាង ​៤ ៦៥៦ ​ដុល្លារ ក្នុងមួយតម្លឹង នៅថ្ងៃអង្គារ៍នេះ ដោយសារ​អា​មេរិក​ត្រៀម​កាត់បន្ថយ​អត្រា​ការប្រាក់​បន្ថែម​ទៀត នៅ​ដំណាច់​ឆ្នាំ ២០២៥។ ​សម្រាប់ហាងឆេងមាសនៅរាជធានីភ្នំពេញ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ លក់ចេញក្នុងតម្លៃ ៤៦៦ ដុល្លារ ក្នុងមួយ​ជី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ​PP Link securities ​មាន​ប្រ​សាសន៍​ថា ​តម្លៃមាសនៅតែបន្តកើនឡើង ​ដោយសារស្ថានភាពគោលនយោបាយដឹកនាំ​របស់​លោក ដូណាល់ ត្រាំ។​

​លោក ឡុង សំណាង ​បន្ថែមថា៖ «គេមិនទាន់សន្មត់ថា ​អាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់​បន្ថែម​ទៀត​ ឬយ៉ាងណានោះទេ ​ដោយសារតែអត្រាអតិផរណា​កើនឡើង​ គ្រាន់តែស្ដាប់ប៉ុណ្ណឹង​យើង​កំពុង​គិតថា វាអត់ល្អបាត់ទៅហើយ​ សំដៅទៅលើសេដ្ឋកិច្ចអាមេរិកតែម្ដង​ អញ្ចឹងអត្រាការប្រាក់​អត់ទម្លាក់​ក៏​ដោយ ​ក៏មាសនៅតែឡើងដែរ ទោះបីជាគាត់ដំឡើងក៏ដោយ មាសក៏នៅតែឡើង ដោយ​សារ​តែ​ការដំឡើងអត្រាការប្រាក់របស់គាត់ គឺជាការដំឡើងគ្រាន់តែទប់ហានិភ័យ​នៃការកើន​ឡើង​អតិផរ​ណា​ប៉ុណ្ណោះ មិនមែនដំឡើងអត្រាការប្រាក់​ដើម្បីឱ្យលុយដុល្លារល្អនោះទេ»។

​បើតាមលោក ឡុង សំណាង ​ភូមិសាស្ត្រនយោបាយមិនល្អ ​ប្រទេសនីមួយៗ ​ចង់តែ​ធ្វើសង្គ្រាម​ មិន​ចង់​ផ្ដល់​សេវា​ផ្ទេរ​ផលិតផល​ជាមួយគ្នា ​ដែលធ្វើឱ្យសេដ្ឋកិច្ចមិនល្អ។

​ប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា លទ្ធភាព​ដែល​ទិន្នន័យការងារអាមេរិក​មិនសូវល្អ អាចជួយជំរុញឱ្យធនាគារកណ្ដាល​សហព័ន្ធ​អាមេរិក (Fed) កាត់បន្ថយអត្រាការប្រាក់ជាថ្មីនៅខែតុលាខាងមុខ ដែលជាកត្តារុញ​តម្លៃមាស​ផងដែរ។

​ក្រៅពីនេះ កត្តាផ្សេងៗទៀតរួមទាំងឯករាជ្យភាព​របស់ Fed ជុំវិញ​សម្ពាធឱ្យបន្ថែមការកាត់​អត្រា​ការប្រាក់ពីលោក ត្រាំ និងរដ្ឋបាលរបស់លោក។

រាប់តាំងពីដើមឆ្នាំមក តម្លៃមាសអន្តរជាតិ​បាន​កើនឡើងប្រហែល ៤៥ ភាគរយ រួចមកហើយ ដោយសារតែសង្រ្គាមពាណិជ្ជកម្មពន្ធគយរបស់លោក ត្រាំ តម្រូវការពីធនាគារកណ្ដាល និងភាពតានតឹងភូមិសាស្រ្តនយោបាយជាដើម៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម