អត្ថាធិប្បាយ
អ្វីទៅជា«ការបង្កកទ្រព្យសម្បត្តិ»?
ការបង្កកទ្រព្យសម្បត្តិ គឺជាសកម្មភាពដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេស ឬបុគ្គលណាមួយដែលល្មើសទៅនឹងច្បាប់ជាតិ និងអន្តរជាតិ។ ដោយឡែក នៅកម្ពុជាក៏មានបទដ្ឋានគតិយុត្តមួយចំនួនសំដៅដល់ការបង្កកទ្រព្យសម្បត្តិដែលមានដូចជា ច្បាប់ស្តីពីការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ នៅថ្ងៃនេះ «កម្ពុជាថ្មី»សូមនាំអារម្មណ៍ប្រិយមិត្តអ្នកអានទាំងអស់ទៅស្វែងយល់ពីការបង្កកទ្រព្យសម្បត្តិ៖

- អ្វីទៅជាការបង្កកទ្រព្យសម្បត្តិ?
ការបង្កក ឬការរឹបអូសទ្រព្យ គឺជាការហាមឃាត់ជាបណ្តោះអាសន្ននូវការផ្ទេរ ការបំប្លែង ការចាត់ចែង ឬចលនានៃទ្រព្យសម្បត្តិ ឬសន្មតថា ការឃុំឃាំង ឬការគ្រប់គ្រងទ្រព្យសម្បត្តិជាបណ្តោះអាសន្ន ដោយផ្អែកលើដីកាដែលចេញដោយតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀត។
ការបង្កក គឺជាសកម្មភាពដែលផ្អាកសិទ្ធិជាបណ្តោះអាសន្នលើទ្រព្យសកម្ម ហើយជាឧទាហរណ៍ អាចអនុវត្តចំពោះគណនីធនាគារដែលអាចដំណើរការបាន។ ឯការរឹបអូស គឺជាសកម្មភាពមួយ ដើម្បីរក្សាទុកជាបណ្តោះអាសន្ននូវទ្រព្យសកម្ម ឬដាក់ចូលទៅក្នុងការឃុំឃាំងរបស់រដ្ឋាភិបាល ហើយអាចអនុវត្តចំពោះទ្រព្យសម្បត្តិរូបវន្តដូចជាយានយន្តជាដើម។ ជាទូទៅ វិធានការទាំងនេះ ត្រូវបានប្រើប្រាស់ ដើម្បីទប់ស្កាត់ការផ្លាស់ទីទ្រព្យសម្បត្តិជាបណ្តោះអាសន្ន រង់ចាំលទ្ធផលនៃករណីមួយ។
- ចុះការបង្កកទ្រព្យសម្បត្តិ ធ្វើឡើងដោយរបៀបណា?
នៅពេលដែលមានការស៊ើបអង្កេតពីគណកម្មការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភារវកម្ម នោះគេអាចបង្កកទ្រព្យសម្បត្តិ ឬចាត់វិធានការជាបណ្តោះអាសន្ន ពេលដែលមានការសង្ស័យ ឬមានមូលដ្ឋានសមស្រប ដែលសង្ស័យថា ទ្រព្យសម្បត្តិទាំងនោះ ពាក់ព័ន្ធទៅនឹងសកម្មភាពល្មើសច្បាប់ រួចហើយទើបគេធ្វើការស្នើសុំទៅកាន់តុលាការ។
បន្ទាប់ពីអាជ្ញាធរអនុវត្តច្បាប់ដឹងថា មានវត្តមាននៃទ្រព្យសម្បត្តិដែលពាក់ព័ន្ធទៅនឹងបទល្មើស ឬផលនៃបទល្មើស នោះអាជ្ញាធរត្រូវឃាត់ទុកទ្រព្យទាំងនោះ ដោយគ្មានបង្អង់ និងឆាប់រហ័សទៅតាមអ្វីដែលអាចធ្វើទៅបាន ហើយប្តឹងទៅតុលាការ ដើម្បីបង្កកទ្រព្យសម្បត្តិទាំងនោះ។

- ការរឹបអូសទ្រព្យសម្បត្តិ
ក្នុងស្ថានភាពមានទោសសម្អាតប្រាក់ ឬសំអាងនៃបទល្មើស ឬហិរញ្ញប្បទានភារវកម្ម តុលាការអាចចេញបញ្ជាឱ្យរឹបអូសជារួម ដែលរួមបញ្ជូលរវាងទ្រព្យសម្បត្តិដែលបានមកពីភាពខុសច្បាប់ និងទ្រព្យសម្បត្តិដទៃដែលមិនទាក់ទងនឹងបទល្មើស ឬផលនៃបទល្មើស គឺតុលាការត្រូវរឹបអូសយកទាំងអស់។ ចំពោះទ្រព្យសម្បត្តិដែលត្រូវបានបង្កកតាមដីការរបស់តុលាការ គឺគ្មានការកំណត់ឡើយក្នុងការប្រគល់ឱ្យវិញក្នុងពេលជាក់លាក់ណាមួយ លុះត្រាតែមានដីកាដកចេញវិញពីការរឹបអូស។
- តើទ្រព្យសម្បត្តិដែលរឹបអូសរួច គេប្រគល់ឱ្យម្ចាស់ដើមវិញ ឬយ៉ាងណា?
ចំពោះទ្រព្យសម្បត្តិដែលត្រូវបានរឹបអូស គឺវាអាស្រ័យទៅលើតុលាការ ថាត្រូវប្រគល់ឱ្យវិញ ឬក៏រក្សាទុកជាអចិន្ត្រៃយ៍។ ម្យ៉ាងទៀត តុលាការក៏អាចដាក់លក់ទ្រព្យសម្បត្តិទាំងនោះ ដើម្បីយកលុយចូលរដ្ឋ និងប្រើប្រាស់ទៅតាមតម្រូវការ។ ក្នុងនោះដែរ នៅក្នុងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យរបស់កម្ពុជា មាត្រា៨ ចែងថា បុគ្គល ឬអង្គភាពណាដែលទទួលរងផលប៉ះពាល់ដោយសេចក្តីសម្រេចរបស់តុលាការដាក់ឈ្មោះក្នុងបញ្ជី និងបង្កកទ្រព្យសម្បត្តិ អាចដាក់ពាក្យបណ្តឹងទៅតុលាការសុំដកឈ្មោះចេញពីបញ្ជី និងលុបចោលការបង្កកទ្រព្យសម្បត្តិទៅតាមនីតិវិធីច្បាប់។

- តើការបង្កកទ្រព្យសម្បតិ្តមានសារៈសំខាន់ដែរឬទេ?
ការរឹបអូស ឬបង្កកទ្រព្យសម្បត្តិ វាជាផ្នែកមួយសំខាន់សម្រាប់ប្រទេសជាតិ ដើម្បីរំខានដល់សកម្មភាពឧក្រិដ្ឋកម្ម ដោយរារាំងការចូលប្រើប្រាស់ទ្រព្យសម្បត្តិ ដែលមានប្រយោជន៍ដល់បុគ្គល ឬអង្គការដែលប្រព្រឹត្តបទឧក្រិដ្ឋ ឬអាចការពារទ្រព្យសម្បត្តិឧក្រិដ្ឋកម្មពីការជួលឱ្យប្រព្រឹត្តឧក្រិដ្ឋកម្មបន្តទៀត។ ការបង្កក ការរឹបអូស និងរឹបអូសទ្រព្យសម្បត្តិឧក្រិដ្ឋកម្ម ក៏ជាវិធានការរារាំងផងដែរ ព្រោះវាអាចកាត់បន្ថយប្រាក់ចំណេញពីការប្រព្រឹត្តឧក្រិដ្ឋកម្មពន្ធ។
តួយ៉ាង សព្វថ្ងៃនេះ រុស្ស៊ីកំពុងតែទទួលរងទណ្ឌកម្មជាច្រើនពីសំណាក់អន្តរជាតិតាមរយៈការបង្កកទ្រព្យសម្បត្តិផ្សេងៗរបស់មន្រ្តីរុស្ស៊ី និងមហាសេដ្ឋីរុស្ស៊ីជាច្រើននាក់ពីប្រទេសជាច្រើននៅក្នុងតំបន់អឺរុប អាស៊ី និងអាមេរិក ជាដើម។ ការដាក់ទណ្ឌកម្មតាមរយៈបង្កកទ្រព្យសម្បត្តិនេះ ជាវិធីសាស្រ្តមួយ ដើម្បីបិទសេដ្ឋកិច្ច និងដាក់គំនាបដល់រុស្សីឱ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕
អត្ថបទ៖ នាង រតនៈ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


