Connect with us

ព័ត៌មានជាតិ

ទង្វើក្លែងឯកសណ្ឋាន និងនិយាយវាយប្រហារដល់ទឹកចិត្តកងទ័ព តើត្រូវជាប់ទោសទណ្ឌបែបណា?

បានផុស

នៅ

ស្ថិតក្នុងស្ថានការណ៍ដែលកម្ពុជាកំពុងប្រឈមមុខដាក់គ្នាលើសមរភូមិព្រំដែនជាមួយប្រទេសថៃ សមរភូមិសតិអារម្មណ៍ ក៏បាននិងកំពុងបង្កើតឡើងនូវព័ត៌មានមិនពិតជាបន្តបន្ទាប់ ពិសេសដោយសារព័ត៌មានថៃមួយចំនួនតែម្ដង ដែលបានចុះផ្សាយព័ត៌មានបំផ្លើស។ កាន់តែសោកស្ដាយទៀតនោះ ជនជាតិខ្មែរមួយក្តាប់តូចក៏បែរជាបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីវាយប្រហារជាតិខ្លួនឯង ក្នុងចេតនាបំបាក់ទឹកចិត្ត និងកិត្តិយសកងទ័ពទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ គេបានឃើញគណនី Tik Tok និងបណ្ដាញហ្វេសប៊ុកមួយ ដែលត្រូវបានសមត្ថកិច្ចអះអាងថា ជាសកម្មជននយោបាយមាននិន្នាការប្រឆាំង ហើយមានតួនាទីជាប្រធានបណ្ដាញយុវជនកម្ពុជាសកលប្រចាំប្រទេសថៃ ឈ្មោះ អែម ពិសិដ្ឋ បានក្លែងបន្លំស្លៀកឯកសណ្ឋាកងទ័ពកាន់កាំភ្លើងបាញ់ទឹក ហើយថតជាវីដេអូប្រឌិតព័ត៌មានជុំវិញសភាពការណ៍តាមព្រំដែន ក៏ដូចជាការនិយាយខ្លឹមសារវាយប្រហារដល់ទឹកចិត្តកងទ័ព ជាដើម។

ទង្វើដែលប្រព្រឹត្តដោយបុគ្គលក្លែងឯកសណ្ឋានកងទ័ព និងការបំបាក់ទឹកចិត្តកងទ័ពបែបនេះ ច្បាប់របស់កម្ពុជា ក៏បានកំណត់អំពីការដាក់ទោសទណ្ឌផងដែរ។ អំពើប្រើប្រាស់ជាសាធារណៈ ដោយគ្មានសិទ្ធិនូវសម្លៀកបំពាក់ ឯកសណ្ឋាន អត្តសញ្ញាណបណ្ណ សញ្ញាសម្គាល់ យានយន្តនគរបាល ឬយោធា មានភាពប្រហាក់ប្រហែលគ្នានឹងសម្លៀកបំពាក់ ឯកសណ្ឋាន អត្តសញ្ញាណបណ្ណ សញ្ញាសម្គាល់ យានយន្តនគរបាល ឬយោធា ដែលអាចនាំឱ្យមានការភ័ន្តច្រឡំក្នុងស្មារតីនៃសាធារណជន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ១លានរៀល ដូចមានចែងក្នុងមាត្រា៦១៦ នៃក្រមព្រហ្មទណ្ឌ បទប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា។

ជាមួយគ្នានេះ មាត្រា៤៧២ នៃក្រមព្រហ្មទណ្ឌ បទធ្វើឱ្យខូចទឹកចិត្តកងទ័ព បានចែងថា «អំពើចូលរួមក្នុងការធ្វើឱ្យខូចទឹកចិត្តកងទ័ព ដើម្បីធ្វើឱ្យខូចខាតការការពារជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល»

ដោយឡែក ក្នុងមាត្រា៤២៥ បទក្លែងព័ត៌មាន គឺកំណត់ចែងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៤លានរៀល ចំពោះអំពើផ្តល់ ឬបើកកកាយព័ត៌មានក្លែង ដើម្បីធ្វើឱ្យជឿថា នឹងកើតមានឡើងនូវការបំផ្លិចបំផ្លាញ ការធ្វើឱ្យទ្រុឌទ្រោម ឬការធ្វើឱ្យខូចខាត ប្រកបដោយគ្រោះថ្នាក់ចំពោះមនុស្ស។

កន្លងទៅថ្មីៗនេះ បុគ្គលចំនួន៣រូប ដែលក្នុងនោះមានម្នាក់ ជាអ្នកសារព័ត៌មាន ឈ្មោះ ហង្ស សំណាង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅតុលាការរាជធានីភ្នំពេញផងដែរ ក្រោយបានបង្កើតមាតិការបែបចំអក មានសម្តែងឈុតជាយោធាស្លៀកពាក់មិនសមរម្យ និងធ្វើកិច្ចសម្ភាសន៍ឌឺដង ញុះញង់ បំបាក់ទឹកចិត្ត និងស្មារតីយោធា។ ទង្វើនេះ ត្រូវបានក្រសួងស្ថាប័នជំនាញ ចាត់ទុកថា មិនមែនេះជាទម្រង់នៃវិជ្ជាជីវអ្នកសារព័ត៌មានទេ តែជាសកម្មភាពញុះញង់ នាំឱ្យប៉ះពាល់ទឹកចិត្តកងទ័ព។

តុលាការ បានចោទប្រកាន់ជនទាំង៣ខាងលើ ពីបទល្មើសញុះញង់ឱ្យមានការរើសអើង បទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលនឹងយោធា ស្របតាមមាត្រា៤៩៤ មាត្រា៤៩៦​ មាត្រា ៤៧២​ និងមាត្រា ៦១៦​ នៃក្រមព្រហ្មទណ្ឌ​៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម