Connect with us

ព័ត៌មានជាតិ

ខួប១ឆ្នាំនៃការឈឺចាប់៖ អ្នកជំនាញផ្តាំកូនខ្មែររក្សាសាមគ្គីភាព និងចងចាំទង្វើដែលថៃឈ្លានពានកម្ពុជា

បានផុស

នៅ

គិតពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មកដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ គឺរយៈពេល១ឆ្នាំគត់ ដែលថៃបានបាញ់ប្រហារលើវីរកងទ័ពកម្ពុជា លោក សួន រ៉ោន ក្នុងលេណដ្ឋានក្នុងទឹកដីខ្មែរ នៅតំបន់មុំបី ខេត្តព្រះវិហារ ដែលឈានបង្កឱ្យមានការប្រយុទ្ធគ្នាខ្លាំងក្លាចំនួន ២លើក ក្នុងឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះ បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងបណ្ឌិត ជ័យ តិច អ្នកជំនាញកិច្ចការអន្តរជាតិ បានសរសេរសំណេរលើទំព័រហ្វេសប៊ុករបស់លោក រឭកកូនខ្មែរឱ្យចងចាំប្រវត្តិសាស្ត្រឈ្លានពាន ការឈឺចាប់ ព្រមទាំងពង្រឹងសាមគ្គីភាព​ ចេះស្រឡាញ់គ្នា ជួយគ្នា និងគាំទ្រផលិតផលជាតិឱ្យបានច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិត គិន ភា បានសរសេរសំណេរនៅថ្ងៃទី២៨ នេះថា៖ “ព្រឹត្តិការណ៍សោកសៅនេះ គឺជា​ដំបៅប្រវត្តិសាស្ត្រ​ដ៏ឈឺចាប់ដែលប្រជាជាតិខ្មែរត្រូវតែរួមគ្នាចងចាំ ​និងភ្ញាក់រលឹកជានិច្ច”។ លោកបន្ថែមទៀតថា៖ “សកម្មភាពឈ្លានពានរបស់សត្រូវតាមរយៈការរំលោភបទឈប់បាញ់ ការដាក់កុងតឺន័រ ការរាយលួសបន្លាបិទខ្ទប់ផ្ទះសម្បែង​និងស្រែចម្ការ ការបង្កវិបត្តិមនុស្សធម៌ដែលប្រជាពលរដ្ឋស៊ីវិលខ្មែរជាងកន្លះលាននាក់ត្រូវភៀសខ្លួន និងការប្រើវោហាសាស្ត្រក្រអឺតក្រទមបែប​រដ្ឋទំនើង​របស់លោក អានុទីន នាយកដ្ឋមន្ត្រីថៃ គឺជាការអនុវត្តយុទ្ធសាស្ត្របង្កើតអង្គហេតុជាក់ស្តែងនៅលើដី (Fait Accompli) ក្នុងបំណងលេបត្របាក់ទឹកដីកម្ពុជាទាំងបំពាន”។  

ចំពោះការឈ្លានពាន ល្បិចកិច្ចកល ដែលថៃបានធ្វើមកលើកម្ពុជា លោកបណ្ឌិត គិន ភា បានផ្តាំទៅកូនខ្មែរគ្រប់រូបថា ត្រូវតែរួបរួមគ្នា ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងប្រទេសឱ្យរឹងមាំដើម្បីការពារជាតិមាតុភូមិ។ ជាមួយគ្នានេះ ក៏ត្រូវគាំទ្រជំហររបស់រាជរដ្ឋាភិបាលដែលប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ និងដំណោះស្រាយដោយសន្តិវិធី។ កូនខ្មែរត្រូវចូលរួមតស៊ូលើសមរភូមិព័ត៌មាន ប្រឆាំងអំពើពុករលួយ និងរួមគ្នាពហិការផលិតផលពីប្រទេសឈ្លានពាន ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាឱ្យស្ថិតស្ថេរ។

រយៈពេល ១ឆ្នាំ ដែលថៃឈ្លានពានកម្ពុជា បណ្ឌិត ជ័យ តិច បានលើកឡើងថា៖ “ថ្ងៃនេះ គម្រប់ខួប១ឆ្នាំដែលថៃបើកការឈ្លានពានលើកម្ពុជា៖ ថ្នាក់ដឹកនាំ អ្នកនយោបាយ និងប្រជាជនទាំងអស់បានភ្ញាក់ខ្លួន បានពង្រឹងសាមគ្គីភាព ស្រឡាញ់គ្នា ជួយគ្នា សន្តោសប្រណីគ្នា បង្កើនមនសិការជាតិ បង្កើនការផលិត-ការគាំទ្រផលិតផលក្នុងស្រុក កម្ចាត់ចោលអាជីវកម្មខ្មៅ-ប្រផេះនិងអ្នកពាក់ព័ន្ធ ពង្រឹងវិស័យយោធា និងកំណែទម្រង់។ល។”

សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ភាគីថៃបានបាញ់មកលើ ព្រឹន្ទបាលឯក សួន រ៉ោន ដែលកំពុងតួនាទីការពារព្រំដែននៅតំបន់មុំបី ខេត្តព្រះវិហារ។ ក្រោយមកក៏ឈានដល់ការតានតឹងផ្នែកការទូត សង្គ្រាមពាណិជ្ជកម្ម ដែលនាំឱ្យមានភាពតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើឱ្យផ្ទុះសង្គ្រាមទ្រង់ទ្រាយធំនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ថៃ បានបាញ់ប្រហារមកកម្ពុជាប្រដាប់ដោយអាវុធទំនើបៗ ធ្វើឱ្យប៉ះពាល់ដល់ជនស៊ីវិល បំផ្លាញទ្រព្យសម្បត្តិពលរដ្ឋកម្ពុជា កម្ទេចហេដ្ឋារចនាសម្ព័ន្ធ ប្រាសាទបុរាណ សាលារៀន វត្តអារាម មន្ទីរពេទ្យ រហូតមកដល់បច្ចុប្បន្ន ពលរដ្ឋកម្ពុជារាប់ម៉ឺននាក់តាមតំបន់ព្រំដែននៅបន្តភៀសសឹក មិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញបាននៅឡើយទេដោយសារតំបន់រស់នៅខ្លះមិនទាន់មានសុវត្ថិភាព និងមានការរារាំងពីកងកម្លាំងថៃតាមរយៈការដាក់ពង្រាយបន្លាលួស និងទូរកុងតឺន័រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម