Connect with us

អត្ថាធិប្បាយ

បណ្ឌិត គិន ភា៖ ជនជាតិវៀតណាមមួយចំនួនព្យាយាមចាក់ទឹកត្រីលើដំបៅចាស់!

បានផុស

នៅ

កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវ​ការភ្ញាក់ផ្អើលជា​ខ្លាំង​ពេល​បើកមើលមតិយោបល់លើវីដេអូដែលសម្តេចបានបង្ហោះក្នុងបណ្ដាញសង្គម Tik Tok ដែលត្រូវបានជនជាតិវៀតណាមរាប់សិបនាក់ចូលមកជេរ។ ការជេរប្រមាថសម្តេចតេជោ តាម Tik tok ដោយជនជាតិវៀតណាមមួយចំនួននេះ ធ្វើឡើង​ក្រោយពេលដែលសម្តេចបាននិយាយរឿងព្រែកជីកហ្វូណនតេជោ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


សម្តេចតេជោបានសម្តែងចម្ងល់ថា តើជនជាតិវៀតណាមទាំងនោះជាអ្នកណា? វៀតណាមនៅក្នុងប្រទេសវៀតណាមឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាម​ឬ​អាណិកជនវៀតណាម​នៅកម្ពុជា ឬក៏បងប្អូនខ្មែរក្រោមដែលមានគណនី Tik Tok និងចេះវាយអក្សរវៀតណាមផង និងចេះអានអក្សរខ្មែរផង។

ជាមួយនឹងការសង្ស័យនិងភាពមិនច្បាស់លាស់បែបនេះ សម្តេចបានស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការ​ជាមួយសមត្ថកិច្ចវៀតណាមសហការស្រាវជ្រាវសមាសភាពនៃជនដែលចូលទៅជេរប្រមាថសម្តេចជាអ្នកណា។

ឥរិយាបថរបស់ជនជាតិវៀតណាមដែលចូលមកជេរប្រមាថសម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំ​ដ៏គួរ​ឱ្យ​គោរព​បំផុតរបស់កម្ពុជា គឺជាឥរិយាបថមួយមិនអាចទទួលយកបាន, ច្រឡោងខាម, ខ្វះការគោរព​ចំពោះទំនាក់ទំនងជាប្រពៃណីក្នុងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ, មិនគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីនៃប្រទេសកម្ពុជា, ខ្វះចំណេះដឹងប្រវត្តិសាស្ត្រអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។

បណ្ដុំរូបភាព ជនជាតិវៀតណាមបញ្ចេញមតិអសុរសក្នុងគណនីតិកតុកសម្ដេចតេជោ ហ៊ុន សែន។

ក្នុង​ប្រវត្តិសាស្ត្រ កម្ពុជា​បាន​បាត់បង់​ទឹកដី​ច្រើនណាស់ទៅប្រទេសវៀតណាម​។ ដែនដី​កម្ពុជា​ក្រោម​រាប់សិប​ខេត្ត រួមទាំង​ក្រុង​ព្រៃនគរ​ផង ដែល​មាន​ពលរដ្ឋ​ជាដើម​កំណើត​ខ្មែរ​រាប់លាន​នាក់​រស់នៅ​ទីនោះ​, និងកោះត្រល់​ដែលជា​កោះគជ់​ដ៏ឆើតឆាយ ដែល​មាន​ចម្ងាយ​តែ​ជាង១០​គីឡូ​ពី​ក្រុងកែប ក៏ ត្រូវបានគ្រប់គ្រងដោយ​ប្រទេស​វៀតណាម​ដែរ​។

កម្ពុជា​ក្រោម​ក្តី កោះត្រល់​ក្តី ទោះបី​បាត់បង់​ក្នុង​សម័យ​កាលណា​ក៏ដោយ ក៏​ប្រជាជន​កម្ពុជា​ជំនាន់​នេះ​ និង​ជំនាន់​ក្រោយៗ​ទៀត នៅ​តែ​មាន​ការឈឺចាប់ និង​ស្តាយស្រណោះ​ដែរ គឺ​ប្រៀបដូចជា​ការបាត់បង់​អវយវៈ​ចេញ​ពី​រាងកាយ​ដូច្នោះ​ដែរ​។

រូបថតកោះត្រល់។

ដូច្នេះ ជនជាតិវៀតណាម​ទាំងនោះមិនគួរ​យកគម្រោងព្រែកជីកហ្វូណនតេជោរបស់ខ្មែរ ដែលនឹងត្រូវសាងសង់នៅលើទឹកដីខ្មែរ មកបង្ក​ឱ្យ​មាន​ការឈឺចាប់​​​ដល់​ប្រជាជន​ខ្មែរ​នោះទេ​។ ជនជាតិ​វៀតណាមទាំងនោះ គួរ​តែគិតដល់​តម្លៃ​នៃ​ទំនាក់ទំនងនិង​មិត្តភាព​ក្នុង​ភាព​ជា​អ្នក​ជិតខាង​ល្អ មិនគួរ​ចាក់​ទឹកត្រី​ទៅលើ​ស្នាមរបួសចាស់​ដែលនាំឱ្យ​មាន​ការឈឺចាប់​កាន់តែខ្លាំងនោះទេ​។

តែយ៉ាងណា សង្ឃឹមថា ការជេរប្រមាថរបស់ជនជាតិវៀតណាមទាំងនោះ នឹងមិនប៉ះពាល់ដល់ទំនាក់​ទំនង​រវាង​កម្ពុជានិងវៀតណាមនោះទេ បើនេះមិនមែនជាការរៀបចំឬជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលវៀតណាម។ យើងនៅតែចងចាំនូវពាក្យស្លោកកាលពីសម័យសង្គ្រាមត្រជាត់ដែលវៀតណាមតែងតែប្រើប្រាស់ដើម្បីលើកតម្កើងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិរវាងកម្ពុជានិងវៀតណាមថា «ទោះបីភ្នំ​ទ្រឿងសឺង​រេចរិល ក៏​មិត្តភាព​កម្ពុជា-វៀតណាម នៅ​តែ​ស្ថិតស្ថេរ​រឹងមាំ​ដែរ»។

ប្លង់ នៃគម្រោងព្រែកជីកហ្វូណនតេជោ។

ដូច្នេះ ប្រទេស​ទាំងពីរ​ត្រូវ​ចេះ​រួមរស់​ជាមួយ​គ្នា​ដោយ​សុខ​សន្តិភាព ការគោរព​អធិបតេយ្យ ឯករាជ្យ និង​បូរណភាព​ទឹកដី​របស់​គ្នា និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ផង​គ្នា​ទៅវិញ​ទៅមក ឱ្យ​សក្តិសម​នឹង​ពាក្យស្លោក​នៃ​ទំនាក់ទំនង​ដែល​ប្រទេស​ទាំងពីរ ​បានអនុម័ត​គឺ​ «​ភាពជា​អ្នកជិតខាង​ល្អ មិត្តភាព ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​»។ ប្រទេស​ទាំងពីរ​ត្រូវត្រូវប្រកាន់ខ្ជាប់ជានិច្ច​នូវ​គោលការណ៍​បញ្ចសិលា​សន្តិសហវិជ្ជមានក្នុងទំនាក់ទំនងរបស់ខ្លួន និងត្រូវ​ទទួលស្គាល់សច្ចភាព​ប្រវត្តិសាស្ត្រ។ ប្រទេសទាំងពីរមិនត្រូវបណ្ដោយខ្លួនឱ្យធ្លាក់ក្នុងអន្ទាក់ភូមិសាស្ត្រនយោបាយនោះទេ៕

ដោយ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

សន្តិសុខសង្គម២៤ ម៉ោង មុន

ក្រុមក្មេងទំនើង៦នាក់ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សានៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម